គ្រីស្តបរិស័ទកាតូលិកនៅឥណ្ឌូនេស៊ីទាមទារយុត្តិធម៌ក្នុងករណីជួញដូរមនុស្សនៅកោះផ្លរ៉េស
លោក បូជាចារ្យ ដូនជី សិក្ខាកាម និងសកម្មជនសិទ្ធិមនុស្សនៅក្នុងខេត្ត នូសា តេនហ្គារ៉ាខាងកើត ( East Nusa Tenggara) នៅក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតករណីជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនៅក្លឹបរាត្រីមួយក្នុងសង្កាត់មួយ នៅលើកោះ ផ្លរ៉េស (Flores)។
បណ្តាញសិទ្ធិមនុស្ស ដែលមានឈ្មោះថា ចារីនហ្គាន ហាម សីកា (Jaringan HAM Sikka) បានដឹកនាំការតវ៉ាមួយនៅថ្ងៃទី ០៩ ខែកុម្ភៈ នៅក្រុមប្រឹក្សានីតិបញ្ញត្តិមូលដ្ឋានដោយអំពាវនាវឱ្យមានសកម្មភាពផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងក្រុមអ្នកនៅពីក្រោយនៃអំពើដែលពួកគេរៀបរាប់ខាងលើ។
មានសេចក្តីរាយការណ៍ថា កាលពី ខែមករា ឆ្នាំ ២០២៦ ស្ត្រីវ័យក្មេងចំនួន១៣ នាក់មកពីកោះចាវ៉ាខាងលិច ( West Java) ដែលមានអាយុត្រឹមពី ១៧ដល់ ២៦ ឆ្នាំ បានស្វែងរកការការពារខ្លួនបន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានរងអំពើហិង្សាខាងរាងកាយ ការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានកម្លាំងពលកម្មធ្ងន់ធ្ងរនៅក្លឹបរាត្រីនោះ។
ជនរងគ្រោះម្នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានជ្រើសរើសមកបម្រើការនៅក្លឹបនោះតាំងពីនៅអាយុ ១៥ ឆ្នាំ ដោយឯកសារកំណើតរបស់នាងត្រូវបានក្លែងបន្លំ ដើម្បីបំពេញតាមតម្រូវការការងារស្របច្បាប់។
នាងត្រូវបានគេសន្យាថា នឹងទទួលបានប្រាក់ខែប្រចាំខែ ពី៤៨០ទៅ៦០០ ដុល្លារ កន្លែងស្នាក់នៅឥតគិតថ្លៃ សម្លៀកបំពាក់ និងគ្រឿងសំអាង ផ្ទុយទៅវិញ ពួកគេបានអះអាងថា បានទទួលត្រឹម៦០ ដុល្លារ ក្នុងមួយខែបន្ទាប់ពីការកាត់កង និងការពិន័យយ៉ាងច្រើន។
ពួកគេត្រូវបានគេរាយការណ៍ថា ត្រូវបង់ថ្លៃជួលសម្រាប់កន្លែងស្នាក់នៅរបស់ពួកគេ ហាមឃាត់មិនឱ្យចាកចេញពីបរិវេណស្នាក់នៅ និងត្រូវទទួលរងការពិន័យចំពោះការបដិសេធសេវាកម្មផ្លូវភេទ ការឈ្លោះប្រកែកជាមួយអ្នកគ្រប់គ្រង ឬការបំពានតិចតួច។ អ្នកខ្លះត្រូវបានគេចោទប្រកាន់ថាត្រូវបានបង្ខំឱ្យបម្រើភ្ញៀវ ពេញមួយយប់ ផ្ទុយពីលក្ខខណ្ឌដែលបានសន្យាដំបូង៕