ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព ចាប់ផ្តើមហើយនៅអគារ KAMPUS​ នាព្រឹកនេះ

ពិព័រណ៍ការងារ និងមគ្គទេស៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងកា​រងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុ​វជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអគារ KAMPUS។

ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង នៅតាមបញ្ជរនៅអគារ KAMPUS និងកំពុងរង់ចាំទទួល ពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។​

លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងមគ្គទេស៍អាជីព បានលើកឡើង​ថា ពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតា​មគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយជួ​យបែងចែកឱកាសទាំងនេះឱ្យបានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រ​ប់រូប។​

លោកបាន​ថ្លែង​ថា ៖ «ការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់មនុស្សគ្រប់រូប។ ការងារនិងអាជីពមួយប្រភេទមានអត្ថន័យពិសេសសម្រាប់មនុស្សម្នាក់ៗដែលបានជ្រើសរើស បំពេញ និងកសាងមាគ៌ាអាជីពនោះ»។

ដូច្នេះ យុវជន និងអ្នកស្វែងរកការងារត្រូវការយកចិត្តទុកដាក់រៀបចំផែនការ, ជ្រើសរើសអនុវត្តការងារ, កែសម្រួលនិងកសាងអាជីពមួយឲ្យបានពិតប្រាកដ ដើម្បីសំឡឹងឆ្ពោះទៅភាពជោគ​ជ័យក្នុងពេលអនាគត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ទុយ ស៊ីផាន់។​

ជាមួយគ្នានោះដែរ លោកស្រី តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(ស.ស.យ.ក) បាន​ឱ្យដឹងដែរថា ព្រឹត្តិការណ៍នេះ គឺជាការប្រមូលផ្តុំនូវព័ត៌មានកា​រងារយ៉ាងសំបូរបែប នៅតាមគ្រឹះស្ថាន និងក្រុមហ៊ុនហ៊ុនធំៗ ហើយវាជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ជាមួយនិយោជក និងនិយោជិត។

លោកស្រី​បានបន្តថា ​កន្លងមក ស.ស.យ.ក តែងតែធ្វើជាដៃគូយ៉ាងជិតស្និតជាមួយ NEA  ដើ​ម្បី​រៀបចំព្រឹត្តិការណ៍ធំៗជាច្រើន មានវេទិកាការងារ ពិព័រណ៍ការងារថ្នាក់ជាតិជាដើម ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានពីឱកាសការងារ ដល់ប្រជាពលរដ្ឋពិសេសយុវជន។​

ចំណែក លោក គួយ គីមរើន អ្នកសម្របសម្រួលគម្រោងជាតិ អង្គការអន្តរជាតិខាងការងារ (ILO) បាន​លើកឡើងនាឱកាសនោះដែរថា ILO ពិតជាមានសេចក្តីសោមនស្សរីករាយនឹងគាំទ្រគំនិតផ្តួចផ្តើមរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ការងារដ៏មានសារៈសំខាន់រយៈពេលពីរថ្ងៃនេះឡើង។

លោកថា ព្រឹត្តិការណ៍នេះ ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងនិយោជក អ្នកស្វែងរកា​រងារធ្វើ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីស្វែងយល់អំពីតម្រូវការជំនាញក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។ ពិសេសនោះ ពិព័រណ៍ការងារនេះ គឺជាឱកាសសម្រាប់យុវជនក្នុងការស្វែងរកនិយោជកដែលមានសក្តានុពលជាច្រើន និងស្វែងយល់ពីឱកាសការងារ និងលក្ខខណ្ឌការងារផ្សេងៗផងដែរ។​

សូមជម្រាបថា ពិព័រណ៍ការងារ និងមគ្គទេស៍អាជីពនេះ ​រៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៩-១០ ខែឧសភា ​ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅអគារ KAMPUS ជាប់ស្ពានអាកាសក្បាលថ្នល់។

ពិព័រណ៍នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៥៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាសជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារនិងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, សេវាកម្ម,  អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈ ជាដើម៕

Daily Program

Livesteam thumbnail