បទឈប់បាញ់កំពុងជិតផុតរលត់ សម្រាប់លោកដូណាល់ ត្រាំ ចំណែក​អ៊ីរ៉ង់​ត្រៀម​វាយ​បក

កាលពីថ្ងៃទី១១ ខែឧសភា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកសន្និដ្ឋានថា ការឈប់ បាញ់គ្នា គឺកំពុងជិតផុតកំណត់ បន្ទាប់ពីលោកបានរិះគន់ចម្លើយរបស់អ៊ីរ៉ង់​ចំពោះផែនការ​របស់​អាម៉េរិកដែលមានបំណងបញ្ចប់សង្គ្រាមរយៈពេលវែង។ ទីក្រុងតេអេរ៉ង់ ក៏បានប្រកាស ថា ត្រៀមខ្លួនឆ្លើយតបប្រសិនបើមានការបំពាន។

បន្ទាប់ពីរយៈពេលជាងមួយខែនៃការឈប់បាញ់ ផ្លូវនៃការទូត​កំពុងជាប់ផុងរវាងទីក្រុង​វ៉ាស៊ីនតុន និងទីក្រុងតេអេរ៉ង់ ដែលមានប្រទេសប៉ាគីស្ថានជា​អន្តរការីសម្រាប់សំណើរ​ពង្រឹង​បទ​ឈប់បាញ់ ដែលមិនបានចេញជាលទ្ធផលសម្រេចនោះដែរ។

លោកដូណាល់ ត្រាំ ពីសេតវិមានអាម៉េរិក បានវិនិច្ឆ័យថា ៖ “ការឆ្លើយតបរបស់អ៊ីរ៉ងសម្រាប់ ការ​ផ្តល់ឲ្យចុងក្រោយរបស់អាម៉េរិក ត្រូវបានបោះចូលធុងសម្រាម”។

ចំណែកប្រធានសភាអីរ៉ង់ លោកម៉ូហាម៉ាដ បាហ្គេ ហ្គាលីបាហ្វ ឆ្លើយតបប្រឆាំងនៅលើ បណ្តាញ​សង្គម​វិញថា អ៊ីរ៉ង់ត្រៀមខ្លួនដើម្បីវាយបក​ និងផ្តល់មេរៀនមួយ​ក្នុងករណីមានការ​វាយប្រហារ។

នៅអំឡុងការហៅទូរសព្ទជាមួយអ្នកសារព័ត៌មាន ហ្វ៉ក ញូ (Fox News) លោកដូណាល់ ត្រាំ ក៏បាននិយាយថា លោកធ្លាប់បានសន្យានឹងធ្វើប្រតិបត្តិការការពារនាវា​សម្រាប់ឆ្លងកាត់ ច្រក​សមុទ្រអ័រមូស ដែលរាំងខ្ទប់ដោយអ៊ីរ៉ង់។ 

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកអេស្មេល បាហ្គៃ បានថ្លែងថា ៖​ ”រឿងតែ​មួយគត់​ដែល​យើងទាមទារ គឺជាសិទ្ធស្របច្បាប់របស់អ៊ីរ៉ង់”។ សាធារណរដ្ឋឥស្លាមលើកឡើង​ការ​ទាមទារ ដូចជា ការបញ្ចប់សង្រ្គាមនៅក្នុងតំបន់ រួមមាន​ទាំងនៅលីបង់ ការដកការរាំងខ្ទប់​កំពង់​ផែអ៊ីរ៉ង់ និងការរំដោះទ្រព្យសម្បត្តិរបស់ប្រជាជនអ៊ីរ៉ង់ ដែលត្រូវបានរាំងខ្ទប់ដោយ​មិន​ត្រឹមត្រូវ​តាំងពីច្រើនឆ្នាំមកហើយ។"

