ព្រះសហគមន៍បង់ក្លាដែសរៀបចំសិក្ខាសាលាស្តីពីសិទ្ធិកុមារនិងការការពារ
សិក្ខាសាលារយៈពេលបីថ្ងៃនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែសត្រូវបានព្រះសហគមន៍កាតូលិករៀបចំឡើងនៅក្នុងគោលបំណងបំពាក់និងបំប៉នជំនាញដល់គ្រូបង្រៀន និងអ្នកសម្របសម្រួលដើម្បីបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព គាំទ្រ និងងាយស្រួលសម្រាប់កុមារ នៅក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនេះ។
កម្មវិធីនេះត្រូវបានរៀបចំនៅមជ្ឈមណ្ឌលសកម្មភាពនៅក្នុងព្រះសហគមន៍ បានដាបាន (Bandarban) ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែឧសភា ដោយ កម្មវិធីនេះបានប្រមូលផ្តុំអ្នកអប់រំ និងអ្នកពាក់ព័ន្ធគម្រោងដែលធ្វើការនៅទូទាំងតំបន់។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយ អង្គការការីតាស បង់ក្លាដេស គណៈកម្មការយុត្តិធម៌ និងសន្តិភាពរបស់ព្រះសហគមន៍ និងអង្គការកម្មវិធីអប់រំសម្រាប់កុមារដែលមានពិការភាព ដោយមានការគាំទ្រពី អង្គការ Kindermissionswerk និង World Vision បង់ក្លាដេស។
សិក្ខាសាលានេះបានផ្តល់នូវកម្មវិធីដ៏មានអន្តរកម្ម និងជាក់ស្តែងដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីសិទ្ធិកុមារទាំងក្នុងក្របខ័ណ្ឌជាតិ និងបរិបទសង្គម-វប្បធម៌។
នៅក្នុងកម្មវិធីអ្នកចូលរួមបានស្វែងយល់នូវប្រធានបទសំខាន់ៗរួមមាន ការកំណត់អត្តសញ្ញាណហានិភ័យ យុទ្ធសាស្ត្របង្ការប្រឆាំងនឹងការរំលោភបំពានលើកុមារ គោលការណ៍ការពារ និងការលើកកម្ពស់ ដែលមានការចូលរួម និងផ្តោតលើបេសកកម្មរបស់ព្រះសហគមន៍។
អ្នកចូលរួមក៏បានស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ ដោយពិនិត្យមើលពីរបៀបដែលបញ្ហាប្រឈមបរិស្ថានប៉ះពាល់ដល់កុមារ និងរបៀបដែលសហគមន៍អាចគាំទ្រដល់ការសម្របខ្លួន និងភាពធន់របស់ពួកគេបានកាន់តែប្រសើរឡើង។
អ្នកចូលរួមសរុបមានចំនួន៣៨ នាក់ រួមទាំងស្ត្រី ១៨ នាក់ ហើយតាមរយៈគំនិតផ្តួចផ្តើមនេះ អ្នកចូលរួមទទួលបានចំណេះដឹងជាក់ស្តែង ការណែនាំវិជ្ជាជីវៈ និងជំនាញពាក់ព័ន្ធនឹងការងាររបស់ពួកគេជាមួយកុមារ និងសហគមន៍ក្នុងតំបន់។
អ្នករៀបចំបាននិយាយថា សិក្ខាសាលានេះបានពង្រឹងមិនត្រឹមតែសមត្ថភាពវិជ្ជាជីវៈរបស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្លៃសីលធម៌ ការយល់ដឹងខាងវិញ្ញាណ និងសមត្ថភាពភាពជាអ្នកដឹកនាំរបស់ពួកគេផងដែរ។ ពួកគេបានសម្តែងក្តីសង្ឃឹមថា ការបណ្តុះបណ្តាលនេះនឹងមានឥទ្ធិពលយូរអង្វែងលើកិច្ចខិតខំប្រឹងប្រែងការពារកុមារ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សហគមន៍នៅក្នុងតំបន់៕