មន្ត្រីស៊ីណូដាល៖ «ទីក្រុងរ៉ូមមិនមកជំនួសព្រះសហគមន៍មូលដ្ឋានឡើយ»
កាលពីថ្ងៃទី ២៤ ខែកក្កដា នៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា លោកឪពុកជីអូកូម៉ូ កូស្តា (Giacomo Costa) SJ ប្រឹក្សានៃអគ្គលេខាធិការដ្ឋានស៊ីណូដាល បានថ្លែងសុន្ទរកថាមួយក្រោមប្រធានបទ «ផ្លូវសម្រាប់ការអនុវត្តស៊ីណូដាល»។ លោកបានសង្កត់ធ្ងន់ថា បុរីវ៉ាទីកង់នឹងមិនដឹកនាំព្រះសហគមន៍មូលដ្ឋានតាមបែបពីលើចុះក្រោមនោះទេ ប៉ុន្តែនឹងផ្តល់អំណាចឱ្យពួកគេក្នុងការពិចារណាត្រិះរិះលើផ្លូវគង្វាលកិច្ចផ្ទាល់ខ្លួន នៅក្នុងការរួបរួមជាមួយនឹងព្រះសហគមន៍សកល។
លោកឪពុកកូស្តា Costa បានអះអាងថា «ទីក្រុងរ៉ូមមិនមកជំនួសការទទួលខុសត្រូវរបស់ព្រះសហគមន៍មូលដ្ឋានឡើយ»។ ដំណាក់កាលអនុវត្តមិនមែនជាការអនុវត្តបទបញ្ជាផ្ទៃក្នុងផ្នែករដ្ឋបាលពីបុរីវ៉ាទីកង់នោះទេ ប៉ុន្តែជាឱកាសសម្រាប់ភូមិភាគមូលដ្ឋានក្នុងការពិចារណាត្រិះរិះមើលថា តើព្រះវិញ្ញាណដ៏វិសុទ្ធកំពុងដឹកនាំពួកគេយ៉ាងដូចម្តេចនៅក្នុងទិដ្ឋភាពជាក់ស្តែងនៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ពួកគេ។
ឯកសារ និងគោលការណ៍ណែនាំរបស់បុរីវ៉ាទីកង់ ត្រូវបានរៀបចំឡើងដើម្បីបម្រើជីវិត និងបេសកកម្មរបស់ព្រះសហគមន៍ មិនមែនមកជំនួសការពិចារណាត្រិះរិះនៅមូលដ្ឋាននោះទេ។ ឯកសារទាំងនោះគួរតែត្រូវបានសម្របសម្រួលប្រើប្រាស់ដោយយកចិត្តទុកដាក់ ជាជាងការអនុវត្តតាមបែបម៉ាស៊ីន។
លោកបានរំលឹកទៀតថា ការសង្កត់ធ្ងន់លើស្វ័យភាពរបស់ព្រះសហគមន៍មូលដ្ឋាន មិនមែនមានន័យថាជាការឯកោនោះទេ។ ព្រះសហគមន៍គឺជាការរួបរួមគ្នាមួយ ដែលភូមិភាគនានារៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈការគាំទ្រគ្នាទៅវិញទៅមក ខណៈដែលអគ្គលេខាធិការដ្ឋានរបស់បុរីវ៉ាទីកង់បំពេញតួនាទីជាអ្នកអមដំណើរ មិនមែនជាអ្នកគ្រប់គ្រងទេ។
ដោយសារព្រះសហគមន៍កាតូលិកនៅអាស៊ីរស់នៅក្នុងបរិបទភាគតិច ជាមួយនឹងភាពចម្រុះខាងវប្បធម៌ និងសាសនា នោះមិនមានគំរូគង្វាលកិច្ចតែមួយដែលសមស្របសម្រាប់ទាំងអស់គ្នានោះទេ។ លោកអភិបាលត្រូវបានអំពាវនាវឱ្យលើកកម្ពស់ការចូលរួមនៅមូលដ្ឋាន និងការពិចារណាត្រិះរិះរួមគ្នា ខណៈពេលដែលនៅតែរក្សាការរួបរួមគ្នាយ៉ាងរឹងមាំជាមួយនឹងព្រះសហគមន៍សកល។
លោកឪពុកបញ្ជាក់ថា សម្រាប់អនាគតរបស់ស៊ីណូដាល មិនអាស្រ័យលើរចនាសម្ព័ន្ធរដ្ឋបាល ឬឯកសារថ្មីៗនោះទេ ប៉ុន្តែអាស្រ័យលើព្រះសហគមន៍មូលដ្ឋានដែលទទួលយកបេសកកម្មរបស់ខ្លួនដោយទំនុកចិត្ត ដើម្បីរស់នៅក្នុងដំណឹងល្អជាមួយគ្នា៕