គ្រួសារ​ដូនជី​នមស្ការព្រះកាយព្រះគ្រីស្ត​ទទួល​សមាជិក​ថ្មី

នៅព្រះវិហារក្សត្រីនៃសន្តិភាព អរិយក្សត្រ ដូនជីម៉ារីយ៉ា ង្វៀន ធិ គីម ហៀវ (Maria Nguyen Thi Kim Hue) បានថ្វាយពាក្យសច្ចារនិរន្តរ៍នៅចំពោះមុខលោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេ នៃភូមិភាគភ្នំពេញ រួមនិង​​ដូនជីប្រធាននៃក្រុមគ្រួសារនមស្ការ​​ព្រះកាយព្រះគ្រីស្ត (Sisters of Adorers) កាលពីថ្ងៃទី​​១៣ ខែកញ្ញាដោយមាន លោកបូជាចារ្យ និងគ្រីស្តបរិស័ទពីទីកន្លែងផ្សេង​​ចូលរួមជាសក្ខីជាង៤០០នាក់។

លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ក្នុងធម្មទេសនាថា ថ្ងៃនេះយើងអរព្រះគុណព្រះជាម្ចាស់សម្រាប់បងស្រីដែលថ្វាយពាក្យសច្ចានិរន្តរ៍ និងអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍របស់យើងជាពិសេសសម្រាប់ព្រះជាម្ចាស់ដែលស្រឡាញ់យើង។

ក្នុងពេលនោះដែរ លោកអភិបាលបានរំលឹកដល់យុវតីឲ្យភ្ញាក់ស្មារតីថ្វាយខ្លួនទៅព្រះជាម្ចាស់ក្នុងឋានៈជាអ្នកបួសដូចដូនជីម៉ារីយ៉ា លោកអភិបាលបញ្ជាក់ថា «នៅក្នុងភូមិភាគភ្នំពេញក៏ដូចជាព្រះសហគមន៍នៅកម្ពុជាឥឡូវនេះយើងមានយុវនារីតិចណាស់ដែលបើកភ្នែក បើកត្រចៀកស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឆ្លើយតប។»

លោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទចេះដាក់ខ្លួនជាអ្នកបម្រើនិងចេះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចកុមារសាមូអែលនៅក្នុងគម្ពីរ «សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរង់ចាំស្តាប់​» លោកអភិបាលបន្តថា នេះជាឥរិយាបទដែល​​យើង​​ត្រូវត្រៀមខ្លួនស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់

សង្គមរបស់យើងបច្ចុប្បន្ននេះ មិនចូលចិត្តស្ងៀមស្ងាត់ តែចូលចិត្តសំលេងឮៗ ប៉ុន្តែព្រះជាម្ចាស់មានព្រះបន្ទូលក្នុងភាពស្ងៀមស្ងាត់។​  លោកបន្ថែមថា «ពេលខ្លះយើងធ្វើជាស្តាប់មិន ធ្វើជា​​មិនដឹង ធ្វើជាមិនយល់... យើងត្រូវទុកឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអាទិភាពសំខាន់បំផុតសម្រាប់ជីវិតរបស់យើងផ្ទាល់»

លោកអភិបាលបន្តថា បងស្រីនមស្ការព្រះកាយព្រះគ្រីស្តជាបងស្រីដែលបម្រើសង្គម តាមរយៈកូនក្មេង និងស្ត្រីៗដែលមានបញ្ហាក្នុងជីវិត។ លោកថា «នៅក្នុងផ្ទះបងស្រី ពួកគេអាចរកកន្លែងមួយដែលកក់ក្ដៅដែលស្វាគមន៍ ស្រឡាញ់ ដើម្បីឲ្យគេអាចកសាងជីវិតសាជាថ្មី ដើម្បីឲ្យក្មេងមានអនាគត ឲ្យម៉ែមានកម្លាំងសារជាថ្មីដើម្បីបន្តដំណើរជាមួយកូន» 

កិច្ចការរបស់ក្រុមដូនជីរកឃើញនៅក្នុង​​ការគោរពព្រះកាយព្រះគ្រីស្ត ដោយរកឃើញកម្លាំងនៃសេចក្តីស្រឡាញ់ ដើម្បីកសាងជីវិត សេចក្តីសុខសាន្ត បន្តជីវិតទៅមុខទៀត។ លោកគង្វាលព្រះសហគមន៍បានបញ្ជាក់។

នៅក្នុងពិធីសច្ចាប្រណិធាននេះ ដូនជីម៉ារីយ៉ា បានចុះហត្ថលេខាចូលក្នុងក្រុមគ្រួសារអ្នកបួសដើម្បីបម្រើព្រះសហគមន៍អស់មួយជីវិតដោយសច្ចារស់នៅជាព្រហ្មចារិនី ស្តាប់បង្គាប់ និងរស់នៅជាអ្នកក្រីក្រអស់មួយជីវិត បន្ទាប់មកលោកអភិបាលអូលីវីយ៉េ បានប្រគល់ចិញ្ចៀនជូនគាត់ជាសក្ខីកម្មបញ្ជាក់ថា ដូនជីជាកម្មសិទ្ធិរបស់ព្រះគ្រីស្តជាភរិយារបស់ព្រះអង្គអស់មួយជីវិត

