យានដឹកយន្តហោះចម្បាំងអវកាសរបស់ចិន តើវាជាអាវុធអនាគត ឬជា​ឧបករណ៍​​ឃោសនា?

ទូរទស្សន៍រដ្ឋចិនស៊ីស៊ីធីវី CCTV ទើបតែបានផ្សព្វផ្សាយ​វីដេអូ​មួយ​ក្នុងទម្រង់ ស្រ៊ីឌី (3D) នូវ​យាន លូអាននីវ ដែលជាយានអវកាស​ដ៏ធំ​សម្បើម​​ដែលមានសមត្ថភាព​អាច​ហោះ​ឆ្លង់ផុត​បរិយាកាស​ជាន់ខ្ពស់បំផុតនៃផែនដី និងដាក់​ឲ្យ​ដំណើរ​​ការសម្រាប់ ២០-៣០ឆ្នាំ ខាងមុខ។  ប្រភេទ​នៃយានអវកាសនេះ នឹងអាចដឹកនាំយន្តហោះចម្បាំង ស័ននូ ដែលជា​យន្តហោះ​​អនាគត និងអាចបាញ់មីស៊ីល​ល្បឿនលឿន​ជាងសម្លេងវាយប្រហារផងដែរ។

យោងតាមអ្នកឯកទេសការពារជាតិ លោកផេតធើ ឡេថុន មកពីវិទ្យាស្ថានអូស្រ្តាលី ហ្គ្រីហ្វហ្វីត អេសៀ (Griffith Asia) បានឲ្យដឹងថា យានបែបនេះគឺលើសពីចំណាត់ថ្នាក់​របស់​គូ​ប្រជែង និងធ្វើចលនាមួយភាគធំអាចការពារពីលក្ខខណ្ឌអាកាសធាតុ និងគេចផុតពីប្រព័ន្ធ​ការពារ​អាកាស។ លើសពីនេះ វាអាចឲ្យទីក្រុងប៉េកាំងបោះទីតាំងផ្ទាល់នៅពីលើ​គោលដៅ​ដើម្បី​​ធ្វើការវាយប្រហារ។ នេះអាចជាសារមួយដែលធ្វើឲ្យតៃវ៉ាន់មិនអាច​មិនមានអារម្មណ៍​ឆ្លើយ​​តប​បានទេ។  

ទោះបីជាយ៉ាងណា តើគេអាចធ្វើ​ឲ្យសម្រេចយានបែបនេះបានដែរឬទេ? អ្នកឯកទេស​នានា​បាន​​បង្ហាញនូវឧបសគ្គជាច្រើន​មុន​នឹងធ្វើឲ្យសម្រេចបានយានប្រភេទនេះ មានដូចជា ការ​ផ្គត់ផ្គង់​អគ្គិសនី ការធ្វើឲ្យចុះត្រជាក់ ការការពារពីកាកសំណល់អវកាស ហើយជាពិសេស ការ​បញ្ជូន​ថាមពលរុញច្រានយាន។  

បើយោងតាមលោកផេតធើ ឡេថុន បានឲ្យដឹងថា យានបែបនេះនឹងត្រូវការប្រេងឥន្ធនៈក្នុង​បរិមាណ​​យ៉ាងច្រើនសម្បើម ព្រមទាំងវិធីបញ្ជូនថាមពលរុញច្រាន ដែលនៅតែមានកម្រិតនៅ​ឡើយ។ ចិនបានព្យាយាមអស់រយៈពេលជាង ១ទសវត្ស លើការផលិតរ៉ូកែត ដែលអាចប្រើ​ឡើង​វិញបាន ដូចប្រភេទដែល ក្រុមហ៊ុន ស្ពេសអ៊ិក (SpaceX) បានបង្កើត ប៉ុន្តែមិនទាន់​មាន​លទ្ធផលជាក់លាក់ទេ រហូតមកទល់បច្ចុប្បន្ន។

គម្រោងការ លូអេននីវ Luanniao ត្រូវបានបញ្ចូលក្នុងកម្មវិធីយោធាចិនដែលកាន់​តែទំលំ​ទូលាយ ដែលហៅថា ណានទ្យានម៉េន Nantianmen ឬ ទ្វារមេឃភាគខាងត្បូង។ កម្មវិធីនេះ​រួម​បញ្ចូលរាល់អាវុធអាកាសអនាគតជាច្រើន ដូចជា ការហោះហើរលឿនសម្លេង (hypersonique) ការបំបាំងកាយ ការសម្របសម្រួលដោយស្វ័យប្រវត្តិនៃក្រុមដ្រូន បញ្ញា​ញ្ញាណ​​សិប្បនិម្មិត (AI) អាវុធថាមពលដឹកនាំ និងប្រតិបត្តិការយោធាអវកាស និង​បរិយាកាស។

ពាក់ព័ន្ធនឹងគម្រោងរបស់ចិន អ្នកសារព័ត៌មានដែលមាន​ឯកទេស​​លោកប្រាដុន ជេ វ៉េជេត បាន​និយាយកាលពីខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងទស្សនាវដ្តី​ផល​ប្រយោជន៍ជាតិ The National Interest អំពី “យុទ្ធនាការឃោសនា” មួយ ដែលមានគោល​បំណង​ធ្វើឲ្យប្រទេស​លោកខាង​លិច​​មិន​មាន​​ស្ថិរភាព។ លោកបានសរសេរថា សហរដ្ឋអាម៉េរិកមិនត្រូវមើលស្រាលការគំរាម​កំហែង​​ខាង​​បច្ចេក​វិជ្ជា​ជាន់ខ្ពស់​ដែលប្រទេសចិនបង្ហាញនោះទេ។ហើយសហរដ្ឋអាម៉េរិកក៏មិន​ត្រូវ​ធ្លាក់​ចូល​អន្ទាក់ចិត្តសាស្រ្តដែលរៀបចំ ដែលមានគោលបំណងធ្វើឲ្យ​អាម៉េរិក​បរាជ័យ ស្រដៀង ​វិធី​ដែល​កម្មវិធីការពារយុទ្ធសាស្ត្រអាយឌីអេស (IDS) របស់ប្រធានាធិបតីរ៉ូណាល់ រីហ្គេន ដែល​បាន​ធ្វើឲ្យ​សហភាព​សូវៀតរលាយ។ កម្មវិធីនោះបង្ខំនាំឲ្យអំណាចសូវៀតមិនសូវ​អើពើ​ចំពោះ​ការ​​រីក​ចម្រើន​សេដ្ឋកិច្ច និងប្រថុយនឹងការបែកខ្ទេច ព្រោះតែជំនួសឲ្យការ​ក្រសោប​​តែ​សមិទ្ធផល​​បច្ចេកវិទ្យាថ្មីៗ ដែលចុងក្រោយ ពួកវានឹងមានតម្លៃខាងយោធា​ បាន​ត្រឹម​​តែតិចតួច​ប៉ុណ្ណោះ។

ដោយបង្ហាញរូបភាពទាំងនេះ ទីក្រុងប៉េកាំង បានប្រើយុទ្ធសាស្រ្តសំខាន់មួយ គឺលលេង​លើ​អំនួត​របស់​មេដឹកនាំអាម៉េរិកលោកដូណាល់ ត្រាំ  ដើម្បីរុញច្រានឲ្យគាត់ ឲ្យប្រឹងពង្រីក​បំប៉ោង​ខ្លួន ហើយចុងក្រោយ ក៏ធ្លាក់ចូលក្នុងអន្ទាក់។

 

 

Daily Program

Livesteam thumbnail