តើព្រះសហគមន៍អាស៊ី​ត្រូវបន្តដំណើរពីពេលនេះ​ទៅ​ ដោយ​វិធីណា?

នៅក្នុងពិធីបិទមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) កាលពីថ្ងៃទី ២៦ ខែកក្កដា នៅមជ្ឈមណ្ឌលគង្វាលកិច្ចនៃព្រះវិហារកាតូលិកទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី លោកបូជាចារ្យ ក្លារិន ឌីវ៉ាដាស (Clarence Devadass) អគ្គលេខាធិការរង FABC និងជាលេខាធិការប្រតិបត្តិនៃការិយាល័យស៊ីណូដាល បានលើកឡើងអំពីទិសដៅទៅមុខនៃជំនួបនេះដោយចោទសួរថា «តើយើងត្រូវបន្តដំណើរពីនេះទៅ ដោយ​វិធីណា?»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយ អមដោយអនុប្រធាន FABC កាឌីណាល់ ប៉ាប្លូ វីរហ្គីលីយ៉ូ ដាវីឌ (Pablo Virgilio David) និងប្រធានក្រុមប្រឹក្សាអភិបាលកាតូលិកឥណ្ឌូនេស៊ី លោកអភិបាល អង់តូនីញូស ស៊ូប៊ីយ៉ាន់តូ ប៊ុនយ៉ាមីន (Antonius Subianto Bunjamin) បន្ទាប់ពីប្រតិភូបានធ្វើធម្មយាត្រាជានិមិត្តរូបឆ្លងកាត់ផ្លូវមិត្តភាប​រូងក្រោមដី​នៃទីក្រុងហ្សាការតាទៅកាន់វិហារឥស្លាម Istiqlal លោកបូជាចារ្យ ឌីវ៉ាដាស បានពន្យល់ថា ជំនួបរយៈពេលមួយសប្តាហ៍នេះ បានផ្លាស់ប្តូរដោយជោគជ័យពីការបំផុសគំនិតទៅជាការរិះគិតពិចារណា និងការបង្កើតចក្ខុវិស័យជាក់ស្តែង។

លោកបានថ្លែងថា ក្តីសង្ឃឹមចម្បងនៃមហាសន្និបាតនេះ គឺឱ្យអ្នកចូលរួមគ្រប់រូបពេល​ត្រឡប់ទៅកាន់ព្រះសហគមន៍ក្នុងស្រុករបស់ខ្លួនវិញ ប្តេជ្ញាចិត្តជាថ្មីក្នុងការរស់នៅក្នុងមាគ៌ាស៊ីណូដាលក្នុងជីវិតព្រះសហគមន៍ប្រចាំថ្ងៃ។

ពេញមួយសប្តាហ៍នេះ កម្មវិធីផ្លូវការ ជំនួបតាមតំបន់ ការជួបជុំបែបមិនផ្លូវការ និង «កិច្ចសន្ទនាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ» បានជួយពង្រឹងមិត្តភាព និងការរួបរួមក្នុងចំណោមលោកអភិបាលនៅទូទាំងតំបន់អាស៊ី ដែលមានវប្បធម៌ និងភាសាខុសៗគ្នា។ ចំណុចស្នូល​នៃកិច្ចភាក្សាទាំងនេះ គឺជំនឿជឿជាក់រួមគ្នាថា ការកែប្រែថ្មីដ៏ពិតប្រាកដគឺផ្អែកលើការផ្លាស់ប្តូរចិត្តគំនិតផ្ទាល់ខ្លួន ជាជាងការបង្កើតរចនាសម្ព័ន្ធថ្មីៗ ព្រោះការផ្លាស់ប្តូររចនាសម្ព័ន្ធនៅតែជារឿងលំបាក ប្រសិនបើគ្មានការផ្លាស់ប្តូរផ្លូវចិត្តជាមុននោះទេ។

