ព្រះសហគមន៍នៅប៉ាគីស្ថានទាមទាររកយុត្តិធម៌សម្រាប់យុវជនម្នាក់ ដែលស្លាប់នៅក្នុងករណីសង្ស័យថាជាឃាតកម្ម
ថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិកនៅប្រទេសប៉ាគីស្ថានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការស្លាប់ដ៏គួរឱ្យសង្ស័យរបស់ បុរសគ្រិស្តបរិស័ទម្នាក់ ដែលមានអាយុទើបតែ២២ ឆ្នាំ។
យុវជនរូបនោះ ត្រូវបានគេប្រទះឃើញស្លាប់ដោយចងករ នៅក្នុងឃ្លាំងមួយកន្លែងនៅទីប្រជុំជនមួយនៅ ចម្ងាយប្រហែល ២៤០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងអ៊ីស្លាម៉ាបាដ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១០ ខែមីនា លោកបូជាចារ្យ យ៉ូសែប អាសាដ ( Joseph Arshad) ប្រធានគណៈកម្មការជាតិសម្រាប់យុត្តិធម៌ និងសន្តិភាព បានអំពាវនាវឱ្យអាជ្ញាធរធ្វើការស៊ើបអង្កេតពេញលេញ និងធានាយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះ។
លោកបូជាចារ្យ បានមានប្រសាសន៍ថា លោកថ្កោលទោស ចំពោះឃាតកម្មដ៏ឃោរឃៅ និងគួរឱ្យសង្ស័យនេះចំពោះយុវជនគ្រិស្តបរិស័ទម្នាក់។
លោកបានបន្តថា ស្លាកស្នាមនៃការធ្វើទារុណកម្មដែលអាចមើលឃើញនៅលើរាងកាយរបស់គាត់បង្ហាញថាការសម្លាប់នេះត្រូវបានរៀបចំជាការធ្វើអត្តឃាតបន្ទាប់ពីគាត់ត្រូវបានធ្វើទារុណកម្ម និងសម្លាប់។
លោកបូជាចារ្យក៏បានអធិស្ឋានសម្រាប់គ្រួសារដែលកំពុងកាន់ទុក្ខ និងអំពាវនាវឱ្យមានការការពារសហគមន៍ដែលងាយរងគ្រោះ។ លោកបានមានប្រសាសន៍ថា យើងសង្ឃឹមសម្រាប់សង្គមដែលមានការអត់ឱន និងសន្តិភាព ដែលឧប្បត្តិហេតុបែបនេះមិនកើតឡើងម្តងទៀត និងកន្លែងដែលយុត្តិធម៌ត្រូវបានផ្តល់ស្មើៗគ្នាដល់ទាំងអស់គ្នា៕