លោកអភិបាលព្រះសហគមន៍ឥណ្ឌូនេស៊ីមួយរូបបញ្ជាក់ថា អំពើជួញដូរមនុស្សកើតឡើងដោយសារភាពក្រីក្រ
នៅក្នុងសិក្ខាសាលាអន្តរជាតិមួយស្តីពីជនចំណាកស្រុក លោកអភិបាលនៃព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ីមួយរូបបានព្រមានថា ភាពក្រីក្រអាចបើកផ្លូវឱ្យការជួញដូរមនុស្សកាន់តែរីករាលដាលធំធេងឡើង។
លោកអភិបាល អេឌ្រីយ៉ានុស ស៊ូណារកូ (Adrianus Sunarko) នៃព្រះសហគមន៍កាតូលិកភូមិភាគ ប៉ាងកាល់ពីណាំង (Pangkalpinang) នៃប្រទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា ភាពក្រីក្រ វិបត្តិនៃការគ្មានការងារធ្វើ និងការលំបាកផ្នែកសេដ្ឋកិច្ច អាចធ្វើឱ្យជនចំណាកស្រុក និងក្រុមមនុស្សងាយរងគ្រោះដទៃទៀត ក្លាយជាគោលដៅរបស់ក្រុមជួញដូរមនុស្ស។
លោកបានព្រមានបែបនេះ នៅក្នុងពិធីថ្វាយអភិបូជាដែលជាផ្នែកមួយនៃកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពីការធ្វើចំណាកស្រុក ដែលបានរៀបចំឡើងកាលពីថ្ងៃទី ២០ ខែកញ្ញា កន្លងទៅថ្មីៗនេះ។
លោកអភិបាលបានដកស្រង់ផ្នែកមួយនៃព្រះគម្ពីរដំណឹងល្អ ដែលនិទានអំពីជីវិតកម្មករនៅក្នុងចម្ការទំពាំងបាយជូរមួយ ដោយរឿងប្រៀបប្រដូចនេះបង្ហាញពីសារៈសំខាន់នៃការផ្តល់ឱកាសដល់មនុស្សដែលកំពុងជួបការលំបាកក្នុងការស្វែងរកការងារធ្វើ។
លោកអភិបាលមានប្រសាសន៍ថា បុគ្គលនៅក្នុងរឿងប្រៀបប្រដូចនោះពិតជាមានសំណាងណាស់ ដែលទោះបីជាដល់ម៉ោង ៥ ល្ងាចទៅហើយក្តី ក៏នៅតែមានគេហៅឱ្យចូលធ្វើការងារដែរ។ លោកអភិបាលបានបន្តថា ប្រសិនបើគ្មានឱកាសបែបនេះទេ មនុស្សដែលងាយរងគ្រោះអាចនឹងធ្លាក់ខ្លួនក្លាយជាគោលដៅរបស់ក្រុមជួញដូរមនុស្ស ដែលតែងតែស្វែងរកឱកាសកេងប្រវ័ញ្ចលើអ្នកជាប់ក្នុងភាពក្រីក្រ។
លោកអភិបាលបានបញ្ជាក់បន្ថែមថា ឆន្ទៈរបស់ម្ចាស់ចម្ការទំពាំងបាយជូរក្នុងការផ្តល់ការងារដល់អ្នកងាយរងគ្រោះទាំងនេះ គឺជាមេរៀនមួយស្តីពីចិត្តសប្បុរស និងសេចក្តីថ្លៃថ្នូររបស់មនុស្សលោក។ ម្ចាស់ចម្ការទំពាំងបាយជូរមានទឹកចិត្តផ្តល់ជូនលើសពីអ្វីដែលគេរំពឹងទុក ហើយឆន្ទៈ និងចិត្តសប្បុរសធម៌នេះហើយ គឺជាសារដ៏មានតម្លៃសម្រាប់មនុស្សយើងនៅក្នុងសម័យបច្ចុប្បន្ន។
លោកបានជំរុញឱ្យគ្រីស្តបរិស័ទកុំត្រឹមតែមានអារម្មណ៍អាណិតអាសូរ ឬផ្តល់ជំនួយដល់ជនចំណាកស្រុកបន្ទាប់ពីបញ្ហាបានកើតឡើងរួចនោះឡើយ ប៉ុន្តែត្រូវរួមគ្នារិះគិតអំពីការបង្កើតឱកាសការងារ ដើម្បីឱ្យពួកគេអាចរកប្រាក់ចំណូលចិញ្ចឹមជីវិត និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ដែលនេះជាដំណោះស្រាយចម្បងមួយក្នុងការទប់ស្កាត់កុំឱ្យពួកគេងាយរងគ្រោះពីការកេងប្រវ័ញ្ច។
លោកអភិបាលក៏បានលើកឡើងផងដែរអំពីតួនាទីដ៏សំខាន់របស់អ្នកស្ម័គ្រចិត្ត ដែលតែងតែនៅក្បែរ និងជួយគាំទ្រដល់ជនចំណាកស្រុក ក៏ដូចជាអ្នកដែលរស់នៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួន។
