មជ្ឈមណ្ឌលសន្តអ៊ីរេណេ ថ្វាយសៀវភៅសំខាន់ៗមួយចំនួន ចំពោះសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្រាប់ទុកជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកបូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល ប្រធានមជ្ឈមណ្ឌលសន្តអ៊ីរេណេ និងសហការី បាននាំយកសៀវភៅសំខាន់ៗមួយចំនួន ថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។ សៀវភៅដែលបានប្រគេននាឱកាសនោះ រួមមាន៖ * វចនានុក្រម ខ្មែរ-បារាំង៖ ភាគ១ ចំនួន ៨ក្បាល និង ភាគ២ ចំនួន ៨ក្បាល ដែលរៀបរៀងដោយ លោកបូជាចារ្យ រ៉ង់ឌីណូ នៃក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស។

លោកបានមកបំពេញបេសកកម្មនៅកម្ពុជានៅទសវត្សរ៍១៩៦០ ហើយត្រូវបានរបបខ្មែរក្រហមបណ្តេញចេញពីកម្ពុជា នៅឆ្នាំ១៩៧៥។ * ដំណើរស្វែងរកពន្លឺ៖ ចំនួន ៥ក្បាល * លទ្ធិនៃគ្រីស្តសាសនាព្រះសហគមន៍កាតូលិក៖ ចំនួន ៥ក្បាល សៀវភៅទាំងអស់នេះ នឹងត្រូវបែងចែកបន្តជូនដល់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្រាប់ជាជំនួយស្មារតីដល់សមណនិស្សិត និងនិស្សិតក្នុងការសិក្សាស្រាវជ្រាវ។

មជ្ឈមណ្ឌលសន្តអ៊ីរេណេ ជាសេនាធិការរបស់ព្រះសហគមន៍កាតូលិក ដែលបំពេញកិច្ចការខាងអប់រំជំនឿកាតូលិក និងរៀបចំសៀវភៅនានាសម្រាប់ប្រើប្រាស់នៅក្នុងព្រះសហគមន៍កាតូលិកនៅកម្ពុជា។ នៅក្នុងជំនួបនោះដែរ សម្ដេចព្រះមហាសង្ឃរាជ បានសម្តែងនូវព្រះរាជហឫទ័យថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះសហគមន៍កាតូលិក ដែលតែងតែថែរក្សាមិត្តភាព កិច្ចសហប្រតិបត្តិការ និងការរស់នៅជាមួយគ្នាយ៉ាងមានសុខដុមរមនា ទោះបីជាមានជំនឿសាសនាខុសគ្នាក៏ដោយ។ ជាមួយគ្នានេះ ព្រះអង្គក៏បានរំឭកពីអនុស្សាវរីយ៍ល្អៗ ក្នុងការធ្វើការរួមគ្នាជាមួយថ្នាក់ដឹកនាំ និងលោកបូជាចារ្យនៃព្រះសហគមន៍កាតូលិក ទាំងនៅក្នុង និងក្រៅប្រទេសនាពេលកន្លងមកផងដែរ។

Daily Program

Livesteam thumbnail