បុរសជិះកង់ផ្សងព្រេងដើម្បីកុមារកម្ពុជា លោក ទីវ តារារិទ្ធិ វិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយឆ្លងកាត់ ៤០ប្រទេស ជិត ៦ម៉ឺនគីឡូម៉ែត្រ

លោក ទីវ តារារិទ្ធិ កំពូលអ្នកជិះកង់ផ្សងព្រេងដ៏កម្ររបស់កម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីស្វែងរកមូលនិធិជួយដល់កុមារកម្ពុជា បន្ទាប់ពីបានចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ហើយឆ្លងកាត់បណ្តាប្រទេសនានានៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិកខាងត្បូង សរុបចំនួន ៤០ប្រទេស លើចម្ងាយផ្លូវរហូតដល់ ៥ម៉ឺន ៧ពាន់គីឡូម៉ែត្រ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងដើម្បីកុមារកម្ពុជា បានគូសបញ្ជាក់ថា លោកបានចាប់ផ្ដើមបេសកកម្មជិះកង់ឆ្លងទ្វីបដើម្បីកុមារកម្ពុជានេះ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដោយបានចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ហើយឆ្លងកាត់ប្រទេសនៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិកខាងត្បូង សរុប៤០ប្រទេស លើចម្ងាយផ្លូវ ៥ម៉ឺន ៧ពាន់គីឡូម៉ែត្រ ដោយចំណាយពេលអស់រយៈពេល ២ឆ្នាំគត់តែម្តង។

កំពូលអ្នកជិះកង់ផ្សងព្រេងដ៏កម្ររូបនេះ បានសង្កត់ធ្ងន់បែបនេះថា៖ «នៅតាមដំណើរផ្សងព្រេងលើចម្ងាយផ្លូវជិត ៦ម៉ឺនគីឡូម៉ែត្រនេះ ខ្ញុំបានជួបរឿងមិនគួរឱ្យជឿច្រើនណាស់ ជាពិសេសពេលឆ្លងកាត់ប្រទេសទាំងអស់នោះ ខ្ញុំបានជួបមនុស្សជាច្រើន។ ឥឡូវនេះ ខ្ញុំចាប់ផ្តើមនឹកផ្លូវទាំងនោះបន្តិចម្តងៗហើយ ដោយប្រហែលជានឹងលែងជិះកង់លើចម្ងាយផ្លូវដ៏ឆ្ងាយបែបនេះទៀតឡើយ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងផលិតមាតិកជាច្រើនទៀត ដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីអ្វីៗដែលបានកើតឡើងនៅតាមដងផ្លូវ»។

លោកបានបន្ថែមទៀតថា៖ «នៅពេលមកដល់កម្ពុជាវិញ ខ្ញុំពិបាកពិពណ៌នាថាតើត្រូវនិយាយបែបណានោះទេ ប៉ុន្តែខ្ញុំពិតជានឹកផ្ទះខ្លាំងណាស់។ ដំណើរផ្សងព្រេងនេះមានឧបសគ្គជាច្រើនដែលខ្ញុំបានជួបប្រទះ ហើយខ្ញុំតែងតែជម្នះវា។ នៅពេលមួយនោះ ខ្ញុំធ្លាក់ខ្លួនឈឺប៊ិះស្លាប់ទៀត ដោយឧបសគ្គទាំងនោះធ្វើឱ្យខ្ញុំនឹកផ្ទះខ្លាំងមែនទែន ហើយអារម្មណ៍មួយនេះពិបាកពិពណ៌នាមែន។ អ្វីដែលពិសេស ថ្ងៃនេះខ្ញុំបានមកដល់មាតុភូមិកំណើតវិញប្រកបដោយសុខសុវត្ថិភាព»។

