លោកបូជាចារ្យឥណ្ឌាម្នាក់ស្នើព្រះសហគមន៍អាស៊ីពិចារណាផ្តល់តួនាទីដ៏ត្រឹមត្រូវដល់ស្ត្រី
លោកបូជាចារ្យ សេឌ្រិច ប្រាកាស (Cedric Prakash) សមាជិកនៃក្រុមសាសនទូតជេស្វីតនៅរដ្ឋគុជរ៉ាត (Gujarat) ភាគខាងលិចប្រទេសឥណ្ឌា បានស្នើឱ្យថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិកអាស៊ីពិចារណាអំពីតួនាទីដែលស័ក្តិសមសម្រាប់ស្ត្រី។
ថ្លែងទៅកាន់វិទ្យុ Veritas Asia នៅមុនពេលដែលក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកអាស៊ីត្រូវមកជួបជុំគ្នានៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១២ នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី លោកបានលើកឡើងថា គ្រីស្តបរិស័ទនៅអាស៊ីគួរឆ្លងកាត់ការពិនិត្យសតិសម្បជញ្ញៈយ៉ាងពិតប្រាកដ ប្រសិនបើខ្លួនចង់ក្លាយជាព្រះសហគមន៍ដែលបើកទូលាយ និងជាអ្នកផ្សព្វផ្សាយដំណឹងល្អកាន់តែប្រសើរ។
លោកបូជាចារ្យដែលជាអ្នកដើរតួនាទីជួរមុខក្នុងការលើកកម្ពស់ និងធ្វើឱ្យការយល់ដឹងអំពីសេចក្តីថ្លៃថ្នូររបស់ស្ត្រីនៅក្នុងប្រទេសឥណ្ឌាកាន់តែស៊ីជម្រៅ បានលើកឡើងថា ព្រះសហគមន៍កាតូលិកអាស៊ីគួរតែ "ផ្តល់ឱ្យស្ត្រីនូវកន្លែងត្រឹមត្រូវរបស់ពួកគេ" និងទប់ស្កាត់រាល់គ្រប់ទម្រង់នៃការរើសអើង។
លោកបូជាចារ្យបានអះអាងថា ការប្រែចិត្តគំនិត និងការរស់នៅតាមព្រះគម្ពីរពិតប្រាកដ តម្រូវឱ្យយកចិត្តទុកដាក់លើការកែទម្រង់រចនាសម្ព័ន្ធ ហើយវាក៏ទាមទារឱ្យមានឆន្ទៈក្នុងការស្តាប់ និងឱបក្រសោបការផ្លាស់ប្តូរនៅក្នុងពន្លឺនៃដំណឹងល្អ។
លោកបានមានប្រសាសន៍ថា ព្រះសហគមន៍នៅអាស៊ីត្រូវធ្វើការស្វែងយល់ពីព្រលឹងខ្លួនឯង ការពិនិត្យសតិសម្បជញ្ញៈ និងមានផ្នត់គំនិតដ៏ត្រឹមត្រូវ។