ក្រុមលោកអភិបាលកាតូលិកនៅទ្វីបអាហ្រ្វិកពិភាក្សាអំពីចក្ខុវិស័យឆ្នាំ ២០២៥-២០៥០

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកបានជួបប្រជុំគ្នានៅក្នុងមហាសន្និបាតលើកទី២០ នៅទីក្រុង គីហ្គាលី ប្រទេសរ៉ូវ៉ាន់ដា ដើម្បីពិភាក្សាអំពីចក្ខុវិស័យថ្មី គឺពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៥០។
ប្រភពដដែលបានរាយការណ៍ថា ព្រឹត្តិការណ៍នេះមានការចូលរួមដោយលោកអភិបាលព្រះសហគមន៍ កាតូលិកជាង ២៥០ រូបតំណាងព្រះសហគមន៍នៅទូទាំងទ្វីបអាហ្រ្វិក។
ប្រភពដដែលបានបន្ថែមថា អ្នកដែលចូលរួមក៏មានតំណាងលោកអភិបាលនៃព្រះសហគមន៍មកពីគ្រប់ទ្វីបទាំងអស់ដូចជាអាស៊ី អាមេរិកឡាទីន អាមេរិកខាងជើង និងអឺរ៉ុប ហើយក៏មាននាយករដ្ឋមន្ត្រីប្រទេសរ៉ូវ៉ាន់ដាផងដែរ។
នៅក្នុងជំនួបនេះគេបានប្រើប្រាស់ភាសាទាំងអង់គ្លេសនិងបារាំង ដើម្បីចែករំលែក និង ដកស្រង់បទពិសោធនៃការប្រកាសដំណឹងល្អ។
នៅទីបញ្ចប់នៃព្រឹត្តិការណ៍នេះ ក្រុមលោកអភិបាលទាំងអស់ ប្តេជ្ញាថានឹងរួមគ្នាដាក់ចេញនូវយុទ្ធសាស្រ្តប្រកាសដំណឹងល្អឱ្យកាន់តែប្រសើរឡើងក្នុងការធ្វើការរួមគ្នាដើម្បីប្រឈមមុខនឹងបញ្ហា ទូទៅដែលកំពុងប្រឈមមុខនឹងព្រះសហគមន៍កាតូលិកនៅអាហ្វ្រិក៕
Daily Program