ដូនជីម៉ារីយ៉ាង្វៀន ធិ គីម ហៀវ កើតនៅឆ្នាំ១៩៨៤ នៅខេត្តបួងម៉េធួក (Buon Me Thuoc) ប្រទេសវៀតណាម ជាកូនទី៤ ក្នុងចំណោមបងប្អូនប្រុសស្រី១១នាក់។

            ការត្រាស់ហៅរបស់គាត់កើតឡើងពីសំណួររបស់ប្អូនប្រុសបង្កើតរបស់គាត់​ «តើបងចង់ក្លាយជាដូនជីឬទេ ក្រោយមក​​យុវតីនេះបានឈ្វេងយល់អំពីការត្រាស់ហៅរបស់ខ្លួន ដោយចូលរួមជាមួយក្រុមគ្រួសារអ្នកបួសបងស្រីនមស្ការព្រះកាយព្រះគ្រីស្ត ហើយបានថ្វាយពាក្យសច្ចាលើកដំបូង នៅថ្ងៃទី២១ ខែ ១១ ឆ្នាំ១០១៨។

គាត់ត្រូវបានចាត់ឲ្យមកប្រទេសកម្ពុជាដើម្បីបម្រើព្រះសហគមន៍នេះ ជាមួយសមាជិកក្រុមដូនជីនៅបឹងទំពន់។

 ដូនជីភីឡា កាសាស ណាវ៉ារ៉ូ (Sr. Pilar Casas Navarro) ប្រធានធំនៃក្រុមគ្រួសារបងស្រីនមស្ការព្រះកាយព្រះគ្រីស្ត​​នៅប្រទេសកម្ពុជា មានប្រសាសន៍ថា ថ្ងៃនេះយើងសប្បាយចិត្តណាស់ដោយសារយើងបានទទួលដូនជីម្នាក់ទៀតចូលក្នុងគ្រួសាររបស់យើង ហើយជាឱកាសដែលគ្រួសារយើងអាចចែករំលែកអំណរសប្បាយនេះ​​ជាមួយគ្រីស្តបរិស័ទលោកអភិបាលនិងលោកបូជាចារ្យ

«នេះចាំអំណោយពិសេស​​ដែលព្រះជាម្ចាស់ប្រទានមកយើង។» ដូនជីបញ្ជាក់។

ក្រុមគ្រួសារបងស្រី នមស្ការព្រះកាយព្រះគ្រីស្ត (The Handmaids of the Blessed Sacrament and of Charity_ Sisters Adorers)  មានដើមកំណើតពីប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ១៨៥៦ បង្កើតឡើងដោយសន្តី ម៉ារីយ៉ាមីកាអែលឡា ដេស្មៃស៊ែរ៉េស និងសន្តីលូប៉េស ដេ ឌីកាស្ទីយ៉ូ (St. Maria Micaela Desmaisières y López de Dicastillo) មានបេសកកម្មចំនួន២៣ប្រទេស ដែលក្នុងនោះក្នុងតំបន់អាស៊ីមានចំនួន​​៥ប្រទេសគឺនៅជប៉ុន ហ្វីលីពីន វៀតណាម ឥណ្ឌានិងកម្ពុជា។

«ពេលនេះ យើងជាគ្រួសារធំមួយនៅតំបន់អាស៊ី។» ដូនជី​​ប្រធានធំបញ្ជាក់ទៀថា ក្រុមគ្រួសារយើង គឺគោរពព្រះកាយព្រះគ្រីស្តនិងធ្វើ​​ការងារផ្តោតសំខាន់លើស្ត្រី​​ដែលមានវិបត្តិ ស្ត្រី​​ត្រូវបានគេជួញដូរ ស្ត្រីពេស្យានិងស្ត្រីរងអំពើហិង្សាជាដើម។

ដូនជី ភីឡា បន្តថា «យើងចង់ធ្វើការងារជាមួយអង្គការដៃគូ និងព្រះសហគមន៍របស់យើង ព្រោះយើងជាព្រះសហគមន៍ ហើយផ្លូវវិញ្ញាណរបស់យើងគឺនៅជាមួយព្រះសហគមន៍។ គ្មានព្រះសហគមន៍យើងគ្មានអ្វីៗទាំងអស់»

ក្រុមគ្រួសារនេះបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៣ មានទីតាំងនៅសៀមរាប ភ្នំពេញ និងប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ) ដែលមានសមាជិកចំនួន៥នាក់៕

 

ដោយកែវ កញ្ញា

Daily Program

Livesteam thumbnail