ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជដំណាក់២ ទីតាំង នៅភ្នំពេញ ទុកធ្វើជាសារមន្ទីរជាតិ និង ជាសម្បត្តិបេតិកភណ្ឌជាតិ
ក្នុងព្រះរាជសារលិខិតព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ផ្ញើទៅសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន២។ ទីតាំងទាំង២ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំពោះទីតាំងទី១ គឺព្រះរាជដំណាក់ទក្សិណ ដែលមានទំហំ ២៨៤៣ម៉ែត្រការ៉េ។ ហេតុនេះ រាជរដ្ឋាភិបាល មានសិទ្ធិក្នុងការជួសជុលកែលម្អ ថែរក្សា ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ សម្រាប់ជាកេរដំណែលដ៏ឧត្តុង្គឧត្តមពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ដំណាក់ទក្សិណនេះ ជាទីកន្លែងដែលព្រះករុណា ព្រះបរមរតនកោដ្ឋ ទ្រង់ប្រសូត។
ចំណែកទីតាំងទី២ ព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី មានបន្ទូលថា ក្រោយពេលដែលអស់ពីព្រះអង្គទៅ ព្រះរាជដំណាក់ព្កុល ទំហំ ៣៥៣៩ម៉ែត្រការ៉េ គឺប្រគល់ទៅរាជរដ្ឋាភិបាល។ ហេតុនេះ រដ្ឋមានសិទ្ធិថែរក្សាធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ ព្រមទាំងជាកេរដំណែលដ៏ឧត្តុង្គឧត្តមអំពីព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី៕