គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារហ្វឹកហ្វឺនកូនជាងសរុបប្រមាណ ១០,៦ម៉ឺននាក់
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិតហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងប្រមាណ ១០,៦ម៉ឺននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិត ហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បានហ្វឹកហ្វឺនកូនជាងសរុបប្រមាណ ១០,៦ម៉ឺននាក់។
លោកបញ្ជាក់ថា៖«ក្រសួងសូមអបអរសាទរចំពោះបងប្អូនយើងរាប់ម៉ឺននាក់ដែលទទួលបានការបណ្ដុះបណ្ដាល ការហ្វឹកហ្វឺនកូនជាង ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៅក្នុងរោងចក្រ សហគ្រាស ដែលជាចំណែកមួយដ៏សំខាន់នៅក្នុងការពង្រឹងដល់ផលិតភាពរបស់កម្មករនិយោជិតផង ហើយក៏ជាចំណែកសំខាន់មួយនៅក្នុងរោងចក្រ សហគ្រាស ដើម្បីបង្កើនផលិតភាព និងបង្កើតការប្រកួតប្រជែង ហើយយើងក៏នឹកឃើញចំពោះការដាក់នូវអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ក៏ចង់ឲ្យបង្កើនផលិតកាន់តែខ្ពស់ ហើយសេដ្ឋកិច្ចរបស់រោងចក្រ សហគ្រាសរីកចម្រើនកាន់តែខ្លាំងដែរ»។
លោករដ្ឋមន្រ្តី ហេង សួរ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានប្រឹងប្រែងយ៉ាងខ្លាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ធ្វើយ៉ាងណាឱ្យការអនុវត្តកាតព្វកិច្ចនេះកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគុណភាពបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។
លោកបានបន្ថែមថា ការហ្វឹកហ្វឺនកូនជាងនៅកម្ពុជាពិតជាមានគុណតម្លៃយ៉ាងខ្លាំងចំពោះវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសសម្រាប់ការអនុវត្តការហ្វឹកហ្វឺនកូនជាងប្រកបដោយគុណភាព។
លោកបានអំពាវនាវឱ្យមានការចូលរួមពីវិស័យឯកជន និងដៃគូពាក់ព័ន្ធ បន្តអនុវត្តកាព្វកិច្ចហ្វឹកហ្វឺនកូនជាង គាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា ដើម្បីបង្កភាពងាយស្រួលក្នុងការហ្វឹកហ្វឺនកូនជាងឱ្យស្របតាមបរិបទទីផ្សារការងារនៅកម្ពុជា និងបន្តផ្សព្វផ្សាយលើនីតិវិធីហ្វឹកហ្វឺនកូនជាងឱ្យកាន់តែទូលំទូលាយ៕