មន្ទីរពេទ្យកាតូលិកមួយនៅសិង្ហបុរីពង្រីកសេវាកម្មសេវាវះកាត់ និងថែទាំអ្នកជំងឺធ្ងន់ៗ
មន្ទីរពេទ្យកាតូលិកមិនរកប្រាក់ចំណេញនៅក្នុងប្រទេសសិង្ហបុរីបានកំពុងតែពង្រីកសមត្ថភាពវះកាត់ និងថែទាំសំខាន់ៗរបស់ខ្លួនជាមួយនឹងការបើកមជ្ឈមណ្ឌលវះកាត់ថ្មី និងបានកំពុងធ្វើឱ្យប្រសើរឡើងនូវមណ្ឌលថែទាំអ្នកជំងឺ។
យោងតាមរបាយការណ៍របស់ Catholic News SG ដែលជាសារព័ត៌មានផ្លូវការរបស់អគ្គភូមិភាគព្រះសហគមន៍កាតូលិកសិង្ហបុរី មន្ទីរពេទ្យ ម៉ុន អាល់វីនៀ (Mount Alvernia) បានសម្ពោធមណ្ឌលថ្មីនៅបរិវេណ ផ្លូវថមសុន ( Thomson Road) របស់ខ្លួនកាលពីខែមេសា ដោយបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ការវះកាត់ និងព្យាបាលអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ។
មជ្ឈមណ្ឌលវះកាត់ថ្មីនេះគាំទ្រដល់ជំងឺភ្នែក និងជំងឺធ្ងន់ៗ ផ្សេងទៀត។ វារួមបញ្ចូលទាំងបន្ទប់វះកាត់ចំនួនបួនដែលត្រូវបើកជាដំណាក់កាលដោយផ្អែកលើតម្រូវការរបស់អ្នកជំងឺ ។
កន្លែងសម្រាកព្យាបាលមានទីតាំងនៅជាប់នឹងបន្ទប់វះកាត់ដើម្បីកាត់បន្ថយចលនារបស់អ្នកជំងឺ និងអនុញ្ញាតឱ្យមានការត្រួតពិនិត្យក្រោយការវះកាត់កាន់តែងាយស្រួល។
ក្រុមការងារនៅមន្ទីរពេទ្យមួយនេះត្រូវបានរៀបចំ ឡើងសម្រាប់អ្នកជំងឺដែលត្រូវការការត្រួតពិនិត្យយ៉ាងដិតដល់ រួមទាំងអ្នកដែលមានជំងឺខ្សោយផ្លូវដង្ហើមស្រួចស្រាវ ខ្សោយសរីរាង្គ អ្នកជំងឺសរសៃប្រសាទធ្ងន់ធ្ងរ និងជំងឺដែល វះកាត់ហើយនិងមានហានិភ័យខ្ពស់។
មន្ទីរពេទ្យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦១ ដោយក្រុមសាសនទូតហ្រ្វង់ស៊ីស្កូ ។ ទីនោះ គឺជាមន្ទីរពេទ្យឯកជនមិនរកប្រាក់ចំណេញ ហើយផ្តល់ការថែទាំកម្រិតខ្ពស់ទូទៅ នៅក្នុងប្រទេសសិង្ហបុរី ដែលមានគ្រែចំនួន៣៥៣កន្លែង ដែលគាំទ្រដោយអ្នកឯកទេសរាប់រយនាក់ និងវេជ្ជបណ្ឌិតដែលមានការទទួលស្គាល់ជាច្រើន៕