លោកបូជាចារ្យ ឌីវ៉ាដាស បានចង្អុលបង្ហាញថា ស៊ីណូដាលភាពជាមូលដ្ឋាន គឺការបណ្តោយឱ្យព្រះវិញ្ញាណដ៏វិសុទ្ធផ្លាស់ប្តូរទំនាក់ទំនងជាមួយព្រះជាម្ចាស់ និងជាមួយសហគមន៍ទូទៅ ដោយលោកបានកត់សម្គាល់ថា ព្រះសហគមន៍ក្នុងស្រុកនៅអាស៊ីជាច្រើន បានអនុវត្តធាតុផ្សំនៃស៊ីណូដាលភាពរួចទៅហើយ តាមរយៈការពិគ្រោះយោបល់ ជាមួយសហគមន៍គ្រីស្តបរិស័ទ​ថ្នាក់មូលដ្ឋាន ការចូលរួមយ៉ាងសកម្មរបស់គ្រហស្ថ និងកិច្ចសន្ទនាអន្តរសាសនា។

មហាសន្និបាតក៏បានលើកឡើងអំពីបញ្ហាប្រឈមធំៗក្នុងសង្គម និងព្រះសហគមន៍ ដូចជា ការបែកបាក់គ្នាក្នុងសង្គម ចំណាកស្រុក បញ្ហាបរិស្ថាន ការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ប្រជាធិបតេយ្យរួមតូច និងគម្លាតវិសមភាពសង្គម និងសេដ្ឋកិច្ច។ ជំនួសឱ្យការមើលឃើញបញ្ហាទាំងនេះជារបាំង លោកអភិបាលបានចាត់ទុកបញ្ហាទាំងនោះជាឱកាសសម្រាប់ការធ្វើសក្ខីកម្ម​ជាមួយ​បេសកកម្មថ្មី តាមរយៈការទទួលរ៉ាប់រង កិច្ចសន្ទនា ការអប់រំ ការថែរក្សាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស។

ចំពោះបញ្ហាប្រឈមផ្ទៃក្នុងរបស់ព្រះសហគមន៍ លោកបូជាចារ្យ ឌីវ៉ាដាស បានទទួលស្គាល់ថា គំនិតគ្រប់គ្រង​បែបបូជាចារ្យនិយម (clericalism) នៅតែជារបាំងរាំងស្ទះដល់ការទទួលខុសត្រូវរួមគ្នា ដោយលោកបានអំពាវនាវឱ្យមានភាពជាអ្នកដឹកនាំបែបអ្នកបម្រើ ការរិះគិតវិនិច្ឆ័យរួមគ្នា ការកែប្រែរចនាសម្ព័ន្ធព្រះសហគមន៍ និងការកើនឡើងនៃកាលានុវត្តភាពសម្រាប់គ្រហស្ថក្នុងការចូលរួម។

ប្រមើមើល​​ទៅអនាគតខាងមុខ លោកបានប្រកាសថា ការិយាល័យ FABC សម្រាប់ស៊ីណូដាល កំពុងរៀបចំសៀវភៅណែនាំ (Vademecum) ដើម្បីផ្តល់ការណែនាំជាក់ស្តែងសម្រាប់ព្រះសហគមន៍ក្នុងស្រុកក្នុងការអនុវត្តស៊ីណូដាល ព្រមទាំងបានសម្តែងការអរគុណដល់អ្នកសារព័ត៌មានសម្រាប់ការយកព័ត៌មានក្នុងព្រឹត្តិការណ៍នេះ និងបានសន្និដ្ឋានថា ប្រតិភូទាំងអស់ចាកចេញពីទីក្រុងហ្សាការតាដោយក្តីសង្ឃឹម ការរួបរួម និងការបំផុសគំនិតដើម្បីបន្តកិច្ចសន្ទនាទាំងនេះនៅទូទាំងតំបន់អាស៊ី៕

Daily Program

Livesteam thumbnail