នាយករដ្ឋមន្ត្រី អបអរសាទរកម្ពុជា ក្នុងឱកាសខួបលើកទី៧៥ នៃការចូលជាសមាជិកអង្គការUNESCO

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ញើសារអបអរសាទរ និងចែករំលែកនូវការឆ្លុះបញ្ចាំងអំពីខួបលើកទី៧៥ នៃការចូលជាសមាជិកអង្គការ UNESCO របស់ប្រទេសកម្ពុជា (៣ កក្កដា ១៩១ - ៣ កក្កដា ២០២៦)។

នៅក្នុងការបង្ហោះលើបណ្តាញសង្គមនាព្រឹកថ្ងៃទី៣ ខែកក្កដា នេះ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ចាប់តាំងពីក្លាយជាសមាជិករបស់អង្គការ UNESCO មក កម្ពុជាបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌរបស់ខ្លួនដោយជោគជ័យ ចំនួន ៤ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី, ៧ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី, និង ៣ ទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក។ ការចុះបញ្ជីទាំងនេះ ជួយការពារទម្រង់ដើមពិតប្រាកដនៃវប្បធម៌ខ្មែរ ថែរក្សាមរតកដែលមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងការពារការចងចាំប្រវត្តិសាស្ត្ររបស់ជាតិ។

បេតិកភណ្ឌកម្ពុជាទាំង ១៤ ដែលត្រូវបានចុះបញ្ជី រួមមាន៖

១. បេតិកភណ្ឌវប្បធម៌រូបីនៃមនុស្សជាតិ៖

រមណីយដ្ឋានបុរាណវត្ថុអង្គរ៖ ចុះបញ្ជីនៅថ្ងៃទី១៤ ធ្នូ ១៩៩២

ប្រាសាទព្រះវិហារ៖ ចុះបញ្ជីនៅថ្ងៃទី៧ កក្កដា ២០០៨

តំបន់ប្រាសាទសំបូរព្រៃគុក៖ ចុះបញ្ជីនៅថ្ងៃទី៨ កក្កដា ២០១៧

រមណីយដ្ឋានបុរាណវត្ថុកោះកេរ៖ ចុះបញ្ជីនៅថ្ងៃទី១៧ កញ្ញា ២០២៣

២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖

របាំព្រះរាជទ្រព្យ៖ ចុះបញ្ជីនៅថ្ងៃទី៧ វិច្ឆិកា ២០០៣

ល្ខោនស្បែកធំ៖ ចុះបញ្ជីនៅថ្ងៃទី២៥ វិច្ឆិកា ២០០៥

ល្បែងទាញព្រ័ត្រ៖ ចុះបញ្ជីនៅថ្ងៃទី២ ធ្នូ ២០១៥

ចាប៉ីដងវែង៖ ចុះបញ្ជីនៅថ្ងៃទី៣០ វិច្ឆិកា ២០១៦

ល្ខោនខោលវត្តស្វាយអណ្ដែត៖ ចុះបញ្ជីនៅថ្ងៃទី២៨ វិច្ឆិកា ២០១៨

គុនល្បុក្កតោ (គុនល្បុក្កតោបុរាណខ្មែរ)៖ ចុះបញ្ជីនៅថ្ងៃទី២៩ វិច្ឆិកា ២០២២

ក្រមាខ្មែរ៖ ចុះបញ្ជីនៅថ្ងៃទី៤ ធ្នូ ២០២៤

៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖

បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង៖ ចុះបញ្ជីនៅថ្ងៃទី៣១ កក្កដា ២០០៩

ខ្សែអាត់សំឡេងរឿងរាមកេរ្តិ៍ ដោយតាគ្រុឌ៖ ចុះបញ្ជីនៅថ្ងៃទី១៥ ឧសភា ២០១៤

រឿងអ៊ីណាវ បុស្បា៖ ចុះបញ្ជីនៅថ្ងៃទី៣០ តុលា ២០១៧

«ការគាំពារបេតិកភណ្ឌវប្បធម៌ គឺជាកាតព្វកិច្ចរបស់ប្រជាជនខ្មែរគ្រប់រូប» សម្តេចធិបតី បានសង្កត់ធ្ងន់។

អង្គការ UNESCO ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ វិច្ឆិកា ១៩៤៥ ដោយផ្ទុកនូវបេសកកម្មពិសេសក្នុងការថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងឡាយ លើវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងគមនាគមន៍ព័ត៌មាន។

 

Daily Program

Livesteam thumbnail