ទោះបីមានការចរចាតាមការទូតក៏ដោយ អ៊ីរ៉ង់បង្កើនការបង្រ្កាប

ការឃាត់ខ្លួនលើក្រុមអ្នកកែទម្រង់ និងការចោទប្រកាន់លើលោក ណាហ្ស៉េស ម៉ូហាម៉ាឌី ពាន​រង្វាន់ណូបែលសន្តិភាព អ៊ីរ៉ង់ពង្រីកការបង្រ្កាបនៅខាងក្នុងប្រទេស ហើយក៏នៅរក្សាផ្លូវការទូត​ចំហជាមួយសហរដ្ឋអាម៉េរិក។

លោកអាបបាស អារ៉ាជី ប្រមុខការទូតអ៊ីរ៉ង់ បានព្រមានថា ទោះបីមានការចាប់ផ្តើមកិច្ចសន្ទនា​កាលពីថ្ងៃសុក្រ សប្តាហ៍មុននៅប្រទេសអូម៉ង់ សម្លេង​នៅ​តែម៉ឺងម៉ាត់ និងមានការមិនទុកចិត្ត​យ៉ាង ជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក។

ប្រឈមមុខនឹងស្ថានភាពលំបាកបំផុតមួយក្នុងចំណោមស្ថានភាពលំបាកធំៗ ប្រមុខកំពូល​អ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមឺណៃ បានអំពាវនាវឲ្យជនរួមជាតិអ៊ីរ៉ង់បង្ហាញនូវភាព​អត់ធ្មត់​​នា​​ឱកាស​​ខួបនៃសប្តាហ៍នៃបដិវត្តន៍អ៊ីស្លាម​នៅឆ្នាំ១៩៧៩។ មេដឹកនាំអ៊ីរ៉ង់ បាន​បញ្ចាក់​ថា អំណាច​​​របស់​ជាតិមួយមិនស្ថិតនៅលើកាំជ្រួច និងយន្តហោះរបស់ខ្លួនទេ ប៉ុន្តែស្ថិតនៅលើ​ឆន្ទៈ និង​​​​ភាព​​​អត់ធ្មត់របស់ប្រជាជន។ លោកបានបន្ថែមថា សូមបង្ហាញ​រឿងនេះម្តងទៀត និង​​​បំបាក់​​​ផែនការ​របស់សត្រូវ។

មេដឹកនាំអ៊ីរ៉ង់ បានផ្ញើសារដ៏មុតស្រួចនៅខណៈដែលអាជ្ញាធរបង្កើនការបង្រ្កាបទៅលើសម្លេង​រិះគន់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានឲ្យដឹងថា បុគ្គល ៥រូប នៃក្រុមសម្ព័ន្ធមិត្ត​នៃ​រណសិរ្ស​​កំណែទម្រង់ ត្រូវបានកោះហៅសាកសួរ​កាលពីថ្ងៃអាទិត្យ ដែលរួមមានប្រមុខក្រុម លោក​អាហ្ស៉ាម៉ង់ស៊ូរី អ្នកនាំពាក្យលោក លោកចាវ៉ា អេម៉ាម និងអតីត​អ្នកតំណាងរាស្រ្ត លោក​អាលី ស្ហ៉ាគូរី រ៉ាដ។

ចលនាតវ៉ាត្រូវបានបង្រ្កាបដោយបង្ហូរឈាមពីអាជ្ញាធរ។ អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងារ​​ថ្មី​សកម្មជន​សិទ្ធមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បាន​បញ្ជាក់​ថា មាន​អ្នក​ស្លាប់ ៦៩៦៤នាក់ ភាគច្រើនគឺជាបាតុករ និងមនុស្សត្រូវបានឃាត់ខ្លួន មាន ៥១៧៩០​នាក់។

ចំណែកតាំងពីខែមករា ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបង្កើននូវការគំរាម​កំហែង​នៃការចូលធ្វើអន្តរាគមន៍យោធាលើអ៊ីរ៉ង់ ប្រឈមនឹងការ​បង្រ្កាប​លើក្រុមអ្នកប្រមូលផ្តុំ។ ប៉ុន្តែប្រធានបទនេះហាក់ដូចជាត្រូវបានជៀសវាងមិននិយាយ នៅក្នុងអំឡុងពេលការ​​ចរចា​ដែល​​​បានប្រព្រឹត្តនៅប្រទេសអូម៉ង់ ដែលជាការចរចាលើកដំបូង បន្ទាប់ពីសង្គ្រាម១២ថ្ងៃ ដែល​​បាន​ចាប់ផ្តើមឡើងដោយអ៊ីស្រាអែលកាលពីខែមិថុនា ឆ្នាំ២០២៥។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការនៃសាធារណរដ្ឋឥស្លាម Irna បានរាយការណ៍ថា ឆ្លើយតបទៅ​នឹង​សំណួរអំពីលទ្ធភាពក្នុងការធ្វើឲ្យស្តុកសារធាតុវិទ្យុសកម្ម អ៊ុយរ៉ានីយ៉ូម ដែលបង្កើនដល់​កម្រិត​បន្សុទ្ធ ៦០% ហើយ (ដែលជិតដល់កម្រិត ៩០% ដែល​ចាំបាច់​សម្រាប់​ការ​ផលិតគ្រាប់​បែក​​នុយក្លេអ៊ែរ) ត្រូវថយចុះ ប្រធានអង្គភាពថាមពលអាតូមិកអ៊ីរ៉ង់ លោក ម៉ូហាម៉េដ អេស្ល៉ាមី បាន​​ប្រកាស​ថា រឿងនេះ វាអាស្រ័យលើការដោះចេញទាំងស្រុងនៃទណ្ឌកម្ម ដែលជាការ​ដោះ​ដូរ។

មុនពេលការវាយប្រហាររបស់អ៊ីស្រាអែល និងអាម៉េរិកលើមជ្ឈមណ្ឌលនុយក្លេអ៊ែរ កាលពីខែ​មិថុនា ឆ្នាំ​មុន អ៊ីរ៉ង់បានបង្កើនកម្រិតសារធាតុអ៊ុយរ៉ានីញ៉ូមបន្សុទ្ធដល់ទៅ ៦០% លើសពី​កម្រិត ៣,៦៧% ដែលអនុញ្ញាតដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលសម្រេចដោយមហា​អំណាច​​ធំៗ នៅឆ្នាំ​២០១៥ ហើយដែលកិច្ចព្រមព្រៀងនេះបានក្លាយ​ជាគ្មានប្រសិទ្ធភាពទៀត បន្ទាប់ពី​ការ​​ដកខ្លួន​ជា​ឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតុននៅឆ្នាំ២០១៨។

សហរដ្ឋអាម៉េរិកដែលបានដាក់ពង្រាយកងកម្លាំងនាវាដ៏ធំនៅក្នុងតំបន់ឈូងសមុទ្រ ទាមទារ​នូវកិច្ចព្រមព្រៀងឲ្យកាន់តែទំលំទូលាយ ដែលរួមបញ្ចូលទាំងការកម្រិតសមត្ថភាពមីស៊ីល​បាលីស្ទីក​​របស់អ៊ីរ៉ង់ និងការឈប់គាំទ្រ​សម្រាប់ក្រុមប្រដាប់អាវុធនានាប្រឆាំងនឹង​អ៊ីស្រាអែល។

 

Daily Program

Livesteam thumbnail