នុយក្លេអ៊ែរស៊ីវិល ៖ នៅពេលប្រទេសចិនឈានមុខឆ្ងាយនៅក្នុងបច្ចេកវិជ្ជា រ៉ែ ថូរីយ៉ូម...
នៅចុងក្រោយអាជ្ញាធរចិនហាក់បីដូចជា អាចទម្លុះអាថ៌កំបាំងដែលអនុញ្ញាតឲ្យផលិតឥន្ធនៈ នុយក្លេអ៊ែរចេញពីរ៉ែលោហៈថូរីយ៉ូម។ កាលពីដើមខែវិច្ឆិកា អាជ្ញាធរចិនបានប្រកាសអំពីការ ប្រែក្លាយពីថូរីយ៉ូមទៅជាអ៊ុយរ៉ានីញ៉ូមនៅក្នុងរ៉េអាក់ទ័រតូចមួយ។
ប្រសិនបើជោគជ័យនេះនឹងត្រូវបញ្ជាក់កាន់តែច្បាស់ ការចោះទម្លុះបច្ចេកវិជ្ជាអាចនឹងមានតម្លៃស្មើមាសសម្រាប់ប្រធានាធិបតីចិននៅក្នុងការស្វែងរកឆ្ពោះទៅកាន់ឯករាជ្យខាងថាមពល។
ការធ្វើតេស្តិ៍លើកទី១ ត្រូវបានប្រកាសថា ជោគជ័យ ដែលត្រូវបានរៀបចំធ្វើឡើងកាលពីដំណាច់ខែតុលាដោយវិទ្យាស្ថានរូបវិទ្យាអនុវត្តនៃរដ្ឋបណ្ឌិតសភាវិទ្យាសាស្រ្តចិន វូវ៉េ Wuwei ដែលស្ថិតនៅក្នុងទីក្រុងនៅចំកណ្តាលវាលលំហហ្គូប៊ី នៅភាគខាងជើងប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន បានអបអរសាទរថា ៖ ”វិទ្យាស្ថានស្រាវជ្រាវជាង ១០០ សកលវិទ្យាល័យ និងក្រុមហ៊ុនឧស្សាហកម្ម បានធ្វើកិច្ចសហប្រតិបត្តិការគ្នានៅក្នុងក្របខណ្ឌនៃកម្មវិធីមួយដើម្បីតស៊ូលើស្ថានភាពលំបាកនៃរ៉េអាក់ទ័រប្រភេទនេះ។”
លោកចាន វ៉ាឡឺនីញ៉ុស អ្នកឯកទេសវិស្វកម្មខាងរ៉េអាក់ទ័រនៅសាលាភូមិន្ទពហុតិចនិចនៅទីក្រុងស្តុកខូល ប្រទេសស៊ុយអែត ធ្វើសង្ខេបថា ៖ “ក្នុងការជាក់ស្តែង ចិនបញ្ជាក់ថាបានប្រែក្លាយពីសារធាតុ ថូរីយ៉ូម ២៣២ ដែលជាសារធាតុមានសេរីនៅក្នុងធម្មជាតិ ទៅជាអ៊ុយរ៉ានីញ៉ូម ២៣៣ ដែលមិនមានទេនៅក្នុងសភាពធម្មជាតិ ប៉ុន្តែវាគឺល្អសម្រាប់ធ្វើជាឥន្ធនៈនុយក្លេអ៊ែរ។”
