និស្សិតព័ត៌មានវិទ្យា ៧៩រូប ពីទ្យាស្ថានសន្តប៉ូល ធ្វើកម្មសិក្សាឈ្វេងយល់ពីបច្ចេកវិទ្យាឌីជីថល នៅក្រសួងប្រៃសណីយ៍
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកទ្វារស្វាគមន៍គណៈគ្រប់គ្រង និងនិស្សិតផ្នែកព័ត៌មានវិទ្យាចំនួន ៧៩រូប មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ ក្នុងដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់ពីវឌ្ឍនភាព និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅកម្ពុជា។
ក្នុងឱកាសនោះ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានលើកឡើងពីសារៈសំខាន់នៃកម្មវិធីសិក្សារបស់វិទ្យាស្ថាន ដែលតែងតែផ្តោតខ្លាំងលើ៖ ជំរុញឱ្យនិស្សិតក្តាប់បានទាំងចំណេះដឹងក្នុងថ្នាក់ និងបទពិសោធន៍ជាក់ស្តែង។ តម្រូវឱ្យមានការចុះកម្មសិក្សានៅតាមស្ថាប័ន និងសរសេរសារណាបញ្ចប់ការសិក្សា ដើម្បីពង្រឹងសមត្ថភាព។
ជាការឆ្លើយតប ឯកឧត្តម ម៉ៅ សិលា បានចំណែករំលែកនូវចំណេះដឹង និងបច្ចុប្បន្នភាពថ្មីៗនៃរបៀបវារៈឌីជីថលរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមមាន៖ ការពង្រឹង និងពង្រីកគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិត។ ការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា។ ការបង្កើត និងអភិវឌ្ឍថ្នាលបច្ចេកវិទ្យាឌីជីថលនានា។
សកម្មភាពនេះមិនត្រឹមតែជាការទស្សនកិច្ចធម្មតានោះទេ ប៉ុន្តែវាជាស្ពានចម្លងចំណេះដឹងពីសៀវភៅមកកាន់ពិភពការងារជាក់ស្តែង ដែលជួយបើកចក្ខុវិស័យឱ្យនិស្សិតមើលឃើញពីឱកាសការងារដ៏ធំទូលាយ ក្នុងទីផ្សារការងារឌីជីថលនាពេលអនាគត។