មន្ត្រីជាន់ខ្ពស់សាសនាកាតូលិកថៃ អំពាវនាវឱ្យរដ្ឋាភិបាលថ្មី ពង្រឹងសន្តិភាពយូរអង្វែងជាមួយកម្ពុជា
លោកអភិបាលកាតូលិកភូមិភាគស៊ូរ៉ាត់ថានី (Surat Thani) នៃប្រទេសថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលថ្មីរបស់ខ្លួន ផ្តល់អាទិភាពដល់ការលើកកម្ពស់សន្តិភាពយូរអង្វែងជាមួយប្រទេសកម្ពុជា បន្ទាប់ពីការបោះឆ្នោតសកលថ្មីៗបានបញ្ចប់ ខណៈភាពតានតឹងនៅតាមព្រំដែនថៃ–កម្ពុជា នៅតែបន្តមានសភាពមិនប្រាកដប្រជា។
លោកអភិបាល ប៉ូល ត្រៃរ៉ុង្គ មូលទ្រី (Paul Trairong Multree) អភិបាលព្រះសហគមន៍កាតូលិកនៃភូមិភាគខេត្ត ស៊ូរ៉ាត់ថានី នៅភាគខាងត្បូងប្រទេសថៃ បានមានប្រសាសន៍ថា ស្ថានភាពសង្គមបន្ទាប់ពីការបោះឆ្នោតហាក់ដូចជាស្ងប់ស្ងាត់ ហើយអ្វីដែលប្រជាជនថៃរំពឹងទុកគឺ “សណ្តាប់ធ្នាប់ និងស្ថិរភាពសម្រាប់ប្រទេសជាតិ”។ ប្រសាសន៍នេះត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Fides របស់បុរីវ៉ាទីកង់ កាលពីថ្ងៃទី១០ ខែកុម្ភៈ។
លោកអភិបាលវ័យ ៥០ឆ្នាំរូបនេះ ដែលជាសាសនទូតប្រទេសថៃ បានកត់សម្គាល់ថា ក្នុងប៉ុន្មានខែចុងក្រោយនេះ អារម្មណ៍ជាតិនិយមបានកើនឡើងនៅក្នុងប្រទេសថៃ ដោយសារជម្លោះថ្មីៗនៅតាមព្រំដែនជាមួយកម្ពុជា។ លោកបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលឈប់បាញ់ ហើយសង្ឃឹមថាភាគីទាំងពីរនឹងគោរពកិច្ចព្រមព្រៀងនេះ ដើម្បីបម្លែងវាទៅជាសន្តិភាពស្ថិតស្ថេរនាពេលអនាគត។
ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីគណបក្សភូមិចៃថៃ ដែលមានទិសដៅគាំទ្ររាជានិយម និងទទួលការគាំទ្រពីយោធា ដឹកនាំដោយលោក អនុទីន ឆានវីរៈគុល បានឈ្នះការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ ដោយទទួលបាន ១៩៣ អាសនៈ។ ខណៈគណបក្សប្រជាជនជឿនលឿន ទទួលបាន ១១៨ អាសនៈ និងគណបក្សភឿថៃ ទទួលបាន ៧៤ អាសនៈ។
អ្នកសង្កេតការណ៍មួយចំនួនបានវិភាគថា ជ័យជម្នះរបស់គណបក្សភូមិចៃថៃ អាចពាក់ព័ន្ធនឹងចលនាជាតិនិយមដ៏ខ្លាំងក្លារបស់ខ្លួនចំពោះបញ្ហាព្រំដែនជាមួយកម្ពុជា ព្រមទាំងការគាំទ្រយោធា និងការបង្ហាញភាពស្មោះត្រង់ចំពោះស្ថាប័នរាជានិយម។
លោកអភិបាល ប៉ូល ត្រៃរ៉ុង្គ មូលទ្រី ដែលធ្លាប់បានបំពេញបេសកកម្មនៅកម្ពុជាមួយរយៈ បានមានប្រសាសន៍ថា ប្រជាជននៅសងខាងព្រំដែនសមនឹងទទួលបានការរស់នៅដោយសន្តិភាព និងការស្តារឡើងវិញនូវទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលថ្មីគួរប្រែក្លាយស្ថានភាពឈប់បាញ់បច្ចុប្បន្ន ទៅជាកិច្ចព្រមព្រៀងសន្តិភាពដ៏រឹងមាំ ដែលអាចស្តារភាពប្រក្រតីឡើងវិញក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោកអភិបាលរូបនេះ ប្រាប់ទៀតថា បញ្ហាភាពតានតឹងមិនបានប៉ះពាល់ដោយផ្ទាល់ដល់ភូមិភាគភាគខាងត្បូងដែលលោកបម្រើការនោះទេ ប៉ុន្តែប្រជាជននៅតាមខេត្តជាប់ព្រំដែនកម្ពុជាគឺជាអ្នករងផលប៉ះពាល់ចម្បង។
ជាមួយគ្នានេះ លោកបានព្រមានអំពីការកេងប្រវ័ញ្ចអារម្មណ៍ជាតិនិយម ដើម្បីគោលបំណងនយោបាយ ឬផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា មានក្រុមមួយចំនួននៅក្នុងប្រទេសទាំងពីរ ដែលព្យាយាមប្រើប្រាស់ស្ថានភាពតានតឹងដើម្បីពង្រឹងអំណាច ឬទទួលបានអត្ថប្រយោជន៍ផ្ទាល់ខ្លួន។
ការអំពាវនាវពីមន្ត្រីសាសនាដ៏មានឥទ្ធិពលនេះ បង្ហាញពីសំឡេងមួយដែលលើកទឹកចិត្តឲ្យមានការអត់ធ្មត់ ការគោរពកិច្ចព្រមព្រៀង និងការចាប់ផ្តើមជំពូកថ្មីនៃទំនាក់ទំនងថៃ–កម្ពុជា ដើម្បីធានាថា សន្តិភាព និងស្ថិរភាពអាចក្លាយជាគ្រឹះសម្រាប់អនាគតរបស់ប្រជាជនទាំងពីរប្រទេស៕
ប្រភព៖ ucanews
សម្រួលអត្ថបទផ្សាយដោយ Camscope