មន្ត្រី FABC៖ លក្ខណៈស៊ីណូដាលគឺជាបែបបទនៃការរស់នៅ មិនមែនជាកម្មវិធីថ្មីមួយទៀតរបស់ព្រះសហគមន៍ឡើយ

នៅក្នុងការថ្លែងកាលពីថ្ងៃទី ២៤ ខែកក្កដា ក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា លោកឪពុកក្លារិន ឌីវ៉ាដាស (Clarence Devadass) លេខាធិការប្រតិបត្តិនៃការិយាល័យស៊ីណូដាលនៃ FABC បានសង្កត់ធ្ងន់ថា លក្ខណៈស៊ីណូដាលនឹងជោគជ័យនៅអាស៊ីបាន លុះត្រាតែវាត្រូវបានទទួលយកជាបែបបទនៃការរស់នៅប្រចាំថ្ងៃ ជាជាងការចាត់ទុកវាជាគម្រោងបណ្តោះអាសន្ន ឬជាបន្ទុកផ្នែករដ្ឋបាល។

ឆ្លើយតបទៅកាន់លោកបូជាចារ្យ និងថ្នាក់ដឹកនាំផ្នែកគង្វាលកិច្ច ដែលកំពុងមានអារម្មណ៍ថាលំបាក លោកឪពុកឌីវ៉ាដាស បានបកស្រាយថា លក្ខណៈស៊ីណូដាលមិនមែនជាភារកិច្ចបន្ថែមលើកាលវិភាគដ៏មមាញឹកនោះទេ ប៉ុន្តែជាវិធីសាស្ត្រផ្សេងក្នុងការអនុវត្តបេសកកម្មដែលមានស្រាប់ តាមរយៈការស្តាប់ ការពិចារណាត្រិះរិះ ការចូលរួម និងការទទួលខុសត្រូវរួមគ្នា។

ដោយសារតែភាពចម្រុះយ៉ាងខ្លាំងខាងភាសា និងវប្បធម៌នៅអាស៊ី ដែលសូម្បីតែការបកប្រែពាក្យ «លក្ខណៈស៊ីណូដាល» ក៏ជាបញ្ហាប្រឈមមួយដែរនោះ គឺគ្មានដំណោះស្រាយតែមួយដែលសមស្របសម្រាប់ទាំងអស់គ្នានោះទេ។ ព្រះសហគមន៍មូលដ្ឋាននីមួយៗត្រូវពិចារណាត្រិះរិះមើលថា តើលក្ខណៈស៊ីណូដាលស្តែងចេញយ៉ាងដូចម្តេចនៅក្នុងបរិបទផ្ទាល់របស់ខ្លួន។

ប្រសិនបើលក្ខណៈស៊ីណូដាលនៅតែត្រឹមជាវិធីសាស្ត្រ នោះគ្រីស្តបរិស័ទ​នឹងបាត់បង់ការចាប់អារម្មណ៍។ ការទទួលយកវាជាជីវិតខាងផ្លូវវិញ្ញាណពិតប្រាកដ នឹងធានាថា វាបង្កើតជាទម្លាប់ក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រចាំថ្ងៃ នៅក្នុងព្រះសហគមន៍​ ក្រុមប្រឹក្សា និងភូមិភាគនានា។

ការផ្លាស់ប្តូរថ្មីពិតប្រាកដ តម្រូវឱ្យចាកចេញពីការត្រឹមតែថែរក្សារចនាសម្ព័ន្ធដែលមានស្រាប់ ទៅជាព្រះសហគមន៍ដែលបំពេញបេសកកម្ម និងឈានជើងចេញទៅកាន់ពិភពខាងក្រៅយ៉ាងសកម្ម។

អនាគតនៃលក្ខណៈស៊ីណូដាលនៅអាស៊ី មិនអាស្រ័យលើការបង្កើតកម្មវិធីថ្មីៗនោះទេ ប៉ុន្តែអាស្រ័យលើព្រះសហគមន៍មូលដ្ឋានដែលទទួលយកលក្ខណៈស៊ីណូដាល ជាបែបបទធម្មតានៃការរស់នៅក្នុងដំណឹងល្អ និងការដើរជាមួយគ្នានៅក្នុងបេសកកម្ម៕

 

Daily Program

Livesteam thumbnail