ព្រឹត្តិការណ៍វប្បធម៌បង់ក្លាដែសកំពុងប្រឈមមុខនឹងសម្ពាធនៃភាពតានតឹងខាងសាសនា
ការរំខាន និងការលុបចោលជាបន្តបន្ទាប់នូវការប្រគុំតន្ត្រី ការបញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍វប្បធម៌នៅទូទាំងប្រទេសបង់ក្លាដែស បានបង្កើនការព្រួយបារម្ភកាន់តែខ្លាំងក្នុងចំណោមសិល្បករ អ្នកសិក្សា និងក្រុមសង្គមស៊ីវិល ដែលខ្លាចសម្ពាធកាន់តែខ្លាំងឡើងដោយសារតែក្រុមអភិរក្សនិយមសាសនាលើលំហវប្បធម៌របស់ប្រទេស។
ឧប្បត្តិហេតុចុងក្រោយបំផុតបានកើតឡើងនៅថ្ងៃទី ១ ខែសីហា នៅតំបន់ប្រាមានបារៀ (Brahmanbaria) ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីដាកា ជាកន្លែងដែលកម្មវិធីវប្បធម៌រៀបចំនៅមូលដ្ឋានមួយ ត្រូវបានលុបចោលបន្ទាប់ពីផ្ទុះការប៉ះទង្គិចគ្នាពេញមួយយប់។
យោងតាមប្រភពពីនគរបាលនៅក្នុងតំបន់នោះ សិស្សមកពីសាលាដារូល អាកាម អ៊ីស្លាមៀ ម៉ាដ្រាសា (Darul Arkam Islamia Madrasa) បានទៅដល់ទីកន្លែងរៀបចំពិធីនៅម៉ោងប្រហែល ១១ និង ៣០ នាទីយប់ ដើម្បីតវ៉ាប្រឆាំងនឹងការប្រគុំតន្ត្រីមួយ។ ការឈ្លោះប្រកែកគ្នាមួយត្រូវបានគេរាយការណ៍ថាបានកើនឡើងរហូតដល់ការប៉ះទង្គិចគ្នារវាងនគរបាល និងសិស្សសាលានោះ ដែលធ្វើឱ្យមនុស្សជាង ៣០ នាក់ រួមទាំងមន្ត្រីនគរបាលចំនួន ៧ នាក់ រងរបួស។
សាក្សីបាននិយាយថា សិស្សមួយចំនួនបានចូលទៅក្នុងបរិវេណការិយាល័យរបស់នគរបាល ហើយបានបំផ្លាញកៅអី និងឧបករណ៍ផ្សេងទៀត។ នគរបាលបានប្រើដំបងដើម្បីបំបែកហ្វូងមនុស្ស ខណៈពេលដែលក្រុមអ្នកតវ៉ាត្រូវបានគេរាយការណ៍ថាបានគប់ឥដ្ឋ។ ភាពចលាចលបានបន្តរហូតដល់ព្រឹកព្រលឹម ខណៈដែលសិស្សបានធ្វើបាតុកម្មនៅលើដងផ្លូវក្នុងទីក្រុង ដោយទាមទារការទទួលខុសត្រូវ និងការបិទការប្រគំតន្ត្រី។
