ព្រះសហគមន៍កាតូលិកនៅនេប៉ាល់ ស្វាគមន៍រដ្ឋាភិបាលអន្តរកាល ហើយអំពាវនាវរកសន្តិភាព

ស្ថានភាពនៃជីវភាពរស់នៅប្រចាំថ្ងៃ​ក្នុង​ប្រទេស​នេប៉ាល់​កំពុង​វិល​មក​រក​ភាព​ប្រក្រតី​វិញ​បន្តិច​ម្ដងៗ បន្ទាប់​ពី​រលក​នៃ​ការ​តវ៉ា​ដ៏​ហិង្សា​កាល​ពី​ដើម​ខែ​នេះបានកើតឡើង។

សាលារៀន រួមទាំងមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកនានាបានបើកដំណើរការឡើងវិញ ប៉ុន្តែផ្លូវនៅមានភាពស្ងប់ស្ងាត់ នៅពេលដែលប្រទេសនេះ​សម្របខ្លួនទៅនឹងការដឹកនាំ​របស់នាយក​រដ្ឋមន្ត្រីថ្មី ស៊ូស៊ីឡា កាគី (Sushila Karki)ដែលត្រូវបានគេរំពឹងថានឹងដឹកនាំ​រដ្ឋាភិបាល​អន្តរកាល​រយៈពេល៦ខែមុនការបោះឆ្នោតនៅឆ្នាំក្រោយ។

ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន ហ្វីដេស លោកបូជាចារ្យ សិលាស បូហ្គាទី (Silas Bogati) អ្នកគ្រប់គ្រងរដ្ឋបាលភូមិភាគនៃព្រះសហគមន៍កាតូលិកនៅ ប្រទេសនេប៉ាល់ បាននិយាយថា ព្រះសហគមន៍កាតូលិកដាក់ការជឿទុកចិត្តរបស់ខ្លួនលើនាយករដ្ឋមន្ត្រីថ្មី។

លោកបានអះអាងថា​ ពួកយើងជាព្រះសហគមន៍កាតូលិក ក៏មានទំនុកចិត្តលើលោកស្រី ស៊ូស៊ីឡា កាគី ដែលកាលពីមុន លោកស្រីគឺជាចៅក្រមដែលធ្លាប់បានការពារបូជាចារ្យរបស់យើង និងបងស្រីសាសនទូតមួយចំនួនដែលត្រូវបានចោទប្រកាន់ខុសក្នុងសំណុំរឿងតុលាការជាច្រើន។

លោកបូជាចារ្យមានប្រសាសន៍ថា យើងជឿជាក់លើការងារ​របស់លោកស្រីក្នុងរយៈពេលប៉ុន្មានខែ​ខាងមុខនេះ ដើម្បីធ្វើសកម្មភាពស្របតាមនីតិរដ្ឋ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

ប៉ុន្តែទោះបីជាយ៉ាងណាលោកបូជាចារ្យបានទទួលស្គាល់ថា ប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាព​មិនច្បាស់លាស់ ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ជំហររបស់ព្រះសហគមន៍កាតូលិកនៅប្រទេសនេប៉ាល់​គឺច្បាស់ណាស់ គឺ យើងនិយាយថា "ទេ" ចំពោះទម្រង់នៃអំពើហិង្សាណាមួយ ហើយធ្វើការដើម្បី​ការអភិវឌ្ឍន៍​​ដោយសន្តិវិធី។ យើងក៏សង្ឃឹមថានឹងមានរដ្ឋាភិបាលល្អដែលអាចប្រយុទ្ធ​ប្រឆាំងនឹងគ្រោះ​មហន្តរាយ​ដែលប៉ះពាល់ដល់ប្រទេសគឺអំពើពុករលួយ។

នេប៉ាល់មានប្រជាពលរដ្ឋប្រមាណជា ៣៣ លាននាក់ ប៉ុន្តែកាតូលិកមានប្រមាណជា ៨០០០ នាក់ប៉ុណ្ណោះ៕

Daily Program

Livesteam thumbnail