លោកអះអាងបែបនេះទៀតថា៖ «នៅពេលចេញដំណើរថ្ងៃដំបូងពីកម្ពុជា ក្នុងគោលដៅជិះកង់ដើម្បីកុមារកម្ពុជា អ្វីដែលខ្ញុំបានសន្យាចំពោះអ្នកទាំងអស់គ្នា មន្ទីរពេទ្យ និងអ្នកគាំទ្រថា បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំសន្យាថានឹងធ្វើដំណើរឱ្យដល់គោលដៅ ហើយធ្វើវាឱ្យបាន។ ពេលនេះខ្ញុំធ្វើវាបានជោគជ័យហើយ។ បទពិសោធន៍រយៈពេល ២ឆ្នាំក្នុងបណ្តាប្រទេសចំនួន ៤០ប្រទេសនេះ គឺហូរហៀរ ដែលខ្ញុំបានជួបប្រទះរឿងរ៉ាវជាច្រើន។ ខ្ញុំបាននាំរឿងរ៉ាវជាច្រើនពីកម្ពុជាទៅប្រាប់ប្រជាជនដែលបានមកជួបខ្ញុំ។ ពួកគាត់បានសួរខ្ញុំថា ខ្ញុំមកពីប្រទេសណា ហើយខ្ញុំមានមោទនភាពណាស់ក្នុងការប្រាប់ពួកគាត់ថា ខ្ញុំមកពីប្រទេសកម្ពុជាដ៏អស្ចារ្យ ដែលមានប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ ដោយនេះជាឱកាសដែលខ្ញុំបានប្រាប់ដល់ពួកគាត់។ ពួកគាត់គាំទ្រយើងខ្លាំងណាស់ ក្នុងដំណើរបេសកកម្មដើម្បីសប្បុរសធម៌នេះ ហើយខ្ញុំបានជួបមិត្តភក្រ្តថ្មីៗច្រើន ជាពិសេសខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីរបស់អង្គការ ក៏ដូចជាកម្មវិធីផ្លូវការរបស់រដ្ឋគេផងដែរ»។

លោកបានបន្ថែមថា៖ «គោលដៅនៃការរៃអង្គាសថវិកាឱ្យបាន ២៥ម៉ឺនដុល្លារនេះ គឺមកដល់ពេលនេះ ខ្ញុំទើបតែរកបាន ២២ម៉ឺនដុល្លារប៉ុណ្ណោះ។ ដូច្នេះខ្ញុំសង្ឃឹមជឿជាក់ថា បងប្អូនអ្នកគាំទ្រទាំងអស់បន្តចូលរួមគាំទ្របរិច្ចាគឱ្យបាន ២៥ម៉ឺនដុល្លារ ក្នុងការបញ្ចប់បេសកកម្មនៃគោលដៅជួយដល់កុមារកម្ពុជា។ គោលដៅចុងក្រោយ ខ្ញុំមានគម្រោងជិះកង់ពីភ្នំពេញទៅសៀមរាប រយៈពេល ៣ថ្ងៃ ដើម្បីបញ្ចប់កម្មវិធីនៅទីនោះតែម្តង»។

គួរបញ្ជាក់ថា កំណត់ហេតុសំខាន់ៗរបស់លោក គឺការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន, ការរៀបចំធ្វើដំណើរជិះកង់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប, ការបិទកម្មវិធីជិះកង់សប្បុរសធម៌នៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ, ការផលិតខ្សែភាពយន្តឯកសារខ្លីនៃការធ្វើដំណើររបស់លោក ២ឆ្នាំជាមួយកង់ (TWO YEARS ON A BIKE), ការរៀបចំចងក្រងសៀវភៅ «២ឆ្នាំជាមួយកង់» (TWO YEARS ON A BIKE) ព្រមទាំងការងារផ្សេងៗទៀត ដើម្បីផ្តល់ការគោរព និងអំណរគុណដល់សាធារណជន អ្នកគាំទ្រ និងក្រុមហ៊ុនមួយចំនួន ដែលបានសហការ និងគាំទ្របេសកកម្មជិះកង់ដើម្បីកុមារកម្ពុជានេះចុះខ្សោយឡើយ៕

 

Daily Program

Livesteam thumbnail