ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត ចំរើន បានសម្តែងនូវព្រះទ័យសោមនស្ស និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាល អូលីវីយ៉េ ដែលបានចូលរួមថែរក្សាវប្បធម៌ ប្រពៃណី សិល្បៈតន្ត្រីបុរាណ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាយ៉ាងសកម្ម។ ព្រះអង្គបានគូសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលជាឱកាសឱ្យកូនចៅសម្តែងនូវកតញ្ញូតាធម៌ចំពោះអ្នកមានគុណ និងធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ។

ព្រះអង្គបានមានថេរដីកាកោតសរសើរលោកអភិបាល អូលីវីយ៉េ ដែលលោកតែងតែប្រតិបត្តិខ្លួន និងរស់នៅក្នុងនាមជាប្រជានជនខ្មែរ ដោយបានថែរក្សាទំនៀមទម្លាប់ សម្លៀកបំពាក់ សិល្បៈតន្ត្រីបុរាណ ព្រមទាំងតែងតែរៀបចំកម្មវិធីចែកទេយ្យទានជូនដល់ចាស់ជរាដូចជារដូវភ្ជុំ និងចូលឆ្នាំថ្មីជាដើម។ បន្ថែមពីលើការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ លោកអភិបាលក៏បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍវត្តអង្គមន្ត្រីឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកអភិបាល អូលីវីយ៉េ បាន​រំលឹកអំពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងគ្រីស្ដសាសនា និងពុទ្ធសាសនានាពេលកន្លងមក។ មានសកម្មភាពលេចធ្លោជាច្រើនត្រូវបានលើកឡើង ដូចជាការរួមគ្នាសូត្រធម៌បួងសួងសុំសន្តិភាព ការចុះសួរសុខទុក្ខលើកទឹកចិត្តនិងជួយសម្រាលទុក្ខបងប្អូនជនភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ ការកសាងសាលាពុទ្ធិកបខមសិក្សា នៅវត្តអង្គមន្ត្រី ព្រមទាំងការផ្ដល់ ងារជូនលោកជា អគ្គមហាឧបាសក ពីសម្តេចសង្ឃផងដែរ។

ជាមួយគ្នានេះ លោកអភិបាលបានគូសបញ្ជាក់ថា បុណ្យភ្ជុំគឺជាពេលវេលាដ៏ប្រពៃក្នុងការបង្ហាញការនឹករលឹកដល់បុព្វការីជន ការដឹងគុណចំពោះតាយាយ ឪពុកម្ដាយ និងជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងគ្រួសារ។ លោកបានរំលឹកថា មេត្តាករុណា គឺជាអ្វីដែលព្រះពុទ្ធបានប្រៀនប្រដៅ និងព្រះយេស៊ូបានបង្រៀន ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើតសន្តិភាព និងលុបបំបាត់ការស្អប់ខ្ពើមក្នុងសង្គម។

ជាចុងក្រោយ លោកអភិបាល អូលីវីយ៉េ បានអំពាវនាវដល់លោកយាយលោកតា ឱ្យបន្តជួយអប់រំទូន្មានកូនចៅឱ្យស្គាល់ពីតម្លៃនៃប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងការជួបជុំគ្រួសារពិតប្រាកដ។ ដោយជៀសវាងការវង្វេងជាមួយនឹងបច្ចេកវិទ្យា​ថ្មីៗ និងការទាក់ទាញនៃលោកីយ៍បច្ចុប្បន្ន ព្រមទាំងការបង្កើតទំនាក់ទំនងមិនពិតតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗ។ លោកអភិបាលក៏បានជូនពរជ័យ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការរវាងសាសនាទាំងពីរ ដើម្បីសុភមង្គលរួមនៃសង្គមជាតិ។

សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធីនេះលោកយាយលោកតាទាំង១០០នាក់ ទទួលបាន អង្ករម្ភៃប្រាំគីឡូ មុងមួយ ភួយមួយ តាំងហ៊ុនមួយដុំ សាប៊ូមួយកញ្ចប់ មីប្រាំកញ្ចប់ ទឹកស៊ីអ៊ីវមួយដប ទឹកត្រីមួយដប និងថវិកាចំនួនបីម៉ឺនរៀល ដែលទេយ្យទាននេះ សរុបជាទឹកប្រាក់ចំនួន សែសិបដុល្លារអាមេរិកក្នុងមួយកញ្ចប់៕

 

ដោយ ង៉ែត សុធីរិទ្ធិ

Daily Program

Livesteam thumbnail
khmer popup image