តំណាងកម្ពុជា សង្កត់ធ្ងន់ ពីការមិនអាចរំលោភបំពាន លើសាលដីការតុលាការ យុត្តិធម៌អន្តរជាតិ

តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការមិនអាចរំលោភបំពាន បានលើសាលដីកា របស់តុលាការយុត្តិធម៌អន្តរជាតិ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្នុងទម្រង់​ Arria-Formula ក្រោមប្រធានបទ​ “ការបំពេញ ចន្លោះខ្វះខាតក្នុងការអនុវត្ត៖ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោកកែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់ថា សេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខមានសារៈសំខាន់ ​ក្នុងការដោះស្រាយជម្លោះ​ដោយសន្តិវិធី និងការទប់ស្កាត់ ព្រមទាំងកាត់បន្ថយភាពតានតឹងនៃជម្លោះ ហើយត្រូវតែអនុវត្តឱ្យបាន​ពេញលេញ។

លោកបន្ថែមថា ដូចគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ​ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអនុភាពគតិយុត្ត​ ​មិនត្រូវរងការ​រំលោភបំពាន ទោះក្រោមលេស​ណាមួយក៏ដោយ។
 

សូមបញ្ជាក់ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរម៉ឺងម៉ាត់ ដោយចាត់ទុក សាលដីកាស្ថាពររបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា ជាការសម្រេចចិត្តដែលមិនអាចរំលោភបំពានបាន និងមានតម្លៃជាកាតព្វកិច្ចអន្តរជាតិ។ ផ្អែកតាមមាត្រា ៩៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ រាល់ភាគីទាំងអស់ក្នុងវិវាទ មានកាតព្វកិច្ចគោរព និងអនុវត្តតាមសាលដីកាទាំងអស់ របស់តុលាការយុត្តិធម៌អន្តរជាតិ ៕

Daily Program

Livesteam thumbnail