ថៃយកការប្រើប្រាស់អនុសញ្ញា UNCLOS ធ្វើជាលេសដើម្បីផ្អាកការចរចា JBC
កម្ពុជាបានជម្រាបជូនកិច្ចប្រជុំគណៈកម្មាធិការនាយកនៃសហភាពសភាភាសាភរាំង (APF) ថា ប្រទេសថៃបានយកការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់នីតិវិធីដោះស្រាយវិវាទ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ធ្វើជាលេសដើម្បីផ្អាកកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមាដីគោកកម្ពុជា-ថៃ (JBC)។
នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំនៅទីក្រុងយ៉ាអ៊ុនដេ (Yaoundé) ប្រទេសកាមេរូន កាលពីថ្ងៃទី៧ ខែកក្កដា លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា ប្រធានកិច្ចការសភា APF របស់កម្ពុជា និងជាអនុប្រធាន APF បានមានប្រសាសន៍ថា កម្ពុជាបានអនុវត្តសិទ្ធិរបស់ខ្លួនក្រោមអនុសញ្ញា UNCLOS ដើម្បីស្វែងរកនីតិវិធីសម្រុះសម្រួលជាកំហិត ស្របតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងដើម្បីធានាបាននូវការដោះស្រាយវិវាទដោយសន្តិវិធី និងស្របច្បាប់។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្តថា ថៃបានលើកយកគំនិតផ្តួចផ្តើមស្តីពី UNCLOS របស់កម្ពុជា មកធ្វើជាហេតុផលត្រឹមត្រូវក្នុងការផ្អាកកិច្ចប្រជុំ JBC ទោះបីជាគណៈកម្មការនេះជាយន្តការទ្វេភាគីបច្ចេកទេសសុទ្ធសាធ ដែលមិនគួរផ្សារភ្ជាប់ទៅនឹងការគិតគូរផ្នែកនយោបាយក៏ដោយ។
លោក អ៊ុច បូរិទ្ធ បានបន្ថែមថា ទោះបីជាមានការស្នើសុំដដែលៗពីសំណាក់ភាគីកម្ពុជាដើម្បីកោះប្រជុំគណៈកម្មការនេះក៏ដោយ ក៏ការងាររបស់គណៈកម្មការនេះមិនទាន់ត្រូវបានបន្តឡើងវិញនៅឡើយទេ ដែលនេះកំពុងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងជំរុញឱ្យមានការបង្កើតការសម្រេចអង្គហេតុរួចជាស្រេច (fait accompli) ដែលឯកឧត្តមបានសង្កត់ធ្ងន់ថា វាផ្ទុយនឹងគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។
លោកក៏បានមានប្រសាសន៍ផងដែរថា ការដកខ្លួនជាឯកតោភាគីរបស់ប្រទេសថៃពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ស្តីពីតំបន់ទាមទារត្រួតគ្នានៅសមុទ្រ បានបំផ្លាញក្របខ័ណ្ឌទ្វេភាគីដែលធ្លាប់បានបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្ថាបនាលើបញ្ហាដ៏រសើបនេះ អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។
អនុប្រធានទី១ ព្រឹទ្ធសភារូបនេះបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទតាមរយៈនីតិរដ្ឋ កិច្ចសន្ទនា និងយន្តការពហុភាគី ដែលនេះឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់កម្ពុជាថា ការគោរពច្បាប់អន្តរជាតិគឺជាការធានាដ៏រឹងមាំបំផុតសម្រាប់សន្តិភាពយូរអង្វែង និងទំនាក់ទំនងរវាងប្រទេសជិតខាងល្អ។
លោកបានសម្តែងនូវទំនុកចិត្តថា ការបន្តគាំទ្រពីសហគមន៍អន្តរជាតិ និងគ្រួសារសភានៃប្រទេសនិយាយភាសាបារាំង ចំពោះគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី ការមិនប្រើប្រាស់កម្លាំងបាយ ការអនុវត្តកិច្ចព្រមព្រៀងដោយស្មោះត្រង់ និងការដោះស្រាយវិវាទដោយសន្តិវិធី នឹងជួយការពារស្ថិរភាពក្នុងតំបន់ ទំនុកចិត្តទៅវិញទៅមកក្នុងចំណោមរដ្ឋនានា ព្រមទាំងសេចក្តីទុកចិត្តលើសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិ។