ត្រីមាសទី១ឆ្នាំ២០២៦ គុណភាពខ្យល់នៅកម្ពុជាមានកម្រិតល្អ
តាមរយៈការត្រួតពិនិត្យគុណភាពខ្យល់ពីឧបករណ៍ និងស្ថានីយ ដែលបានដំឡើងនៅ ទូទាំងប្រទេស ចំនួន៥៩ទីតាំង (នៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្ដាខេត្តទូទាំងប្រទេសចំនួន៤៧ទីតាំង) បានបង្ហាញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ថិតក្នុងកម្រិតល្អបើធៀបទៅនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ។
ដោយឡែក បើធ្វើការប្រៀបធៀបគុណភាពខ្យល់រវាងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ បង្ហាញថា កម្រិតភាគល្អិតនិចល PM2.5 មានការកើនឡើងតិចតួចនៅក្នុងត្រីមាសទី១នេះ ស្មើនឹង ២៤.២៨ µg/m3។ ដោយឡេក នៅត្រីមាសទី១ នៃឆ្នាំ២០២៥ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣,០៩ µg/m3។
ជាមួយគ្នានេះដែរ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រុមការងារជំនាញ បានចុះត្រួតពិនិត្យ តាមដានគុណភាពខ្យល់សាធារណៈដោយប្រើប្រាស់រថយន្តចល័តចំនួន៦លើក នៅខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ កោះកុង ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។
សូមបញ្ជាក់ថា ក្នុងត្រីមាសទី១ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានតាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈជាប្រចាំ។
ជាមួយគ្នានេះក្រសួងបរិស្ថាន បង្ហាញពីតម្លាភាពក្នុងការផ្សព្វផ្សាយព័ត៌មាន៖ ទាក់ទងនឹងគុណភាពខ្យល់នៅកម្ពុជា។ ក្រសួងបរិស្ថាន មិនដែលលាក់បាំងព័ត៌មានអំពីគុណភាពខ្យល់សាធារណៈនោះទេ។ ប្រជាពលរដ្ឋអាចតាមដានទិន្នន័យតាមពេលវេលាជាក់ស្តែងបានតាមរយៈគេហទំព័រ airquality.moe.gov.kh កម្មវិធីទូរស័ព្ទ CGS SPA និងទំព័រហ្វេសប៊ុករបស់ក្រសួង។
ជាមួយគ្នានេះ ដើម្បីដោះស្រាយនៅបញ្ហាខ្យល់កខ្វក់នេះក្រសួងខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹង ដល់ សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់។ លើសពីនេះ ក្រសួងក៏បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។
លើសពីនេះ ក្រសួងបរិស្ថានក៏កំពុងបានធ្វើយុទ្ធនាការ ថ្ងៃនេះខ្ញុំ មិនប្រើប្រាស់ថង់ប្លាស្ទិក កម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក ដែលសុទ្ធសឹង តែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។ បន្ថែមពីនេះទៀត ក្រសួងក៏បានពង្រឹង និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការទប់ស្កាត់ការបំពល់ខ្យល់សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុតសំណល់កំទេចក្រណាត់ និងប្រការស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ៕