លោកដូណាល់ ត្រាំ ព្រមានថា អ៊ីរ៉ង់នឹងមិនសល់អ្វីទាំងអស់ ប្រសិនបើទីក្រុង តេអេរ៉ង់ មិនទទួលយកកិច្ចព្រមព្រៀង

កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា លោកដូណាល់​ ត្រាំ បានព្រមានដោយសរសេរនៅលើ​បណ្តាញសង្គម ទ្រូត្ហ៍ សូស្យល (Truth Social) របស់លោកថា អ៊ីរ៉ង់នឹងមិនសល់អ្វីឡើយ ប្រសិនបើទីក្រុងតេអេរ៉ង់មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក នៅ ខណៈដែលកិច្ចចរចារវាងប្រទេសទាំងពីរជួបឧបសគ្គ ទៅមិនរលូន។

ប្រធានាធិបតីអាម៉េរិក បានព្រមានថា ៖ “សម្រាប់អ៊ីរ៉ង់ ពេលវេលាមិនរង់ចាំទេ។ ពួកគេយកល្អ​ត្រូវតែប្រតិកម្មឲ្យបានរហ័ស ប្រសិនបើមិនដូច្នេះទេ ពួកគេនឹងមិនមាននៅសល់អ្វីទេ។

កាលពីថ្ងៃអាទិត្យដែរ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនបានផ្តល់​នូវ​ការធ្វើសម្បទានណាមួយជាក់ស្តែងទេ នៅក្នុងការឆ្លើយតបរបស់ពួកគេ ចំពោះសំណើអ៊ីរ៉ង់ មានជាអាទិ៍​លើសំណុំរឿងនុយក្លេអ៊ែរ ដែលជាប្រធានបទខ្វែងគំនិតគ្នាដ៏ធំរវាងប្រទេសទាំង ពីរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានអាជ្ញាធរអ៊ីរ៉ង់ (Fars) បានរៀបរាប់ឲ្យដឹងថា សហរដ្ឋអាម៉េរិក បានបង្ហាញនូវបញ្ជីនៃការទាមទារ ៥ចំនុច មានជាអាទិ៍ អ៊ីរ៉ង់មិនត្រូវមានមជ្ឈមណ្ឌល នុយក្លេអ៊ែរណាមួយដែលធ្វើសកម្មភាព និងត្រូវផ្ទេរស្តុកអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់កម្រិត ខ្ពស់របស់ខ្លួន​មកឲ្យទីក្រុងវ៉ាស៊ីនតុន។

វិលមកកាន់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃអាទិត្យ ការិយាល័យនៃប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលតំបន់ អាប៊ូ ដាប៊ី បានប្រកាសថា អគ្គីភ័យមួយបានឆាបឆេះបន្ទាប់ពីមានការវាយ ប្រហារដោយដ្រូន​នៅជិតរោងចក្រនុយក្លេអ៊ែរ បារ៉ាកា នៅប្រទេសអារ៉ាបរួម អេមីរ៉េត ប៉ុន្តែមិន​មាន​បង្កឲ្យមានរបួស ឬការកើនឡើងនូវជាតិ​វិទ្យុសកម្មទេ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនេះ បានបញ្ជាក់ថា អាជ្ញាធរ អាប៊ូ ដាប៊ី បានធ្វើអន្តរាគមន៍​​ពន្លត់​អគ្គីភ័យដែលកើតមានឡើងនៅក្នុងម៉ាស៊ីនភ្លើងមួយ​ដែលស្ថិតនៅខាងក្រៅពីតំបន់ខាងក្នុង​នៃ​រោងចក្រនុយក្លេអ៊ែរ បារ៉ាកា បន្ទាប់ពីមានការវាយប្រហារដោយដ្រូនមួយ។

បើយោងតាមប្រភពដដែល បានឲ្យដឹងថា មិនមានអ្នករបួសណាមួយត្រូវបានរាយការណ៍ទេ ហើយក៏គ្មានការប៉ះទង្គិចលើកម្រិតនៃសុវត្ថិភាពសារជាតិវិទ្យុសកម្មត្រូវបានសន្និដ្ឋានរកឃើញដែរ។

ប្រទេសអារ៉ាបរួម អេមីរ៉េត បានបរិហារលើការវាយប្រហារ​ដោយដ្រូន​ដែលបានបង្កឲ្យមាន​អគ្គីភ័យជិតតំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរ បារ៉ាកា នៅភាគខាងលិចនៃប្រទេស ដោយមិន បាន​បញ្ជាក់ថា នរណាជាអ្នកវាយប្រហារនោះទេ។

ក្រសួងការបរទេសនៃប្រទេសអារ៉ាបរួម អេមីរ៉េត បានវាយតម្លៃថា រឿងនេះបង្កជាការផ្ទុះឡើង នូវភាពតានតឹងដ៏គ្រោះថ្នាក់ ជាទង្វើរំលោភបំពានមិនអាចទទួល​យកបាន និងជាការ​គំរាមកំហែង ផ្ទាល់សម្រាប់សន្តិសុខរបស់ប្រទេស។ ក្រសួងបញ្ជាក់ដែរថា មិនមានការ​គំរាមកំហែងលើសន្តិសុខ និងអធិបតេយ្យភាពណាមួយ នឹងត្រូវអត់ឱនឡើយ មិនថា​នៅ​កាលៈទេសៈណាក៏ដោយ។

នៅក្នុងសារមួយដែលដាក់លើបណ្តាញសង្គមអ៊ិក X អគ្គនាយកនៃទីភ្នាក់ងារអន្តរជាតិសម្រាប់ ថាមពលអាតូមិក លោករ៉ាហ្វ៉ាអែល ហ្គ្រូស៊ី បានសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ បន្ទាប់ពីមានការវាយប្រហារដោយដ្រូន​នៅជិត​រោងចក្រនុយក្លេអ៊ែរ បារ៉ាកា នៅប្រទេសអារ៉ាប​រួម អេមីរ៉េត។

ប្រធាននៃទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសម្រាប់សន្តិសុខនុយក្លេអ៊ែរ បានបន្ថែមថា ៖ “រាល់សកម្មភាពយោធាដែលគំរាមដល់សុវត្ថិភាពនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានទេ”។ លោក​បាននិយាយថា បានទទួលព័ត៌មានពីប្រទេសអារ៉ាបរួម ថា កម្រិតនៃជាតិវិទ្យុសកម្ម​នៅ​រោងចក្រ​នុយក្លេអ៊ែរបារ៉ាកា ស្ថិតនៅធម្មតាទេ។

 

 

Daily Program

Livesteam thumbnail