បូជាចារ្យឥណ្ឌាប្តេជ្ញាកសាងស្ពានឆ្លងកាត់ជំនឿតាមរយៈការសន្ទនាពេញមួយជីវិត

ខណៈពេលដែលសហព័ន្ធក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) កំពុងរៀបចំកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅទីក្រុងហ្សាកាតា ក្រោមប្រធានបទ «ការកែប្រែចិត្តគំនិត និងបេសកកម្មដើម្បីក្លាយជាស្ពាន និងអ្នកសង់ស្ពានជំនឿនៅអាស៊ី» លោកបូជាចារ្យ អឹម ឌី ថូម៉ាស (M.D. Thomas) តំណាងព្រះសហគមន៍កាតូលិកឥណ្ឌា បានចែករំលែកនូវឧទាហរណ៍ដ៏គួរឱ្យទាក់ទាញមួយ អំពីចក្ខុវិស័យក្នុងការសម្រេចឱ្យបានតាមគោលបំណងនៃប្រធានបទនេះ។
អស់រយៈពេលជាង ៤ ទសវត្សរ៍មកហើយ លោកបូជាចារ្យ ថូម៉ាស បានលះបង់ខ្លួនឯងដើម្បីកសាងស្ពានក្នុងចំណោមប្រជាជនដែលមានសាវតាជំនឿ និងសាសនាផ្សេងៗគ្នាជាច្រើន តាមរយៈការសន្ទនា ការអប់រំ និងការជួបជុំគ្នាដោយផ្ទាល់។ នៅក្នុងតំបន់ដែលមានភាពចម្រុះខាងសាសនាដូចជាអាស៊ី ដែលជាកន្លែងសហគមន៍នៃជំនឿផ្សេងៗគ្នារស់នៅជាមួយគ្នា អ្វីដែលលោកបូជាចារ្យបានចែករំលែក គឺការឆ្លុះបញ្ចាំងពីជំនឿដោយយកសន្តិភាព និងការអត់ធ្មត់ជាមូលដ្ឋាន ផ្សារភ្ជាប់នឹងការយោគយល់គ្នាទៅវិញទៅមក ការគោរព និងមិត្តភាព។
លោកបូជាចារ្យ ថូម៉ាស ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដំបូងគេនៃក្រុមសាសនទូតសន្តថូម៉ាស ក៏ជាបូជាចារ្យគ្រីស្តសាសនាដំបូងគេ ដែលទទួលបានសញ្ញាបត្របណ្ឌិតផ្នែកភាសាហិណ្ឌូពីសាកលវិទ្យាល័យ Banaras Hindu ក្នុងទីក្រុងវ៉ារ៉ាណាស៊ី (Varanasi) ដែលជាសាកលវិទ្យាល័យសាធារណៈចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតមួយរបស់ប្រទេសឥណ្ឌា។ លោកក៏ជាលេខាធិការជាតិដំបូងគេនៃគណៈកម្មការសម្រាប់ភាពសុខដុមរមនាខាងសាសនានៃក្រុមប្រឹក្សាលោកអភិបាលព្រះសហគមន៍កាតូលិកនៃប្រទេសឥណ្ឌា (CBCI) ដែលជាតំណែងលោកបានកាន់កាប់អស់រយៈពេល ៩ ឆ្នាំ។
ចាប់តាំងពីឆ្នាំ ២០១៤ មក លោកបូជាចារ្យអាយុ ៧៣ ឆ្នាំរូបនេះ បានបម្រើការជាស្ថាបនិក និងជានាយកនៃវិទ្យាស្ថានសិក្សាសុខដុមរមនា និងសន្តិភាព (IHPS) នៅទីក្រុងញូវដេលី។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ លោកបានលះបង់ជីវិតដើម្បីលើកកម្ពស់ការសន្ទនាក្នុងចំណោមអ្នកកាន់សាសនាហិណ្ឌូ ឥស្លាម គ្រិស្តសាសនា សាសនាស៊ីក ព្រះពុទ្ធសាសនា សាសនាជេន ជំនឿបាហៃ សាសនាយូដា សហគមន៍អាម៉ាឌីយ៉ា និងប្រពៃណីសាសនាផ្សេងៗទៀត។
លោកបូជាចារ្យ ថូម៉ាស់ បានមានប្រសាសន៍ថា៖ «នៅក្នុងពិភពលោកមួយដែលការស្អប់ខ្ពើម និងការសម្លាប់កំពុងកើតឡើងក្នុងនាមសាសនា ការសន្ទនាក្នុងចំណោមជំនឿផ្សេងៗគ្នាគឺជាតម្រូវការចាំបាច់នៃពេលវេលា»។ លោកបានបន្ថែមថា បេសកកម្មនៃភាពសុខដុមរមនា និងសន្តិភាពដែលលោកបានខិតខំអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ធ្វើឱ្យលោកមានសេចក្តីសុខ និងបានរួបរួមជាមួយនឹងប្រភពដ៏ទេវភាពនៃបេសកកម្មនេះ៕


 

Daily Program

Livesteam thumbnail