លោកអភិបាល អូលីវីយ៉េ ឱ្យគ្រីស្តបរិស័ទក្លាយជា អ្នកសាងសន្តិភាព និងស្ពានចម្លង តាមគំរូលោកឪពុក ប៊ូយៀប
ក្នុងពិធីបុណ្យរំលឹកខួបមរណភាពលើកទី ៨០ របស់លោកពុក ហ្វ្រង់ស័រ ប៊ូយៀប កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានធ្វើធម្មទេសនា ដោយលើកតម្កើងវីរភាពនៃការលះបង់ជីវិតព្រោះតែជំនឿ និងការកសាងសុខសន្តិភាពក្នុងសង្គម។
ក្នុងបរិយាកាសដ៏វិសុទ្ធដែលមានការចូលរួមពីសំណាក់គ្រីស្តបរិស័ទ ពុទ្ធបរិស័ទ និងបងប្អូនចម្រុះជាតិសាសន៍ លោកអភិបាលបានរំលឹកថា ជីវិតរបស់លោកឪពុក ប៊ូយៀប គឺជាសាក្សីរស់នៃសេចក្តីស្រឡាញ់ដែលគ្មានព្រំដែនរបស់ព្រះជាម្ចាស់។
លោកអភិបាលបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ១៩៤៦ នៅពេលដែលលោកពុក ប៊ូយៀប ត្រូវបានគេចាប់ខ្លួនជាមួយគ្រីស្តបរិស័ទ ៧០ នាក់ផ្សេងទៀត។ ក្នុងស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់ លោកពុកបានពោលពាក្យដ៏រំជួលចិត្តថា៖ «សូមយកខ្ញុំតែម្នាក់ ហើយសូមដោះលែងគ្រីស្តបរិស័ទទាំង ៧០ នាក់ចុះ»។ ការបូជាជីវិតនេះគឺជា «មរណសាក្សីជាក់ស្តែង» ដែលបង្ហាញពីការស្រឡាញ់បងប្អូនរហូតដល់ហ៊ានប្តូរជីវិត។
ឆ្លងតាមរយៈគំរូជីវិតរបស់លោកពុក ប៊ូយៀប លោកអភិបាល អូលីវីយ៉េ បានបង្ហាញនូវចំណុចសំខាន់ៗចំនួន ៣ ដើម្បីឱ្យមនុស្សជាតិរស់នៅក្នុងសុខដុមរមនា៖
- ការទទួលស្វាគមន៍ដោយគ្មានការរើសអើង៖ លោកអភិបាលបានសង្កត់ធ្ងន់ថា យើងត្រូវកសាង «ស្ពាន» រវាងមនុស្សនិងមនុស្ស។ មិនថាខ្មែរ វៀតណាម ឬជនបរទេស មិនថាអ្នកមានសាសនា ឬគ្មានសាសនា យើងទាំងអស់គ្នាគឺជាបងប្អូនបង្កើត និងជាគ្រួសារតែមួយនៅលើផែនដី។
- ការចេះលើកលែងទោស៖ សន្តិភាពមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែគឺជាការរស់នៅក្នុងសុខដុមរមនា ការចេះសន្ទនា និងការអត់ឱនឱ្យគ្នាទៅវិញទៅមក។
- កម្លាំងនៃការអធិស្ឋាន៖ លោកអភិបាលបានលើកឡើងដោយផ្អែកលើតថភាពបច្ចុប្បន្នថា ទោះបីសាំងឡើងថ្លៃ ប៉ុន្តែ «សាំងនៃការអធិស្ឋាន» គឺមិនគិតថ្លៃឡើយ។ ការអធិស្ឋានគឺជាប្រភពថាមពលដ៏សំខាន់បំផុតដែលជួយឱ្យយើងមានកម្លាំងតស៊ូក្នុងជីវិត។
ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិសង្គ្រាមនៅតាមតំបន់នានា លោកអភិបាលបានក្រើនរំលឹកថា ក្នុងរដូវ ៤០ ថ្ងៃនេះ គឺជាពេលវេលាដែលយើងត្រូវធ្វើដំណើរជាមួយព្រះយេស៊ូ ដើម្បីកែប្រែចិត្តគំនិត។ លោកបានមានប្រសាសន៍ថា៖ «ទុក្ខវេទនានាំឱ្យយើងចេះអត់ធ្មត់ ការអត់ធ្មត់នាំឱ្យយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំឱ្យយើងមានសេចក្តីសង្ឃឹម»។
អភិបាលអូលីវីយ៉េ បានសុំឱ្យគ្រីស្តបរិស័ទគ្រប់រូប ក្លាយជាសញ្ញាសម្គាល់នៃសុខសន្តិភាព និងមេបង្ហាញមេត្តាករុណារបស់ព្រះជាម្ចាស់ជានិច្ច។
លោកឪពុកហ្វ្រង់ស័រសាវីយ៉េ ទ្រឿង ប៊ូយៀប ធ្លាប់បានបម្រើការងារនៅក្នុងព្រះសហគមន៍ផ្លូវត្រីកាលពីមុន។ លោកត្រូវបានគេសម្លាប់នៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤៦។
បុរីវ៉ាទីកង់នឹងប្រកាសតែងតាំង លោក ទ្រឿង ប៊ូយៀប ជាអ្នកមានសុភមង្គល នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕
ដោយកែវ កញ្ញា