លោកកាឌីណាល់ David៖ បេសកកម្មរបស់ព្រះសហគមន៍គឺកសាងពិភពលោកមួយដែលមានលក្ខណៈជាមនុស្សធម៌
នៅក្នុងការថ្លែងកាលពីថ្ងៃទី ២៤ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មាននៃមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា លោកកាឌីណាល់បាប្លូ វើហ្គីលីយ៉ូ អេស ដេវីឌ (Pablo Virgilio S. David) អនុប្រធាន FABC បានមានប្រសាសន៍ថា ជោគជ័យរបស់ព្រះសហគមន៍កាតូលិកនៅអាស៊ីមិនត្រូវវាស់វែងដោយកំណើនចំនួនសមាជិកនោះទេ ប៉ុន្តែគឺវាស់វែងដោយការប្តេជ្ញាចិត្តក្នុងការការពារកិត្តិយសរបស់មនុស្ស ការលើកកម្ពស់សន្តិភាព និងការធ្វើជាអ្នកកសាងស្ពាននៅក្នុងពិភពលោកដែលកំពុងមានការបែកបាក់។
លោកកាឌីណាល់ ដាវីឌ បានសង្កត់ធ្ងន់ថា ព្រះសហគមន៍កាតូលិកនៅតែជាស្ថាប័នសកលដ៏រឹងមាំមួយក្នុងចំណោមស្ថាប័នតិចតួច ដែលអាចធ្វើជាសំឡេងសីលធម៌សម្រាប់សន្តិភាព ការសន្ទនា និងការសម្រុះសម្រួល។
ការផ្សព្វផ្សាយដំណឹងល្អមិនគួរត្រូវកាត់បន្ថយមកត្រឹមតែការកើនឡើងនៃចំនួនគ្រីស្តបរិស័ទកាតូលិកនោះទេ។ ផ្ទុយទៅវិញ ការត្រាស់ហៅចម្បងរបស់ព្រះសហគមន៍គឺការបញ្ជាក់ពីកិត្តិយសដែលព្រះបានប្រទានមកដល់មនុស្សគ្រប់រូប និងការអមដំណើរមនុស្សជាតិក្នុងការកសាងសង្គមមួយដែលផ្អែកលើអត្ថន័យនៃយុត្តិធម៌ និងសាមគ្គីភាព។
លោកកាឌីណាល់ ដាវីឌបានកត់សម្គាល់ថា «យើងត្រូវបានត្រាស់ហៅឱ្យក្លាយជាឋានសួគ៌» ព្រោះព្រះរាជ្យរបស់ព្រះជាម្ចាស់នឹងស្តែងចេញឱ្យឃើញនៅគ្រប់ទីកន្លែងណាដែលកិត្តិយសរបស់មនុស្សត្រូវបានលើកតម្កើង យុត្តិធម៌សង្គមត្រូវបានស្វែងរក និងប្រយោជន៍រួមត្រូវបានការពារ។
ដោយលើកយកទស្សនវិជ្ជាជាតិរបស់ឥណ្ឌូនេស៊ី មកធ្វើជាគំរូដ៏ប្រពៃ លោកកាឌីណាល់ ដាវីឌបានកោតសរសើរពីរបៀបដែលក្រុមសាសនា និងវប្បធម៌ចម្រុះអាចរួបរួមជុំវិញតម្លៃរួម ដោយគ្មានក្រុមណាមួយស្វែងរកការគ្របដណ្តប់លើគេនោះឡើយ។
លក្ខណៈស៊ីណូដាលពិតប្រាកដ តម្រូវឱ្យព្រះសហគមន៍ឈានជើងចេញពីខ្លួនឯង ដោយធ្វើជាស្ពានឆ្លងកាត់ការបែកបាក់ខាងវប្បធម៌ និងសាសនា ដើម្បីកសាងពិភពលោកមួយដែលមានយុត្តិធម៌ និងលក្ខណៈជាមនុស្សធម៌កាន់តែខ្លាំង៕