នាយករដ្ឋមន្ត្រីកម្ពុជា រំភើបខ្លាំងក្រោយឃើញ កម្លាំងសាមគ្គីជាតិ ស្មារតីស្នេហាជាតិ ខ្មែរកើតឡើងទូទាំងពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៦ កក្កដា ២០២៥ បានបង្ហាញក្តីរំភើបខ្លាំងក្រោយឃើញ«កម្លាំងសាមគ្គីជាតិ ស្មារតីស្នេហាជាតិ»ខ្មែរកើតឡើងទូទាំងពិភពលោក ដោយការបង្ហោះសំណេរក្នុងគេហទំព័រផ្លូវការ។ ការលើកឡើងនេះធ្វើឡើងក្រោយប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសំដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងក្នុងកិច្ចការការពារបូរណៈភាពទឹកដី ក៏ដូចជាការទាមទារឲ្យថៃដោះលែងយោធិនចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។
យោងតាមគេហទំព័រផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចយល់ឃើញថា សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរ ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដេីម្បីឈានទៅបញ្ចប់សង្គ្រាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃអោយបានឆាប់រហ័ស។ ជាពិសេស រាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទាអោយមានការដោះលែងទាហានទាំង១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ អោយវិលត្រលប់មកកម្ពុជាវិញអោយបានឆាប់រហ័សជាទីបំផុត។
ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរដែលរស់នៅទូទាំងពិភពលោក បានសាមគ្គីគ្នាក្នុងការបន្លឺសម្លេងនៅតាមបណ្តាប្រទេសដែលខ្លួនកំពុងរស់នៅ ប្រកបការងារ ឬ សិក្សា ដែលលើកទង់ជាតិខ្មែរ ជាមួយនឹងពាក្យពេជន៍ដែលផ្សារភ្ជាប់ជាមួយអត្ថន័យទាមទារឱ្យមានការដោះលែងទាហានខ្មែរទាំង១៨រូបពីថៃ ព្រមទាំងបង្ហាញគោលជំហរកម្ពុជាស្រលាញ់សន្តិភាពទៅកាន់ពិភពលោក៕




Daily Program
