ភ្លើងសង្គ្រាមនៅយ៉េមេន ៖ អន្ទាក់ភូមិសាស្ត្រនយោបាយ ក្រោយសមរភូមិក្ដៅរវាង សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់

ការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានបន្តទាញប្រទេសយ៉េមេន​ឱ្យ​ធ្លាក់​ចូល​​ទៅក្នុងអាការៈគ្រុនក្តៅសង្គ្រាមសាជាថ្មី។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាអ្នក​គាំទ្រ​ដ៏​សំខាន់​នៃរដ្ឋាភិបាលយ៉េមេនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បានក្លាយជា​គោលដៅ​នៃ​ការ​​វាយ​ប្រហារទ្រង់ទ្រាយធំដោយមីស៊ីល និងដ្រូន ពីសំណាក់ក្រុមបះបោរនិកាយស្ហ៊ីអ៊ីត ហ៊ូធី កាលពីថ្ងៃទី៨ ខែកញ្ញា។ ពួកគេវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងដ៏ធំ អារ៉ាមកូ និង​មូលដ្ឋាន​ទ័ពអាកាស ឃីង ខាលីដ។

យោងតាមអ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី លោកយ៉ាយ៉ា សារី បានឲ្យដឹងថា ការវាយ​ប្រហារ​ទាំងនេះ​គឺជាការ​ឆ្លើយតបនឹងការវាយប្រហារតាមផ្លូវអាកាសចំនួន ១២១ដង ក្នុងរយៈ​ពេល ៣ថ្ងៃ ពី​សំណាក់​កងកម្លាំងរីយ៉ាដ ទៅលើខេត្តចាដ ភាគខាងជើង ខេត្តអាល់បៃដា និងម៉ារីប ភាគ​កណ្តាល និងខេត្តតាអេហ្ស ភាគខាងនិរតីនៃប្រទេសយ៉េមេន ប៉ុន្តែការ​វាយ​ប្រហារ​​ទាំង​នេះ​​មិនត្រូវបានបញ្ជាក់ដោយទាហានអារ៉ាប៊ីសាអ៊ូឌីតនោះទេ។

ការវាយប្រហារថ្មីនៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីតនេះ កើតឡើងចំពេលកកើតឡើងវិញ​នូវអំពើ​ហិង្សា​ដែលកាន់តែរីកធំឡើងនៅតាមបណ្តោយព្រំដែនយ៉េមេន ដែលជម្លោះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ២០១៤ រវាង​កងកម្លាំងរដ្ឋាភិបាលយ៉េមេន និងក្រុមបះបោរគាំទ្រដោយអ៊ីរ៉ង់។ បទ​ឈប់បាញ់​ដ៏ផុយស្រួយ​ដែល​បាន​ចូលធរមានចាប់តាំងពីឆ្នាំ២០២២ ក្រោយភាពស្ងប់ស្ងាត់ជិត ៤ឆ្នាំ បានចាប់ផ្តើមបាក់បែក​កាល​ពីខែកក្កដា បន្ទាប់ពីមានការវាយប្រហារ​របស់ក្រុមហ៊ូធី​ទៅ​លើ​ទីតាំងឈរជើងរបស់​រដ្ឋាភិបាល​នៅតំបន់ហៃ ភាគខាងត្បូងទីក្រុងអាល់ហូដេអីដា។

សម្រាប់លោក អាលី អាល់អានហ្ស៊ី អ្នកវិភាគនយោបាយអារ៉ាប៊ីសាអ៊ូឌីត បានប្រាប់ឱ្យដឹងថា ការវាយប្រហារថ្មីមកលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានធ្វើអន្តរាគមន៍យោធាតាំង​ពីឆ្នាំ​២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលយ៉េមេន គឺជាភស្តុតាងបង្ហាញពីភាពបរាជ័យ និងការខូចខាត​ដែល​ក្រុមហ៊ូធីទទួលបាននៅលើសមរភូមិជាក់ស្តែង។ លោកបានវាយតម្លៃថា សកម្មភាពទាំង​នេះ​មិន​មែន​ជាការបង្ហាញកម្លាំងប៉ុន្មានទេ តែវាជាការប៉ុនប៉ងរបស់ក្រុមឧទ្ទាមដើម្បីប៉ះប៉ូវដល់​ការ​​ខកចិត្ត ខណៈកងកម្លាំងរដ្ឋាភិបាលស្របច្បាប់កំពុងវាយដណ្តើមយកទីតាំងថ្មីៗមកវិញ។

នៅលើសមរភូមិជាក់ស្តែង ការវាយប្រហាររបស់ក្រុមហ៊ូធីផ្តោតជាសំខាន់នៅជុំវិញទីក្រុងយុទ្ធ​សាស្ត្រ​​ដូចជា ទីក្រុងហៃនៅភាគអាគ្នេយ៍ខេត្តអាល់ហូដេអ៊ីដា និងអាល់ចារ៉ាហ៊ី នៅភាគខាង​ជើង ដែលការគ្រប់គ្រងតំបន់ទាំងនេះនឹងអាចបើកផ្លូវឱ្យពួកគេឆ្ពោះទៅកាន់ច្រក​សមុទ្រ​បាបអាល់ម៉ានដេប។

លោកអាប់ អាល់បារី តាហើ ជាបញ្ញាវន្ត និងជាឥស្សរជនល្បីនៃ​សារព័ត៌មាន​​យេម៉ែន បញ្ជាក់​ថា តំបន់ទាំងពីរនេះគឺជាទ្វារឆ្លងកាត់ទៅកាន់ទីក្រុងអាល់ម៉ូកកា នៅសមុទ្រភាគខាងលិច និង​ជា​ខ្សែបន្ទាត់បែងចែករវាងទីក្រុងតាអេហ្ស និងទីក្រុងអាល់ហូ​ដេអ៊ីដា ដែលការគ្រប់គ្រងលើ​តំបន់​ទាំងនេះនឹងកាត់ផ្តាច់ផ្លូវគមនាគមន៍ពីភាគខាងជើង​ទៅ​កាន់​ទីក្រុងតាអេហ្ស និងអេដេន​នៅ​ភាគខាងត្បូង។

លោកអាប់ អាល់បារី តាហើ បានសន្និដ្ឋានថា វិវាទនេះបានលើសពីកម្រិតមូលដ្ឋានក្នុងតំបន់ ដោយសារតែវាមានសារៈសំខាន់ខ្លាំងលើការគ្រប់គ្រងច្រកសមុទ្របាបអាល់ម៉ាន់ដេប និង​សមុទ្រ​​ក្រហម ដែលជាផ្លូវសមុទ្រសំខាន់ តភ្ជាប់ពីអាស៊ីទៅអឺរ៉ុប។ លោកបញ្ជាក់បន្ថែមថា ការ​ប្រឈម​មុខ​សព្វថ្ងៃ​មិនអាចត្រូវបានចាត់ទុកដាច់ដោយឡែកពីបរិបទតំបន់នោះទេ ពោលគឺ​ការ​ឡើង​កម្រិត​សង្គ្រាមនៅប្រទេសយ៉េមេន ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងសង្គ្រាមរវាង​សហរដ្ឋ​អាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមទាំងភាពតានតឹងក្នុងតំបន់ទាំងមូលផងដែរ។

 

 

 

 

 

 

Daily Program

Livesteam thumbnail
khmer popup image