ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង
គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹងភ្ញៀវជាតិនិងអន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅនេះ។
ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងលោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេសថៃ។
លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យឆ្លងព្រះវិហារកាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ថា «នេះជាអំណោយដ៏ថ្លៃថ្លាបំផុតដែលព្រះជាម្ចាស់បានប្រទានដល់ប្រជារាស្រ្តជាគ្រីស្តបរិស័ទនៅព្រះសហគមន៍កាតូលិកនៅកម្ពុជា»។
លោកអភិបាលបានមានប្រសាសន៍បន្តថា ព្រះវិហារនេះជាព្រះវិហារស្អាតបំផុត ថ្មីបំផុត និង ធំបំផុតតំណាងឲ្យសិរីរុងរឿងនៃព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ។
លោកអភិបាលបានបន្ថែមថា ព្រះវិហារនេះតំណាងឲ្យសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងប្រទេសកម្ពុជា។
លោកអភិបាលបានមានប្រសាសន៍បន្តទៀតថា នេះជាព្រះវិហារថ្មីដែលយើងបានសាងសង់បន្តពីអ្វីដែលនៅសេសសល់និងការកកើតព្រះសហគមន៍កាតូលិកឡើងវិញបន្ទាប់ពីរងនូវការបំផ្លិចបំផ្លាញនៅក្នុងសម័យប៉ុល ពត។
លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ចៅអធិការព្រះវិហារសន្តយ៉ូសែបផ្សារតូច និងជាអ្នកទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើង បានមានប្រសាសន៍ថា «អស់រយៈពេលជាង៣៣ ឆ្នាំមកហើយយើងបានប្រើប្រាស់អគារចាស់ជាព្រះវិហារ ពោលគឺតាំងពីឆ្នាំ១៩៩២ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ទើបយើងបានទទួលអំណរសប្បាយជាមួយនឹងព្រះវិហារថ្មីដែលយើងបានឆ្លងនេះ»។
លោកបូជាចារ្យបានបន្តថា ព្រះវិហារនេះចាប់ផ្តើមគំនិតកសាងថ្មីនៅក្នុងឆ្នាំ២០១៨ ហើយត្រូវបានអនុម័តថវិកាពីក្រុមសាសនទូតក្រៅប្រទេសនាទីកុ្រងប៉ារីសនៅឆ្នាំ២០១៩។ ហើយក្នុងឆ្នាំ២០២០ ត្រូវបានបញ្ចុះបឋមសិលា និងបន្តសាងសង់។
ចំពោះដំណើរការសាងសង់ព្រះវិហាថ្មីនេះ បានឆ្លងកាត់បញ្ហាជាច្រើនដូចជាការីករាលដាលនៃមេរោគកូវីដ ១៩ និង បញ្ហាជាច្រើនទៀត លោកចៅធិការព្រះវិហារបន្តថា ប៉ុន្តែនាថ្ងៃបុណ្យព្រះនាងព្រហ្មចារិនីម៉ារីគ្មានជំពាក់បាប នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ សរុប៤ឆ្នាំទើបព្រះវិហារនេះបានសងសង់រួចរាល់។
អគារព្រះវិហារថ្មីនេះមានបណ្តោយ ៤៨,៤ម៉ែត្រ ទទឹង៣០ម៉ែត្រ និង មានកម្ពស់ប្រមាណជា ៤៦ ម៉ែត្រដោយគិតចាប់ពីជាន់ផ្ទាល់ដីរហូតដល់កំពូលនៃព្រះវិហារ។ ព្រះវិហារនេះ កសាងតាមបែបរចនាបទ ខ្មែរបុរាណ រួមផ្សំនឹងរចនាបទក្នុងសម័យអាណានិគមបារាំង ដោយបានបញ្ចូលទស្សនៈគ្រីស្តសាសនា និងគំនិតទេវវិទ្យារបស់ព្រះសហគមន៍កាតូលិក ដើម្បីឲ្យអគារនេះ មានអត្តសញ្ញាណជាសំណង់ស្ថាបត្យកម្មបែបព្រះសហគមន៍កាតូលិកកម្ពុជា។
ព្រះវិហារនេះមានកន្លែងចំណតយានយន្ត សាលពហុមុខងារ ទីសក្ការៈសម្រាប់ប្រារព្ធពិធីថ្វាយអភិបូជា និង ពិធីនានា បន្ទប់បណ្ណាសារ និងតាំងពិពណ៌ ព្រមទាំងមានប៉មជួងព្រះវិហារ។
ពីមុនទីតាំងនេះជាអតីតអនុទេវវិទ្យាល័យនៃព្រះសហគមន៍កាតូលិកនៅកម្ពុជា ដោយទីនេះមានអគាបុរាណមួយដែលបានសាងសង់តាំងពីឆ្នាំ១៩៣០៕
ដោយខាន់ សុភីរម្យ