ទីក្រុងវ៉ាស៊ីនតុន និងទីក្រុងគៀវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីធ្វើ​អាជីវកម្មធនធានធម្មជាតិរបស់អ៊ុយក្រែន

លោកដូណាល់ ត្រាំ បានទទួលនូវអ្វីដែលគាត់ចង់បាន ការចូលទៅធ្វើអាជីវកម្មរ៉ែកម្ររបស់​អ៊ុយក្រែន។ កាលពីថ្ងៃពុធទី៣០ ខែមេសា សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន​បានចុះហត្ថលេខា​នៅ​​ទីក្រុងវ៉ាស៊ីនតុននូវកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទំលំទូលាយ។ អត្ថបទដាក់ចេញនូវមូលនិធិដើម្បីវិនិយោគនៅក្នុងការស្តារអ៊ុយក្រែនឡើងវិញ ដែលមូលនិធិ​នេះ​នឹងត្រូវផ្តល់ និងចាត់ចែងជាចំណែកស្មើ​ដោយអ៊ុយក្រែន និងអាម៉េរិក ជាពិសេស កិច្ច​ព្រម​ព្រៀងបានផ្តល់ឲ្យរដ្ឋបាលលោកត្រាំចូលទៅប្រើប្រាស់ធនធានធម្មជាតិ​របស់ អ៊ុយក្រែន។

កិច្ចព្រមព្រៀងនេះកើតមានឡើងទន្ទឹមពេលនឹងសកម្មភាពគូសវាសខាងការទូតជាច្រើនកំពុង​បន្តដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិ ៣ឆ្នាំ បន្ទាប់ពីការការឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​​អ៊ុយក្រែន។ លោកស្កុតបេស សេន រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិកថ្លែងថា លោករីករាយ​ប្រកាស​អំពីការចុះហត្ថលេខានៃកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនៃភាពជាដៃគូសេដ្ឋកិច្ចជាមួយ​អ៊ុយក្រែន។

ចំណែករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រីលូលៀ ស្វ៊ីរីដេនកូ បានស្វាគមន៍ និង និយាយថា ជាមួយសហរដ្ឋអាម៉េរិក យើងបង្កើតមូលនិធិនេះ​ដែលនឹងទាក់ទាញការវិនិយោគ ពិភពលោកមកក្នុងប្រទេសរបស់យើង។ លោកស្រីបានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតុនដើម្បី ចុះ​ហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង។

នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកស្រីលូលៀ ស្វ៊ីរីដេនកូ បាននិយាយថា កិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតុននឹងផ្តល់​ហិរញ្ញប្បទានសម្រាប់គម្រោងទាញយករ៉ែ ប្រេង និងឧស្ម័ន។ ប៉ុន្តែអ៊ុយក្រែនថែរក្សាកម្មសិទ្ធទ្រព្យទាំងមូល និងគ្រប់គ្រងនូវធនធានទាំងនេះ រួមទាំង ធនធាននៅក្នុងដី ហើយគឺរដ្ឋអ៊ុយក្រែនដែលកំណត់ថា គួរដកយកធនធានអ្វី និងនៅទីណា?

ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បាននិយាយម្តងទៀត មុននឹងចុះហត្ថលេខាថា សហរដ្ឋអាម៉េរិកប្រាថ្នាសម្រាប់កិច្ចខិចខំប្រឹងប្រែងរបស់ខ្ឡួនចំពោះអ៊ុយក្រែន ដោយមានអ្វី ត្រឡប់មកវិញ ហើយយើងបាននិយាយថា រ៉ែកម្រ! អ៊ុយក្រែនមានរ៉ែកម្រដ៏ល្អ។

យោងតាមរតនាគារជាតិអាម៉េរិក កិច្ចព្រមព្រៀងនេះទទួលស្គាល់សារសំខាន់នៃជំនួយ​ហិរញ្ញ​វត្ថុ និងសម្ភារៈ ដែលប្រជាជនអាម៉េរិកបានផ្តល់សម្រាប់ការការពារអ៊ុយក្រែន ចាប់តាំងពី​ការ​ឈ្លាន​ពានរបស់រុស្ស៊ីក្នុងទ្រង់ទ្រាយធំ។​ សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោកចូ បាយឌិន បានផ្តល់រាប់សិប​ពាន់​លានដុល្លារ​ជាជំនួយសម្រាប់អ៊ុយក្រែន បន្ទាប់ពីការចូលលុក​លុយ​ប្រទេសនេះ​ដោយ​ប្រទេសរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានថ្លែងថា យើងបានសន្និដ្ឋាន​បញ្ចប់​កិច្ច​ព្រមព្រៀង​ដែលធានាលុយរបស់យើង ហើយយើងអាចចាប់​ផ្តើម​ជីកយករ៉ែ និងធ្វើអ្វីដែល​យើង​ត្រូវធ្វើ។ លោកបញ្ជាក់ថា នេះក៏ជារឿងល្អសម្រាប់អ៊ុយក្រែនដែរ ​ដោយសារនឹង​មាន​វត្តមាន​​​ទាហាន​អាម៉េរិកនៅអ៊ុយក្រែន។

នៅអំឡុងកិច្ចសន្ទនាជាមួយលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅបុរីវ៉ាទីកង់ នៅក្រៅការធ្វើបុណ្យ​សម្តេចប៉ាប លោកដូណាល់ ត្រាំ បានរៀបរាប់ថា លោកបានប្រាប់ទៅលោកហ្សេឡេនស្គីថា វាគឺជារឿងល្អណាស់ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ដោយសារតែរុស្ស៊ី​គឺ​​ធំ​ជាង និងខ្លាំងជាង”។

ជាច្រើនសប្តាហ៍មកហើយ គម្រោងកិច្ចព្រមព្រៀងគឺស្ថិតនៅចំកណ្តាលបេះដូងនៃភាព​តានតឹង​វាងទីក្រុងគៀវ និងទីក្រុង​វ៉ាស៊ីនតុន ដែលជាការគាំទ្រគឺសំខាន់ណាស់​សម្រាប់​អ៊ុយក្រែន។

 

Daily Program

Livesteam thumbnail