តំណាងសាសនាកម្ពុជា ចែកអំណោយដល់គ្រួសារយុទ្ធជន

លោកបូជាចារ្យ អ៊ុនសុន រួមនិងតំណាងប្រតិភូសាសនា ជាង២០០នាក់ ដែលរួមមាន គ្រីស្តសាសនា ពុទ្ធសាសនា និង ឥស្លាមសាសនា បានរួមគ្នាមកសួសុខទុក្ខ សំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ដែលមកស្នាក់នៅបណ្ដោះអាសន្ន នៅមណ្ឌលសុវត្ថិភាពពោធិ៍៥០០០ដើម ដែលស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។ 

សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ដែលភាគច្រើនេជាសមាជិកគ្រួសាររបស់យុទ្ធជនជាង១០០០គ្រួសារឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណ ដែលបងប្អូនពលរដ្ឋ សុខចិត្តជម្លៀសមកនៅទីនេះ ដើម្បីឱ្យយុទ្ធជនបានស្ងប់ចិត្តនិងអាចបន្តបេសកកម្មរបស់ខ្លួននៅសមរភូមិជួរមុខ។ 

លោករដ្ឋមន្ត្រី ថ្លែងទៀតថា «ពេលពួកគាត់ទូរស័ព្ទមក គ្រាន់តែប្រាប់ថា សុខសប្បាយទេ នោះគាត់នឹងស្ងប់ចិត្ត»។ 

លោកសូមឱ្យបងប្អូនពលរដ្ឋទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងដោះស្រាយបញ្ហាកំពុងប្រឈមមុខនាពេលនេះ។ លោកបន្ថែមថា អាចប្រហែល២ឬ៣ខែទៀត បងប្អូននឹងអាចវិលត្រឡប់ទៅផ្ទះវិញបានហើយ។ 

លោកសូមឱ្យអភិបាលខេត្ត យកចិត្តទុកដាក់ដល់បងប្អូនរស់នៅទីនេះ ការពារថែទាំសុខភាពរបស់ពលរដ្ឋកុំអោយមានជំងឺ ដើម្បីជួយគាំទ្រដល់បងប្អូនយុទ្ធជន។

លោកបូជាចារ្យ អ៊ុន សុន បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញថ្មី និងជាបូជាចារ្យទទួលបន្ទុកអន្តរសាសនា តំណាងព្រះសហគមន៍កាតូលិកកម្ពុជាមានប្រសាសន៍ថា ក្នុងដំណើរនេះ យើងទៅបីកន្លែង រួមមាន វត្តពោធិ៥០០០ដើម បន្ទាយអង្គរក្ស៩៥ និងប្រាសាទតាក្របី។ 

កម្មវិធីនេះ រៀបចំដោយនាយកដ្ឋានពាហិរសាសនា នៃក្រសួងធម្មការនិង សាសនា ដែលថវិកាបានមកពីការចូលរួម ពីគ្រីស្តសាសនាទាំងពីរនិកាយ (ព្រះសហគមន៍កាតូលិក និងក្រុមជំនុំ) ឥស្លាមទាំងពីរនិកាយ និងពុទ្ធសាសនាមហាយាន នៅក្នុងប្រទេស ដើម្បីជួយដល់កងទ័ពនៅតាមជួរមុខ។ 

លោកបូជាចារ្យបន្ថែមថា  កិច្ចការនេះសំខាន់ណាស់ ដើមមបីជួយថែរក្សាការពារប្រទេសរបស់យើង។ មិនតែប៉ុណ្ណោះ យើងក៏មានការអធិដ្ឋានដែរសម្រាប់ពួកគាត់ ព្រោះយើងដឹងថា «សង្គ្រាម ជារឿងមួយនាអោយកើតទុក្ខបុកម្នេញ នាំឱ្យមានការបំផ្លាញ បែកក្រុមគ្រួសារនិងខាតបង់ច្រើន»។ 

លោបូជាចារ្យបញ្ជាក់ថា យើងអធិដ្ឋាន សូមព្រះជាម្ចាស់បំភ្លឺ និងជួយណែនាំយើង ដើម្បីជួយឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីររកឃើញផ្លូវមិត្តភាពនិងសន្តិភាព ដើម្បីឱ្យប្រជាជនទាំងអស់រស់នៅដោយមានសេចក្ដីសុខ។ 

អំណោយដែលបានចែកជូននោះរួមមាន អង្ករ៣តោន 
ត្រីងៀត៥០គីឡូ ងៀតក្របី៥០គីឡូ និងមីកញ្ចប់   មួយចំនួនទៀត រួមនឹងថវិកា១៧លានរៀល៕ 

ដោយកែវកញ្ញា 

Daily Program

Livesteam thumbnail