ដ្រូនអត្តឃាតថ្មីរបស់ទីក្រុងគៀវ នឹងធ្វើឲ្យខ្សោះឈាមទីតាំងការពាររបស់រុស្ស៊ី

អាវុធយោធាថ្មីនឹងចូលរួមប្រយុទ្ធលើផ្ទៃអាកាសរបស់អ៊ុយក្រែន ជាមួយនិង គោលដៅ បំផ្លាញ ទីតាំងឈជើងការពាររបស់រុស្ស៊ី។ កាលពីថ្ងៃទី១៥ ខែកញ្ញា រដ្ឋមន្ត្រីផ្លាស់ប្តូរទម្រង់ឌីជីថល របស់អ៊ុយក្រែន លោកមីខៃឡូ ហ្វ៉េដូរូវ បានប្រកាសថា គម្រោងការនៃ​ការបង្កើតថ្មីពាក់ព័ន្ធ​នឹង​វិស័យ​ការពារជាតិ នឹងធ្វើការដកពិសោធន៍ដ្រូនអត្តឃាតប្រភេទថ្មីមួយ​ដែលជា​ផលិតកម្ម​របស់​អ៊ុយក្រែន នៅលើសមរភូមិផ្ទាល់។

ដោយហោះហើរបាន ៤០គម អាវុធថ្មីទាំងនេះ ផ្តល់នូវកម្រិតនៃការវាយប្រហារខ្លាំងជាង ២ដង លើស​កម្រិតដ្រូនដែលប្រើប្រាស់នាពេល​សព្វថ្ងៃ។ ពួកវាអាចមានសមត្ថភាពបោក​បញ្ឆោត​ប្រព័ន្ធ ទំនាក់ទំនង ចាប់សញ្ញា និងបំបាំងកាយអេឡិចត្រូនិករបស់រុស្ស៊ីផងដែរ។​ ពួកវាផ្តល់នូវ ជម្រើសដែលអស់ថ្លៃថោកជាងក្នុងការប្រើគ្រាប់ផ្លោង និងគ្រាប់មីស៊ីល​ដើម្បីវាយ​ប្រហារ​រយៈ​ចម្ងាយឆ្ងាយ និងពង្រឹងបន្ថែមលើប្រព័ន្ធកាំភ្លើងធំ។ ទាំងអស់​នេះ​អាចកាត់​បន្ថយ​ហានិភ័យ​សម្រាប់ទាហានដោយមិ​នសូវឲ្យមានគ្រោះថ្នាក់នៅលើសមរភូមិជួរមុខ។ ការ​សាកល្បង​លើទី​១ លើសមរភូមិនឹងត្រូវធ្វើឡើងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

យោងតាមគេហទំព័រឯកទេសយោធា អាវីយ៉ុង ស្ហាស៍ ហ្រ្វ៉ង់ (avion-chasse.fr) បានឲ្យដឹងថា សព្វថ្ងៃនេះ ដ្រូន FPV ដែលត្រូវបាន​ប្រើប្រាស់យ៉ាងលើសលុបលើសមរភូមិដោយអ៊ុយក្រែន អាចវាយប្រហារគោលដៅ​ដែលស្ថិត​នៅរយៈចម្ងាយពី ១០គម ទៅ ២០គម ជាមធ្យម។ គេហទំព័​រ​នេះ វិភាគថា គំរូដ្រូនថ្មីទាំងនេះ នឹងអនុញ្ញាតឲ្យបង្កការខូចខាតខាងក្រោយ​ខ្សែ​ការពារ​​របស់​សត្រូវ។ “គោលដៅនឹងមិនកម្រិតនៅត្រឹមត្រង់សេ ឬយានយន្តប្រយុទ្ធនៅជិត​សមរភូមិ​​នោះ​ទេ ប៉ុន្តែវារួមបញ្ចូលឃ្លាំង និងការដឹកជញ្ជូន ប្រព័ន្ធរ៉ាដា និងប្រព័ន្ធបញ្ជាការ​ដែល​ស្ថិត​នៅ​ពី​ក្រោយខ្សែត្រៀមសមរភូមិផងដែរ”។ ពួកវាក៏ត្រូវពិនិត្យឃើញថា​អាចតស៊ូនឹង​ប្រព័ន្ធ​​អេឡិចត្រូនិក​បំបាំងកាយ ដែលជាមធ្យោបាយមួយដ៏សំខាន់នៃប្រព័ន្ធការពារ​របស់​រុស្ស៊ី។

