ថៃ បញ្ជូនកំលាំងប្រដាប់អាវុធគ្រប់ដៃ ចូលតំបន់អានសេះ និងតំបន់ផ្សេងទៀត ជាការបំពានបទឈប់បាញ់

នៅម៉ោង១១ ព្រឹកថ្ងៃទី៤ ខែសីហានេះ ភាគីថៃបានបញ្ជូនកងកំលាំងប្រដាប់អាវុធ ចូលតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាកងកំលាំងកម្ពុជាហាមឃាត់យ៉ាងណាក៏ដោយ។
បើតាមលោកស្រីម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទ ស្តីពីការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ពីសំណាក់កងទ័ពថៃនារសៀលថ្ងៃ៤ សីហា គឺថៃបានបញ្ជូនកងកំលាំងដោយមានប្រដាប់អាវុធគ្រប់ដៃ និងគ្រឿងចក្រចូលតំបន់អានសេះ និងតំបន់ផ្សេងទៀតរបស់កម្ពុជានេះ គឺបានបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ។
លោកស្រីបន្តថា កម្ពុជាទើបតែបានរៀបចំនូវ ដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងនោះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនោះបញ្ជាក់យ៉ាងច្បាស់ថា ទីនោះគឺជាដែនអធិបតេយ្យរបស់កម្ពុជា។
លោកស្រីបានចាត់ទុកថា ទង្វើរបស់ថៃនេះ គឺជាការរំលោភបំពានដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ ។
លោកស្រីអ្នកនាំពាក្យ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យប្រាប់ភាគីថៃបញ្ឈប់សកម្មភាពបំពាន ចូលដែនអធិបតេយ្យភាពកម្ពុជា និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់៕



Daily Program