យោងតាមសារព័ត៌មាន វ៉ល ស្ត្រីត ជូនណល់ (Wall Street Journal) ដែលបាន​លើក​យក​ប្រភពដែលជិតស្និទ្ធនឹងសំណុំរឿង បានឲ្យដឹងថា សំណើររបស់ទីក្រុងតេអេរ៉ង់ គឺគ្រោងឲ្យ​មាន​​សម្រាប់​​ការបើកឡើងវិញនូវច្រកសមុទ្រអ័រមូស ទន្ទឹមពេលនឹងការដកការរាំង​ខ្ទប់​របស់​អាម៉េរិកស្របគ្នា។ ចំណែកអ៊ីរ៉ង់នឹងផ្តល់ជូនដោយការបន្ថយកម្រិតខ្លាំង​នៃមួយ​ផ្នែក​នៃ​អ៊ុយរ៉ានីញ៉ូម​​របស់​ខ្លួន ដែល​មាន​កម្រិត​ចម្រាញ់ខ្ពស់ និងផ្ទេរមួយផ្នែកដែលនៅសល់ទៅកាន់ ប្រទេសទីបី ប៉ុន្តែ​អ៊ីរ៉​ង់​​បាន​បដិសេធមិនឲ្យមានការរុះរើឧបករណ៍របស់ខ្លួន និងមិនព្រមទទួល​យក​ការ​ផ្អាក​រយៈ​ពេល ២០​ឆ្នាំ លើដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម​នោះ​ទេ។

លោកដូណាល់ សន្និដ្ឋានថា  ៖ “យើងនឹងទទួលជ័យជម្នះពេញលេញ។ យើងបានជ័យជម្នះ​រួច​ហើយ​ជាទ្រឹស្តី គឺជោគជ័យពេញលេញបើគិតទៅលើការធ្វើសង្រ្គាមយោធា”។

ទោះបីជាយ៉ាងណា ការបិទខ្ទប់ដែលនៅបន្តមាននៅច្រកសមុទ្រ អ័រមូស ដែលជាច្រកយុទ្ធ​សាស្រ្ត​សម្រាប់ពាណិជ្ជកម្ម​ពិភពលោកនៃឥន្ទនៈ បានធ្វើឲ្យតម្លៃនៃមាសខ្មៅ​ហក់ឡើង​ជាថ្មី។ នៅ​ពេលបិទទីផ្សារជួញដូរ​កាលពីថ្ងៃចន្ទ មួយបារ៉ែលនៃប្រេងប្រេនត៍ (Brent)(១) ពី​សមុទ្រខាង​ជើងនៅអឺរ៉ុប បានកើនឡើង ២,៨៨% គឺ ១០៤,២១ ដុល្លារ នៅ​ក្នុង​មួយ​បារ៉ែល(២) ។

បើតាមប្រធានក្រុមហ៊ុនប្រេងយក្សរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត អារ៉ាមកូ បានឲ្យដឹងថា​សង្រ្គាម​ដែលបានធ្វើឲ្យ​មាន​​មនុស្សស្លាប់រាប់ពាន់នាក់ ជាទូទៅនៅអ៊ីរ៉ង់ និងលីបង់ បានធ្វើឲ្យ​មាន​​ការប៉ះទង្គិចដ៏​ខ្លាំងក្លា​​បំផុតលើវិស័យថាមពល ដែលមិនដែលធ្លាប់ជួបនៅ​លើ​ពិភពលោក។ លោកអាម៊ីន ណាសែរ ប្រធានក្រុមហ៊ុននេះ បានបញ្ជាក់ថា ៖ “ទោះបីថ្ងៃនេះ ច្រកសមុទ្រអ័រមូស​ត្រូវ​​បាន​បើក ក៏គេនឹងត្រូវការពេលជាច្រើនខែ​ដើម្បីឲ្យទីផ្សារអាចវិល​ត្រឡប់​​មកដំណើរការ​ជាធម្មតាវិញ ដែលអាច​នៅ​ឆ្នាំ២០២៧។

(១) ឈ្មោះស្តង់ដារ ប្រេងឆៅ Brent ដែលជាប្រេងសំខាន់មួយក្នុងទីផ្សារពិភពលោក។

(២) មួយបារ៉ែលប្រេង = ១៥៩ លីត្រ ប្រេង។

 

Daily Program

Livesteam thumbnail