ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ
ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។
ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។
នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។
លោកស្រីបានបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំងក្នុងនាមជាគ្រីស្តបរិស័ទមកពីសាលាកាតូលិក ដោយលោកស្រីបានសង្កត់ធ្ងន់ថា ទោះបីជាយើងមានជំនឿសាសនាផ្សេងគ្នាក៏ពិតមែន ប៉ុន្តែយើងមានវប្បធម៌តែមួយ គឺវប្បធម៌ខ្មែរ ដែលទាមទារឱ្យមានការចូលរួមលើកស្ទួយ និងថែរក្សារបាំខ្មែរឱ្យបានគង់វង្សជារៀងរហូត។
លោកស្រីនាយិការងបានបន្ថែមទៀតថា ភាពជោគជ័យនៃក្រុមសិល្បៈរបស់សាលា កើតចេញពីការបណ្តុះបណ្តាលតាមស្តង់ដាត្រឹមត្រូវ ដោយមានលោកគ្រូអ្នកគ្រូជំនាញៗដែលសុទ្ធសឹងតែអញ្ជើញមកពីសាលាវិចិត្រសិល្បៈខេត្តតាកែវផ្ទាល់។ ជាក់ស្តែង នៅក្នុងអង្គពិធីទាំងមូល ក្រុមការងារទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ខណៈដែលការសម្តែងរបស់សិស្សកម្រិតអនុវិទ្យាល័យ ត្រូវបានគេវាយតម្លៃថាមានសមត្ថភាពខ្ពស់ដូចអ្នកអាជីព និងមានការទាក់ទាញជាខ្លាំងពីសំណាក់គណៈអធិបតី និងសាធារណជន។
ពាក់ព័ន្ធនឹងបច្ចេកទេសសម្តែង លោក អ៊ំ សាមាន អ្នកសម្របសម្រួលការិយាល័យសិល្បៈរបស់ព្រះសហគមន៍ បានឱ្យដឹងថា ក្រុមសិល្បៈបានលើកយករបាំចំនួនពីរមកបង្ហាញ គឺល្ខោនខោល និងរបាំនេសាទ ដែលសុទ្ធតែទទួលបានការសាទរយ៉ាងខ្លាំងតាមរយៈស្នូរទះដៃកងរំពង។
លោកបានបញ្ជាក់ថា សាលាសន្តហ្វ្រង់ស្វ័រមានកម្មវិធីសិក្សាសិល្បៈច្បាស់លាស់សម្រាប់សិស្សពីថ្នាក់ទី១ ដល់ទី១១ ដោយមានទាំងផ្នែករបាំបុរាណ-ប្រពៃណី ភ្លេងពិណពាទ្យ យីកេ បាសាក់ និងភ្លេងសម័យ ទៅតាមជំនាញរបស់សិស្សម្នាក់ៗ។
ជាចុងក្រោយ លោកស្រី ឡៃ មករា ក៏បានផ្ញើសារដាស់តឿនដល់យុវជនជំនាន់ក្រោយថា មរតកវប្បធម៌ដែលដូនតាបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារ គឺស្ថិតនៅលើដៃរបស់ក្មួយៗទាំងអស់គ្នា។ ទោះបីមានសាសនាផ្សេងគ្នា ប៉ុន្តែយើងជាខ្មែរតែមួយ ដូច្នេះត្រូវរួមគ្នារក្សា និងផ្សព្វផ្សាយឱ្យសកលលោកបានឃើញពីភាពអស្ចារ្យនៃដួងព្រលឹងខ្មែរ។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមសិល្បៈសាលាសន្តហ្វ្រង់ស្វ័របានបង្ហាញខ្លួន ពួកគេធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ធំៗជាច្រើនដងរួចមកហើយ ទាំងក្នុងកម្រិតខេត្ត និងកម្រិតជាតិ៕
ដោយឆាក លាំង