គេហទំព័រអាម៉េរិកមានឯកទេសខាងសព្វាវុធឌីហ្វេន ប្លក Defence-blog បានឲ្យដឹងថា អាវុធ និង​គ្រាប់រំសេវដែល​ត្រូវធ្វើតេស្ត៍ថ្មីៗនេះ ត្រូវបានរកឃើញថា មានតម្លៃថោក មាន​ការ​វិវត្តន៍​​ខ្លាំង​ជាងមុន និងស្រួលប្រើប្រាស់ ដែលផ្តល់ឲ្យកងកម្លាំង​អ៊ុយក្រែន​នូវសមត្ថភាព​វាយ​ប្រហារ​ប្រកបដោយភាពបត់បែន ជាមួយ​និងរយៈចម្ងាយកាន់តែឆ្ងាយ។

ចំណែកសារព័ត៌មានគៀវអ៊ីនដេភិនដិន Kyiv Independent បន្ថែមថា ប្រសិនបើពួកវា​មើល​ឃើញ​ថា មានភាពតស៊ូប្រយុទ្ធខ្ពស់ ប្រព័ន្ធដ្រូនថ្មីទាំងនេះ​នឹងអាច​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​​របស់អ៊ុយក្រែនក្នុងការវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូន ទីតាំង​កាំភ្លើងធំ និង​សម្ភារៈ​​យោធា​ដែលស្ថិតនៅពីក្រោយខ្សែត្រៀមរបស់រុស្ស៊ី។ ឥទ្ធិពលដែលត្រូវបានសិក្សា​ស្រាវជ្រាវ​ឃើញ គឺធ្វើឲ្យខ្សែការពាររបស់រុស្ស៊ីលាតសន្ធឹងកាន់តែ​វែង និងធ្វើឲ្យពួកគេខ្សោះ​ឈាម​នៅលើសមរភូមិ ក៏ដូចជានៅខាងក្រោយសមរភូមិ។

គេហទំព័រ អាវីយ៉ុង ស្ហាស៍ ហ្វ្រ៉ង់ (avion-chasse.fr) ប្រៀបធៀបថា ដ្រូនអាវុធ​ដែល​មិន​ចាំបាច់​មាន​ពីឡុតបើកបរ ត្រូវបានប្រើប្រាស់យ៉ាងលើសលុប​នៅក្នុង​សង្រ្គាម​អ៊ុយក្រែន ដោយ​ហេតុផល​​របស់វា គឺការចំណាយមានភាពសន្សំសំចៃ។ ដ្រូន FPV មួយ មានតម្លៃប្រមាណ ៣០០០ អឺរ៉ូ ហើយបើប្រើប្រាស់មីស៊ីលដែលមានប្រព័ន្ធនាំផ្លូវគឺត្រូវចំណាយរាប់ម៉ឺនអឺរ៉ូ។

ដោយព្យាយាមបំពេញចន្លោះនៃគុណវិបត្តិខាងសព្វាវុធតទល់​នឹងរុស្ស៊ី អ៊ុយក្រែនសង្កត់ធ្ងន់​លើ​​ការបង្កើតថ្មី និងក៏បានបង្កើតគម្រោងការ Brave1 នៅឆ្នាំ២០២៣ ដែលជាគំនិតផ្តួចផ្តើម​រួមគ្នា​​រវាងក្រសួងការពារជាតិ និងទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ហើយក៏ពឹងផ្អែកលើ​ការ​​ចាប់ផ្តើមថ្មី (startups) របស់ជនជាតិអ៊ុយក្រែន។ ប៉ុន្តែគំនិតផ្តួចផ្តើមនេះ​ប្រឈម​នឹង​ការ​កម្រិត​​ខាងហិរញ្ញវត្ថុផងដែរ។

 

Daily Program

Livesteam thumbnail