រឿងនេះមិនមែនជាអ្វីដែលកើតមាននៅក្នុងស្ទើតែគ្រប់រ៉េអាក់ទ័រសព្វថ្ងៃដែលដំណើរការទេ។ គឺថា មានតែអ៊ុយរ៉ានីញ៉ូម ២៣៥ ក្នុងសភាពធម្មជាតិ អាចបំបែក និងអាចប្រើប្រាស់ជាឥន្ធនៈសម្រាប់ផលិតថាមពលបាន។ ប៉ុន្តែបរិមាណរបស់វាគឺមានកម្រិតណាស់នៅលើភពផែនដី។ លោកដានីញ៉ែល ហឺអឺ អ្នកឯកទេសខាងនុយក្លេអ៊ែរ និងសាខាថូរីយ៉ូម នៅមន្ទីរពិសោធន៍រូបវិទ្យាអាតូម និងលំហសាស្រ្ត នៅមជ្ឈមណ្ឌលជាតិនៃការស្រាវជ្រាវ និងវិទ្យាសាស្រ្ត នៅប្រទេសបារាំង បានពន្យល់ថា អ៊ុយរ៉ាញូម ២៣៨ គឺមានសម្បូរច្រើននៅក្នុងធម្មជាតិ ហើយគឺសារធាតុនេះហើយ ដែលត្រូវបានប្រើប្រាស់នៅក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរ ។
លោកចាន វ៉ាឡឺនីញ៉ុស បញ្ជាក់ទៀតថា ដូច្នេះ ការពិសោធន៍របស់ចិនបានបោះបង់ចោលរបៀបរបស់ធ្វើប្រតិបត្តិការតាមទម្លាប់ទូទៅជាប្រពៃណី គឺមិនគ្រាន់តែបន្ថែមសារធាតុថូរីយ៉ូមក្នុងដំណើរការទេ ប៉ុន្តែគេក៏ប្រើប្រាស់វាក្នុងរ៉េអាកទ័រប្រភេទតែមួយដែលគេនៅប្រើប្រាស់ច្រើនសកម្មនៅលើពិភពលោក”។
តើរ៉េអាក់ទ័ររបស់ចិននៅវូវ៉េគឺថ្មីទាំងស្រុង ឬយ៉ាងណា? ជាការពិត វាបានចាប់ផ្តើមឡើងវិញនៅពេលអាម៉េរិកធ្លាប់បោះបង់ចោលការពិសោធន៍បែបនេះនៅទសវត្សឆ្នាំ១៩៦០។ លោកដានីញ៉ែល ហឺអឺ ទទួលស្គាល់ថា ការកែប្រែសារធាតុ ថូរីយ៉ូម ត្រូវបានគេស្គាល់ជាយូរមកហើយ។”
ចំណែករូបវិទូអាម៉េរិក លោកអឹមវី រ៉ាម៉ាណា នៅក្នុងព្រឹត្តិបត្តិអ្នកវិទ្យាសាស្រ្តអាតូមិកនៅឆ្នាំ២០២២ បានអះអាងថា ការសាកល្បងរបស់អាម៉េរិកដែលដឹកនាំធ្វើនៅចន្លោះឆ្នាំ១៩៦៥ និងឆ្នាំ១៩៦៩ នៅមន្ទីរពិសោធន៍ អូក រីដហ្ស៍ (Oak Ridge) បានក្លាយជារឿងទេវកថានៅក្នុងសហគមន៍អ្នកវិទ្យាសាស្រ្ត។
កាលពីខែមេសា មុន លោកស៊ូ ហុងហ្ស៊ី អតីតនាយកសិក្សាស្រាវជ្រាវនៃកម្មវិធីថូរីយ៉ូម ចិន បានបញ្ជាក់ថា ចិនចេះដឹងអំពីរឿងនេះ និងបានអួតអំពីចិនអ្នកស្នងមរតកពិតនៃការខិតខំប្រឹងប្រែងរបស់អាម៉េរិកនៅទសវត្សឆ្នាំ១៩៦០។ ប្រទេសអាម៉េរិកដូចជាសត្វទន្សាយដែលជួនកាលក្លាយជាខ្ជិល។ នេះគឺជាពេលដែលប្រទេសចិនដែលប្រៀបដូចជាអណ្តើកដើរនៅតែដើរទៅមុខបន្ត។”