ប្រមុខការទូតវ៉ាទីកង់៖ បុរីវ៉ាទីកង់បានបម្រើសន្តិភាពអស់ជាច្រើនសតវត្សរ៍មកហើយ

ប្រមុខការទូតនៃវ៉ាទីកង់ លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយនឹងរដ្ឋនិងអង្គការអន្តរជាតិ បានថ្លែងថា វ៉ាទីកង់បានខិតខំនិងបម្រើសន្តិភាពសម្រាប់មនុស្សជាតិអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។

លោកអគ្គអភិបាលបានមានប្រសាសន៍នៅកោះ Cape Verde នៅក្នុងឱកាសរំលឹក ខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងកោះនេះជាមួយបុរីវ៉ាទីកង់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នំា២០២៦ ថា ការការពារជីវិត គ្រួសារ សេរីភាពសាសនា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ពហុភាគីនិយម និងច្បាប់អន្តរជាតិ ជាតម្លៃជាមូលដ្ឋាន នៃគោលការណ៍ការទូតរបស់សន្តអាសនៈ ឬបុរីវ៉ាទីកង់។

លោកអគ្គអភិបាលបានបន្តថា ក្រៅពីនោះបុរីវ៉ាទីកង់ ក៏នៅបន្តយកចិត្តទុកដាក់លើបញ្ហាប្រឈមជាសាកលផ្សេងៗទៀត ដូចជាជម្លោះ វិបត្តិអាកាសធាតុ វិសមភាព ការធ្វើចំណាកស្រុក ការផ្លាស់ប្តូរបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀន វិបត្តិនៃតម្លៃ បុគ្គលនិយម និងការបាត់បង់អារម្មណ៍នៃសច្ចភាពជាដើម។

លោកអគ្គអភិបាលបាន គូសបញ្ជាក់នៅក្នុងសុន្ទរកថា ថា គោលនយោបាយការទូតរបស់សម្តេចប៉ាបត្រូវបានពង្រឹងដោយ ប្រពៃណីប្រវត្តិសាស្ត្រដ៏យូរអង្វែង ដែលផ្តោតលើ គោលបំណងស្នូល នៃសន្តិភាព ការការពារ និងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្ស។

លោកអគ្គអភិបាលបានបន្តថា បច្ចុប្បន្ន សន្តអាសនៈបានរក្សាទំនាក់ទំនងការទូតជាមួយរដ្ឋចំនួន ១៨៤ បន្ថែមពីលើសហភាពអឺរ៉ុប ហើយមានស្ថានបេសកកម្មការទូតចំនួន ៩៣ ដែលមានមូលដ្ឋានទីក្រុងរ៉ូម ត្រូវបានទទួលស្គាល់ពីវ៉ាទីកង់។

ជាថ្មីម្តងទៀត លោកអគ្គអភិបាលក៏បានលើកទឹកចិត្តដល់ការលើកកម្ពស់ ការទូតនៃក្តីសង្ឃឹម និងតម្លៃ ដោយអនុវត្តការអំពាវនាវរបស់សម្តេចប៉ាបសម្រាប់ សន្តិភាពដែលគ្មានអាវុធ តាមរយៈទំនាក់ទំនងដែលបង្កើតឡើងដោយផ្អែកលើសេចក្តីស្រឡាញ់ និងសច្ចភាព៕

Daily Program

Livesteam thumbnail