គ្រីស្តបរិស័ទនៅប៉ាគីស្ថានបង្ហាញសញ្ញាឯកភាពនៃអន្តរសាសនា
អគ្គអភិបាល យ៉ូសែប អាសាធ (Joseph Arshad) អភិបាលនៃព្រះសហគមន៍កាតូលិកទីក្រុងរ៉ាវ៉ាល់ពីនឌី-អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថានបានផ្ញើសារជូនពរបុណ្យរ៉ាម៉ាដានរបស់សហគមន៍ឥស្លាមនៅក្នុងប្រទេស ហើយព្យាយាមបង្ហាញសញ្ញានៃឯកភាពអន្តរសាសនា ។
លោកអគ្គអភិបាលបានផ្ញើសារជូនពរដល់សហគមន៍ឥស្លាមនៅដើមពិធីបុណ្យរ៉ាម៉ាដានដ៏ពិសិដ្ឋ ដោយកត់សម្គាល់ថា ឆ្នាំនេះបុណ្យរ៉ម៉ាដានរៀបចំឡើងស្របគ្នានឹងរដូវអប់រំពិសេសរបស់គ្រីស្តបរិស័ទ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញក្នុងនាមសហគមន៍គ្រីស្តបរិស័ទលោកអគ្គអភិបាលបានពិពណ៌នា ថា នេះជាពេលវេលាខាងវិញ្ញាណដ៏ស្រស់ស្អាត និងកម្រ។
លោកបាននិយាយថា ការបញ្ចូលគ្នានៃរដូវពិសិដ្ឋទាំងពីរផ្តល់ឱ្យគ្រីស្តបរិស័ទ និងសាសនិកឥស្លាមនូវឱកាសដើម្បីឆ្លុះបញ្ចាំងពីតម្លៃខាងវិញ្ញាណរួមគ្នា។
លោកបាននិយាយថា រដូវអប់រំពិសេសនៅក្នុងប្រពៃណីគ្រីស្តបរិស័ទត្រូវបានសម្គាល់ដោយការអធិស្ឋាន ការតមអាហារ និងសប្បុរសធម៌ ដែលផ្តល់ពេលវេលាសម្រាប់ការប្រែចិត្ត ការបន្តខាងវិញ្ញាណ និងការរួបរួមជាមួយព្រះជាម្ចាស់កាន់តែស៊ីជម្រៅ។ ហើយសាសនិកឥស្លាម ក៏ឆ្លងពិធីរ៉ាម៉ាដានតាមការតមអាហារ ការអធិស្ឋានពេលយប់ ការសូត្រគម្ពីរកូរ៉ាន និងការបរិច្ចាគសប្បុរសធម៌ផងដែរ ។
លោកបានសង្កត់ធ្ងន់ថា រដូវទាំងពីរអំពាវនាវដល់អ្នកមានជំនឿឱ្យបន្សុទ្ធចិត្តរបស់ពួកគេ អនុវត្តវិន័យខ្លួនឯង និងផ្តល់ការគាំទ្រដល់អ្នកដែលខ្វះខាត លើកកម្ពស់សេចក្តីមេត្តាករុណា សាមគ្គីភាព និងឯកភាព៕