បន្ទាប់ពីការវាយប្រហារភេរវកម្មនៅកាឆ្មៀរ៍ អាចមានភាពរន្ធត់នៃសង្រ្គាមទឹក រវាងឥណ្ឌា និងប៉ាគីស្ថាន

ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានបានធ្លាក់ជ្រោះ បន្ទាប់ពីការវាយប្រហារបង្ហូរឈាម​ដែល បានផ្ទុះឡើងនៅនៅតំបន់ទេសចរណ៍នៃដែនដីជម្លោះនៅកាឆ្មៀរ៍ កាលពីថ្ងៃទី២២ មេសា។ កាន់​តែច្បាស់ ការផ្គត់ផ្គង់ទឹកទៅដល់ប៉ាគីស្ថានអាចនឹងកាត់បន្ថយខ្លាំងក្លាបន្ទាប់​ពី​ការ សម្រេច​របស់អាជ្ញាធរឥណ្ឌា ព្យួរសន្ធិសញ្ញាដ៏សំខាន់នៃការបែងចែកទឹកនៃទន្លេឥណ្ឌូស។

ការផ្អាកកិច្ចព្រមព្រៀង គឺជាផ្នែកនៃវិធានការស៊កសៀតដែលសម្រេចដោយអាជ្ញាធរឥណ្ឌា ដែលបានចោទប្រកាន់ទីក្រុងអ៊ីស្លាមម៉ាបាដ ជាភាគីទទួលខុសត្រូវនៃការបាញ់ប្រហារដែល​ធ្វើ​ឲ្យមានជនស៊ីវិលរងគ្រោះ២៦នាក់នៅតំបន់កាឆ្មៀរ៍ និងជាការវាយប្រហារបង្ហូរឈាមបំផុត​ទៅ លើប្រជាជនមិនមែនជាអ្នកប្រយុទ្ធ​ចាប់តាំងពីដើមសតវត្សនៅតំបន់នេះ។

ទីក្រុងអ៊ីស្លាមម៉ាបាដ បានបដិសេធការពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនេះ និងប្រតិកម្ម​តបយ៉ាងក្លៀវក្លាទៅនឹងទណ្ឌកម្មរបស់ឥណ្ឌា នៅក្នុងចំណោមនោះមានការបិទច្រកព្រំដែន ឥណ្ឌានៅតំបន់កាឆ្មៀរ៍ និងការលុបចោលទិដ្ឋិការ។ ប៉ាគីស្ថានបានឆ្លើយតបដោយបិទដែន អាកាសរបស់ខ្លួនសម្រាប់​ក្រុមហ៊ុនឥណ្ឌា និងលុបចោលរាល់ពាណិជ្ជកម្មទ្វេភាគី។

ការព្យួរជាឯកតោភាគីនៃសន្ធិសញ្ញាទឹកនៅទន្លេឥណ្ឌូសផ្តល់ហានិភ័យជាការចាក់បន្ថែមសាំង​លើភ្លើង។ រដ្ឋមន្រ្តីគ្រប់គ្រងទឹករបស់ឥណ្ឌា បានបញ្ជាក់ថា អាជ្ញាធរធ្វើការសម្រាប់វិធានការ​ដើម្បីធានាថា គ្មានដំណក់ទឹកណាមួយអាចទៅដល់ប្រទេសប៉ាគីស្ថានទៀតនោះទេ។ ទីក្រុង​អ៊ីស្លា​ម​ម៉ាបាដ បានព្រមានថា នេះរាប់បញ្ចូលទៅនឹងទង្វើសង្រ្គាម សម្រាប់ រាល់គំនិតផ្តួចផ្តើម​របស់​ឥណ្ឌាដើម្បីកាត់បន្ថយទំហំទឹកដោយបង្វែទឹកទន្លេឥណ្ឌូសពីទីតាំង​ដែលទន្លេនេះ​ឆ្លង​កាត់​នៅក្នុងទឹកដីឥណ្ឌា។

