គណិតវិទ្យារបស់ព្រះជាម្ចាស់ខុសពីមនុស្សលោក
«គណិតវិទ្យារបស់ព្រះជាម្ចាស់ ១ + ០ = គឺសូន្យ» នេះជាពាក្យទូន្មានក្នុងធម្មទេសនារបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ក្នុងពិធីថ្វាយអភិបូជាអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន កូរ៉េ វៀតណាម នៅព្រះសហគមន៍សន្តយ៉ូសែប ជ្រៃធំ ក្នុងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ ដែលមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។
ក្នុងធម្មទេសនាដែលស្តីអំពីប្រាក់ណែន លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា ព្រះអំណោយទានរបស់ព្រះជាម្ចាស់ប្រទានឲ្យយើងខុសៗគ្នា អ្នកទទួលបានច្រើនត្រូវប្រើឲ្យច្រើន ហើយអ្នកទទួលតិចធ្វើតាមតិច ដោយបានសង្កត់ធ្ងន់ឲ្យគ្រីស្តបរិស័ទចេះទទួលខុសត្រូវខ្ពស់ចំពោះព្រះអំណោយទាន កិច្ចការងារ និងតួនាទីរបស់ខ្លួនទាំងនោះ ដោយត្រូវយកចិត្តទុកដាក់និងធ្វើ «អស់ពីសមត្ថភាព អស់ពីសេចក្តីស្រឡាញ់ អស់ពីជំនឿ អស់ពីកម្លាំងកាយកម្លាំងចិត្ត» នៅក្នុងគ្រប់វិស័យទាំងអស់។
លោកអភិបាលបានរំលឹកថា ប្រសិនបើធ្វើអស់ពីសមត្ថភាព នោះព្រះជាម្ចាស់នឹងលើកតម្កើង ប៉ុន្តែបើគ្មានការរីកចម្រើនទេ «១+០=០» នោះមានន័យថា ព្រះជាម្ចាស់មើលឃើញសញ្ញាសម្គាល់ «អ្នកដែលគ្មានចិត្តស្មោះ អ្នកខ្ជិល អ្នកមិនយកចិត្តទុកដាក់បម្រើនិងស្រឡាញ់»។
លោកអភិបាលបន្ថែមលើសារលិខិតរបស់សម្តេចប៉ាបឡេអូទី១៤ ដោយរំលឹកឲ្យគ្រីស្តបរិស័ទស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្តាប់អ្នកដទៃដែលមានទុក្ខលំបាក ឲ្យចេះតម រួមមាន «តមនិយាយដើមគេ តមការរិះគន់គេ តមកុំឲ្យគេធ្លាក់ទឹកចិត្តដោយសារអណ្តាតរបស់យើង» និងឲ្យយើងយកចិត្តទុកដាក់ជាគ្រីស្តបរិស័ទថ្មីដែលរួមដំណើរជាមួយ ព្រះយេស៊ូគ្រីស្ត ដើម្បីឲ្យយើងទៅជាអ្នកបម្រើ ដែលព្រះជាម្ចាស់ឲ្យរង្វាន់ ដោយសារព្រះជាម្ចាស់ពេញចិត្តចំពោះយើង។
ក្នុងឱកាសឆ្នាំថ្មីនេះ លោកអភិបាលសូមព្រះជាម្ចាស់ប្រទានពរឲ្យគ្រីស្តបរិស័ទមានសុខភាពល្អ ជំនឿរឹងមាំ និងមានកម្លាំងកាយចិត្តដើម្បីធ្វើជាគ្រីស្តបរិស័ទតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
បន្ទាប់ពីអភិបូជា មានកម្មវិធីអបអរឆ្នាំថ្មី ដោយមានពិធីចាក់ស្រាជូនពរ និងការសម្តែងមុងសាយ ក្រោយមកលោកអភិបាលបានចែកអាំងប៉ាវដល់គ្រីស្តបរិស័ទម្នាក់ៗ៕
ដោយកែវ កញ្ញា