មេដឹកនាំព្រះសហគមន៍ឥណ្ឌូនេស៊ី ជំរុញឱ្យគ្រីស្តបរិស័ទចេះស្តាប់មុននឹងសម្រេចចិត្តកសាងស្ពាន

ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ី បានអំពាវនាវឱ្យព្រះសហគមន៍នៅអាស៊ី ក្លាយជាព្រះសហគមន៍ដែលចេះស្តាប់ និងគោរពគ្នាទៅវិញទៅមក។ ការអំពាវនាវនេះធ្វើឡើងខណៈដែលលោកបានចូលរួមបើកកិច្ចប្រជុំពេញអង្គលើកទី ១២ នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) ដោយលោកបានមានប្រសាសន៍ថា សហគមន៍សាសនាពិតប្រាកដចាប់ផ្តើមដោយការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការចេះស្តាប់គ្នាទៅវិញទៅមក។

លោកអភិបាល អេនតូនីយូ ស៊ូប៊ីយ៉ាន់តូ ប៊ុនចាមីន (Antonius Subianto Bunjamin, OSC) បានមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គថា នេះគឺជាពេលវេលាដ៏ពិសិដ្ឋមួយ ដើម្បីស្តាប់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងស្តាប់គ្នាទៅវិញទៅមក និងស្តាប់សំឡេងរបស់ប្រជាជននៅអាស៊ី។

លោកអភិបាលក៏បានសម្តែងក្តីសង្ឃឹមផងដែរថា គណៈប្រតិភូនឹងទទួលបាននូវបទពិសោធន៍ដ៏ល្អនៃការទទួលបដិសណ្ឋារកិច្ចពីប្រទេសម្ចាស់ផ្ទះ ខណៈពេលដែលកំពុងពង្រឹងចំណងមិត្តភាពក្នុងចំណោមព្រះវិហារនានានៅអាស៊ី។ លើសពីនេះ លោកបានលើកទឹកចិត្តអ្នកចូលរួមឱ្យធ្វើឱ្យការប្រែចិត្តគំនិតរបស់ខ្លួនកាន់តែស៊ីជម្រៅ តាមរយៈការស្តាប់ ការសហការ និងការមានចក្ខុវិស័យរួមគ្នាសម្រាប់អនាគត។

Daily Program

Livesteam thumbnail