លោកវ្លាឌីមៀពូទីន បញ្ជារថភ្លើងឡើងឆ្កួត ដែលវាលែងអាចឈប់បាន
ពាក្យថា ប្រយុទ្ធទាល់តែដល់ពួកគេអស់កម្លាំង មិនត្រូវក្លាយជាការពិតទេ។ ជនជាតិអឺរ៉ុប ត្រូវតែពង្រឹងការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគៀវ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានឡើងថ្លែងសន្ទរកនៅសន្និសីទសុវត្ថិភាព នៅទីក្រុងមុយនីច ប្រទេសអាឡឺម៉ង់។ ជាមួយនិងសម្លេងយ៉ាងដាច់ខាត លោកសន្យាថា ៖ “អ៊ុយក្រែននឹងការពារទឹក ដី ទោះបីមាន ឬគ្មានការគាំទ្រពីដៃគូ”។ កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កងទ័ពរបស់រុស្ស៊ី បានបោលសម្រុកប្រមូលផ្តុំតាមព្រំដែនអ៊ុយក្រែន។ ៤ឆ្នាំ ក្រោយមក គឺនៅតែជាបុរសមួយរូបដែលមានពុកមាត់ មុខមាត់ចាស់ និងអស់កម្លាំង ពាក់សម្លៀកបំពាក់ពណ៌ខ្មៅទាំងស្រុង ដែលនៅលើវេទិកាដដែល នៅតែស្នើសុំឲ្យដៃគូអឺរ៉ុប និងអាម៉េរិកផ្តល់ការធានាសុវត្ថិភាពរឹងមាំ មុនពេលមានការឈប់បាញ់ណាមួយ នោះគឺលោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ បួនឆ្នាំ នៅក្នុងនរកនៃសង្រ្គាមនៅអ៊ុយក្រែន ទាហានអ៊ុយក្រែនហែវហត់ ដោយសារការវាយប្រហារអត្តឃាតនៃកងកម្លាំងរុស្ស៊ី ទាហានរាប់សិបម៉ឺននាក់បានស្លាប់ និងរបួស ចំណែកជនស៊ីវិលត្រូវបានរំខានជានិច្ចដោយការទម្លាក់គ្រាប់បែកមិនឈប់ឈរ និងប្រទេសមួយដែលត្រូវបានហែកហួរដោយសង្រ្គាម។
នៅខណៈដែលវគ្គចរចាជាច្រើនទៀត ទើបតែបានចាប់ផ្តើមធ្វើឡើងនៅទីក្រុងហ្ស៉ឺណេវ គ្មាននរណាម្នាក់ទំនងជឿថាមានសន្តិភាពទេ។ សូម្បីតែរដ្ឋបាលរបស់អាម៉េរិក ក៏នៅតែបណ្តោយឲ្យលោកពូទីនបន្តការវាយប្រហារកាប់សម្លាប់ជានិច្ច។ ទោះបីជាយ៉ាងណា រាល់សញ្ញាតែងបង្ហាញថា សង្រ្គាមនឹងមិនបញ្ឈប់ត្រឹមព្រំដែនតំបន់ដុនបាសទេ។ ការវាយប្រហាររបៀបកូនកាត់បានរីករាលដាលដល់អឺរ៉ុប ជាភស្តុតាង គឺមានការវាយប្រហារថ្មីៗរបស់រុស្ស៊ីប្រឆាំងនឹងរចនាសម្ព័ន្ធថាមពល និងផ្លូវដែករបស់ប៉ូឡូញ។
យោងតាមសារព័ត៌មាន ហ្វាយនេនស្យល់ ថែមស៍ Financial Times បានឲ្យដឹងថា សមាជិកនៃអតីតក្រុមទាហានប៉ារ៉ាវ៉ាកនើ កំពុងព្យាយាមជ្រើសរើសទីភ្នាក់ងារចារកម្មនៅទ្វីបអឺរ៉ុបដើម្បីប្រព្រឹត្តិសកម្មភាពអំពើហិង្សា។ នេះគឺជាភាពវេទនារបស់ជនជាតិអឺរ៉ុប ជាមួយនឹងការព្រួយបារម្ភដែលកាន់តែរីកធំ។ លោកពូទីនកំពុងបញ្ជារថភ្លើងឡើងឆ្កួត ដែលវាមិនអាច មិនចង់ និងលែងអាចឈប់បាន ដោយលះបង់មួយផ្នែកដ៏ធំនៃធនធានរបស់ខ្លួនសម្រាប់សង្រ្គាម ។
យោងតាមពាក្យរបស់លោកហ្ស៉េឡេនស្គី ពូទីន គឺជាទាសករសង្រ្គាម និងជានិច្ចកាលលោកពូទីនជឿថា ពេលវេលានឹងផ្តល់ភាពអនុគ្រោះសម្រាប់រូបលោក ជាពិសេសនៅពេលដែលគណបក្សស្តាំនិយមជ្រុល ដែលមានទំនាក់ទំនងល្អជាមួយលោក អាចឡើងមកកាន់អំណាចនៅបារាំង និងអាឡឺម៉ង់ ហើយអាម៉េរិកនៃរដ្ឋកាលលោកត្រាំ អាចនឹងបោះបង់ចោលទីក្រុងគៀវ។
លោកពូទីនចាប់ផ្តើមនូវសង្រ្គាមឆ្នាំទី៥ ទោះបីជាលទ្ធផលនៃសង្រ្គាមកន្លងមកមានភាពគួរឲ្យអាណិតសម្រាប់រុស្ស៊ី ដែលនៅតែគ្រប់គ្រងទឹកដីអ៊ុយក្រែន បានតែ ២០% ហើយកងទ័ពរុស្ស៊ីក៏បានបង្ហាញឲ្យឃើញនូវរូបភាពកាន់តែច្បាស់ឡើងៗនៃភាពទន់ខ្សោយ។ ប្រទេសរុស្ស៊ីមានការលំបាកនឹងរកទាហានមកជំនួសទាហានដែលស្លាប់ ហើយសេដ្ឋកិច្ចរុស្ស៊ីក៏កំពុងរអិលធ្លាក់ចុះ។ ឆ្នាំ២០២៥ រុស្ស៊ីមានកំណើនសេដ្ឋកិច្ចតែ ១% ឬទាបជាង ៤ដង នៃឆ្នាំ២០២៤។
មិនមាននរណាអាចដឹងថា តើទីក្រុងគៀវ ឬមូស្គ នឹងដួលរលំមុននោះទេ។ ក្នុងពេលទន្ទឹងរង់ចាំ អ៊ុយក្រែនត្រូវតែឈមានជំហរ និងបញ្ចុះបញ្ចូលអឺរ៉ុប ដែលពួកគេក៏មិនមានជម្រើសអ្វីក្រៅពីការគាំទ្រអ៊ុយក្រែនបន្ថែមនោះដែរ។ ដូចដែលប្រធានាធិបតីអ៊ុយក្រែន ធ្លាប់បានរៀបរាប់ប្រាប់សារព័ត៌មានបារាំង ឡិកប្រេស (L’Express) កាលពីឆ្នាំ២០២២ ថា សង្រ្គាមគឺជាដុំសាច់មហារីក។ ប្រសិនបើយើងមិនអាចទទួលជោគជ័យយកវាចេញ វានឹងអភិវឌ្ឍទៅដល់គ្រប់ទីកន្លែង។ ហើយការព្រមាននេះតែងតែស្ថិតនៅជានិច្ច។