ព្រៃស្រល់មួយកន្លែងនៅហ្វីលីពីនកំពុងប្រឈមមុខនឹងវិបត្តិសំរាម
ព្រៃស្រល់មួយកន្លែងស្ថិតនៅតំបន់ខ្ពង់រាប សាប្លាយ៉ាន (Sablayan) ដែលមានទីតាំងនៅភាគនិរតីនៃ តំបន់ អូស៊ីដេនថល មីនដូរូ ( Occidental Mindoro)ប្រទេសហ្វីលីពីន ដែលជាទីសក្ការៈដ៏ស្ងប់ស្ងាត់កំពុងតែប្រឈមមុខនឹងវិបត្តិសំរាម។
ទីនោះពីមុនមក ត្រូវបានគេដឹងថា គឺជាទីកន្លែងដ៏ស្រស់ត្រកាលមាន ខ្យល់ត្រជាក់បរិសុទ្ធ មានទីតាំងស្ថិតនៅជម្រាលភ្នំដែលគ្របដណ្តប់ដោយអ័ព្ទ និងជួរដើមស្រល់ ប៉ុន្តែនៅពេលនេះកំពុងតែរងគ្រោះពីព្រោះតែ សកម្មភាពមិនទទួលខុសត្រូវ។
សកម្មជនការពារបរិស្ថាន ទីណា ហ្សារ៉ាបេ (Tina Jarabe ) ដែលជាស្ថាបនិកនៃបណ្តាញទេសចរណ៍ផ្សងព្រេងនៅក្នុងតំបន់នោះបាននិយាយថា ទីនោះបច្ចុប្បន្នកំពុងតែរងនូវវិបត្តិដែលទាមទារការយកចិត្តទុកដាក់។
សកម្មជនរូបនេះបាននិយាយថា ទីនោះត្រូវបានបំពុលដោយ សំរាមរួមមានពែងប្លាស្ទិក ដប កំប៉ុងស្រា និងសូម្បីតែអាហារដែលនៅសល់ដូចជាអង្ករដែលត្រូវបានបោះបង់ចោលនៅ ផ្លូវដើរពាសវាលពាសកាល។
សកម្មជនរូបនេះបានអំពាវនាវឲ្យអ្នកទេសចរនានាដែលទៅទីនោះទៅកំសាន្តនៅទីនោះដោយការទទួលខុសត្រូវ ដើម្បីអោយទីនោះបន្តជាគុណតម្លៃសម្រាប់សហគមន៍បន្តទៀត៕