ការវាយប្រហារភេរវកម្មនៅក្នុងតំបន់កាឆ្មៀរ៍ ផ្តល់ហានិភ័យនឹងបង្ករឲ្យមានសង្រ្គាមទឹករវាង​មហា​​អំណាចតំបន់ទាំងពីរដែលមានអាវុធ​នុយក្លេអ៊ែរ។ មិនមានការភ្ញាក់ផ្អើលនៅពេលដែលគេស្គាល់អំពីសារសំខាន់នៃទន្លេឥណ្ឌូសសម្រាប់តំបន់ និងជាពិសេសសម្រាប់ប្រជាជនប៉ាគីស្ថាន។

លោកស៊ូឌៀ សេលវ៉ារ៉ា នយោបាយវិទូ និងជាអ្នកឯកទេសអាស៊ីខាងត្បូងនៃសកលវិទ្យាល័យ ប្រាដហ្វ៉ដ បានធ្វើសេចក្តីលំអិតថា ទន្លេនេះដែលឆ្លងកាត់ ៣ប្រទេស ឥណ្ឌា ប៉ាគីស្ថាន និងចិន គឺជាប្រភពទឹកសំខាន់សម្រាប់​ប្រជាជនប្រមាណ ២៦៨លាននាក់។ ជិត ៨០% នៃ​កសិកម្ម​ប៉ាគីស្ថានអាស្រ័យលើទឹកទន្លេ ឥណ្ឌូស ហើយគេប៉ាន់ប្រមាណថា ២៥% នៃ GDP របស់ប៉ាគីស្ថានមានប្រភពពីសកម្មភាព​ដែលមានទំនាក់ទំនងនឹងទន្លេនេះ។

សន្ធិសញ្ញាទឹកនៃទន្លេឥណ្ឌូស ដែលចុះហត្ថលេខានៅឆ្នាំ១៩៦០ រវាងឥណ្ឌា និងប៉ាគីស្ថាន​ក្រោមការត្រួតពិនិត្យពីធនាគារពិភពលោក ត្រូវធានាការប្រើប្រាស់ដោយសមធម៌នៃទន្លេនេះ​​សម្រាប់ទាំងអស់គ្នា។

លោកស៊ូឌៀ សេលវ៉ារ៉ា បញ្ជាក់ថា សន្ធិសញ្ញានេះត្រូវបានចាត់ទុកថា គឺជាសន្ធិសញ្ញា​មួយ​ក្នុង​ចំណោម​សន្ធិសញ្ញានានាដែលមានជោគជ័យធំបំផុតក្នុងការបែងចែក​ទឹកជាលក្ខណៈ​អន្តរជាតិ។

ប្រសិនបើអាជ្ញាធរទីក្រុងញូ ដេលលីសម្រេចចិត្តបោះបង់សន្ធិសញ្ញាទឹក វិបាកអាចនឹង​មហន្តរាយ​ខ្លាំងសម្រាប់ប៉ាគីស្ថាន។

លោកស៊ូឌៀ សេលវ៉ារ៉ា សង្ខេបថា ៖ “គេត្រូវយល់ឲ្យច្បាស់ថា ស្ទឹងទន្លេនានា និងទន្លេឥណ្ឌូស ឆ្លងកាត់ឥណ្ឌាមុន បន្ទាប់មកទើបទៅដល់ប៉ាគីស្ថាន។ នេះគឺជាទីតាំងបញ្ហាសម្រាប់ទីក្រុង​អ៊ីស្លាមម៉ាបាដ ដោយសារអ្នកដែលគ្រប់គ្រងធាទឹក គឺឥណ្ឌា ហើយឥណ្ឌាអាចផ្លាស់ប្តូរ​បរិមាណ​​ទឹក​ដែល​នឹងធ្លាក់ទៅដល់ប៉ាគីស្ថាន”។

Daily Program

Livesteam thumbnail