បញ្ហាប្រឈមធំបំផុតនៃ AI គឺសមត្ថភាពក្នុងការបែងចែកការពិត និងសេចក្តីភូតភរ
នៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់មហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែកក្កដា នៅមជ្ឈមណ្ឌលគង្វាលកិច្ចនៃព្រះវិហារទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី លោកបូជាចារ្យ ក្លារិន ឌីវ៉ាដាស (Clarence Devadass) អគ្គលេខាធិការរង FABC និងជាលេខាធិការប្រតិបត្តិនៃការិយាល័យស៊ីណូដាល បានគូសរំលេចថា បញ្ហាប្រឈមធំបំផុតដែលបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺសមត្ថភាពក្នុងការបែងចែករវាងការពិត និងសេចក្តីភូតភរ។
ថ្លែងពន្យល់អមដោយអនុប្រធាន FABC កាឌីណាល់ ប៉ាប្លូ វីរហ្គីលីយ៉ូ ដាវីឌ (Pablo Virgilio David) និងប្រធានក្រុមប្រឹក្សាអភិបាលកាតូលិកឥណ្ឌូនេស៊ី លោកអភិបាល អង់តូនីញូស ស៊ូប៊ីយ៉ាន់តូ ប៊ុនយ៉ាមីន (Antonius Subianto Bunjamin) លោកបូជាចារ្យ ឌីវ៉ាដាស បានសង្កត់ធ្ងន់ថា ព្រះសហគមន៍មិនប្រឆាំងនឹងជឿនលឿននៃបច្ចេកវិទ្យានោះទេ ហើយគួរតែទទួលយក AI ជាឧបករណ៍ដ៏មានតម្លៃ ប្រសិនបើវាត្រូវបានប្រកាន់ខ្ជាប់យ៉ាងរឹងមាំនៅលើគុណតម្លៃនៃដំណឹងល្អ និងការវិនិច្ឆ័យផ្នែកសីលធម៌។
ដើម្បីបង្ហាញពីរបៀបដែលបច្ចេកវិទ្យាអាចបម្រើបេសកកម្មរបស់ព្រះសហគមន៍ លោកបូជាចារ្យ ឌីវ៉ាដាស បានរំលឹកពីការផ្សាយផ្ទាល់ពិធីអរព្រះគុណ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលបានជួយឱ្យគ្រីស្តបរិស័ទជាជនពិការ អ្នកជំងឺ មនុស្សចាស់ និងអ្នកមិនអាចមកព្រះវិហារផ្ទាល់ អាចរក្សាទំនាក់ទំនងជាមួយពិធីបុណ្យ និងព្រះសហគមន៍របស់ពួកគេ។
លោកក៏បានចង្អុលបង្ហាញពីសក្តានុពលដ៏ធំធេងរបស់ AI ក្នុងការកែលម្អការទំនាក់ទំនងនៅទូទាំងតំបន់អាស៊ីដែលមានភាពចម្រុះខាងភាសា និងវប្បធម៌ ដោយការបកប្រែសារទូន្មានផ្លូវការ និងធនធានគង្វាលកិច្ចទៅជាភាសាក្នុងស្រុកជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាឌីជីថលអនុញ្ញាតឱ្យព័ត៌មានពិត និងព័ត៌មានមិនពិតរីករាយដាលយ៉ាងឆាប់រហ័ស ហើយបញ្ហាប្រឈមចម្បងនាពេលបច្ចុប្បន្ន មិនមែនជាការខ្វះខាតព័ត៌មាននោះទេ ប៉ុន្តែគឺការអភិវឌ្ឍសមត្ថភាពរិះគិតដើម្បីវិនិច្ឆ័យថាតើអ្វីជាការពិត អ្វីជាការស្ថាបនា និងអ្វីដែលគោរពដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស។
ដោយស្របទៅនឹងទស្សនៈរបស់កាឌីណាល់ ដាវីឌ ដែលថា AI តំណាងឱ្យឱកាសជាជាងការគំរាមកំហែងនៅពេលដែលមានការដឹកនាំដោយការទទួលខុសត្រូវផ្នែកសីលធម៌ លោកបូជាចារ្យ ឌីវ៉ាដាស បានកត់សម្គាល់ថា ការរិះគិតវិនិច្ឆ័យបានក្លាយជាគុណធម៌ដ៏សំខាន់របស់គ្រីស្តសាសនិក។
លោកបានសង្កត់ធ្ងន់ថា អនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មិនមែនត្រឹមតែជាការបង្កើតថ្មីផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែគឺការបណ្តុះបណ្តាលបុគ្គលឱ្យមានសមត្ថភាពក្នុងការធ្វើការវិនិច្ឆ័យដោយប្រកបដោយប្រាជ្ញានិងសីលធម៌។
ជាចុងក្រោយ លោកបានសង្កត់ធ្ងន់ថា នៅពេលដែល AI ត្រូវបានបញ្ចូលទៅក្នុងជីវិតប្រចាំថ្ងៃ បេសកកម្មបន្តរបស់ព្រះសហគមន៍ គឺការប្រឈមមុខដោយទំនុកចិត្តជាមួយនឹងប្រាកដនិយមទំនើប ជំរុញការស្តាប់ និងការសន្ទនា ព្រមទាំងធានាថាបច្ចេកវិទ្យាបំរើផលប្រយោជន៍រួម ស្របពេលដែលយើងកំពុងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