គ្រីស្តបរិស័ទមួយក្រុមនៅឥណ្ឌា​រៀបចំយុទ្ធនាការបរិច្ចាគឈាមដើម្បីគាំទ្រដល់មន្ទីរពេទ្យនៅក្នុងស្រុក

សមាគមកាតូលិកដាជីឡីង ( Darjeeling) នៃព្រះវិហារ អ៊ីមម៉ាគូឡេត កុងសិបសិន ( Immaculate Conception) ក្នុងរដ្ឋ បឹងហ្គាល់ខាងលិច( West Bengal )ភាគខាងកើតនៃប្រទេសឥណ្ឌា បានរៀបចំជំរុំបរិច្ចាគឈាមមួយកាលពីពេលថ្មីៗ ដើម្បីគាំទ្រដល់ធនាគារឈាម សម្រាប់បែងចែកដល់មន្ទីរពេទ្យក្នុងស្រុកដែលកំពុងប្រឈមមុខនឹងកង្វះខាតឈាមសម្រាប់សង្រ្គោះជីវិត។

កម្មវិធីនេះត្រូវបានធ្វើឡើងនៅវិសាលវិហារ ក្នុងទីក្រុង ដាជីឡីង ដោយសហការជាមួយ Grace Paramedical & Health Academy។

គំនិតផ្តួចផ្តើមនេះត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់ធនាគារឈាមនៃមន្ទីរពេទ្យស្រុក ដាជីឡីង ដែលបានរាយការណ៍ពីការខ្វះខាតដដែលៗដែលប៉ះពាល់ដល់អ្នកជំងឺ និងមន្ទីរពេទ្យក្នុងស្រុក។

មនុស្សប្រហែល ៧០ នាក់បានចុះឈ្មោះសម្រាប់បំពេញតាមការអំពាវនាវនេះ ។ បន្ទាប់ពីការត្រួតពិនិត្យសុខភាព និងការសាកសួរស្ថានភាពសុខភាពរួចរាល់ អ្នកបរិច្ចាគចំនួន៤០ នាក់ត្រូវបានរកឃើញថាមានសិទ្ធិបរិច្ចាគឈាម។

អ្នករៀបចំព្រះវិហារបាននិយាយថា ព្រះសហគមន៍កាតូលិកនៅ ដាជីឡីង បានបន្តលើកកម្ពស់ការយល់ដឹងអំពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងតួនាទីរបស់ខ្លួនក្នុងការជួយសង្គ្រោះជីវិតអ្នករងគ្រោះ។ ពួកគេបានបន្ថែមថា ជំរុំស្រដៀងគ្នានេះត្រូវបានគ្រោងទុករៀងរាល់ពីរទៅបីខែម្តង រួមទាំងនៅតំបន់ជនបទនៃស្រុកនេះផងដែរ។

អ្នករៀបចំក៏បានលើកទឹកចិត្តយុវជន និងសហគមន៍ព្រះសហគមន៍កាតូលិកឱ្យចូលរួមក្នុងកម្មវិធីមនុស្សធម៌ និងសង្គមតាមរយៈយុទ្ធនាការបរិច្ចាគជាប្រចាំ។

សមាជិក​ព្រះវិហារ បងប្អូន​សាសនា សិស្ស និស្សិត អ្នកស្ម័គ្រចិត្ត និង​បុគ្គលិក​ពេទ្យ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ និង​បាន​ជួយ​រៀបចំ​ជំរុំ​នេះ។

អ្នករៀបចំ​បាន​ថ្លែងអំណរគុណ​ដល់​អ្នកបរិច្ចាគ និង​អ្នកស្ម័គ្រចិត្ត​សម្រាប់​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ ដោយ​ពណ៌នា​អំពី​ការបរិច្ចាគ​ឈាម​ថា​ជា​សកម្មភាព​សំខាន់​មួយ​នៃ​ការបម្រើ​អ្នកជំងឺ​ដែល​ត្រូវការ​ការថែទាំ​សុខភាព​បន្ទាន់៕

Daily Program

Livesteam thumbnail